Admin, 11 hours ago
ក្រុមហ៊ុនរួមទុន EMT របស់ Chery នឹងដាក់សម្ពោធរថយន្តប្រភេទ K-car (kei car) ម៉ាក Emta នៅក្នុងឆ្នាំ 2027 ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយម៉ូដែល BYD Racco។ រថយន្តអគ្គិសនី (EV) ថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធអាគុយដែលផលិតដោយក្រុមហ៊ុន Gotion។ ម៉ាកយីហោ Emta គ្រោងនឹងពង្រីកបញ្ជីផលិតផលឱ្យបានរថយន្តចំនួន 4 ម៉ូដែល ត្រឹមចុង 2029។
Emta គឺជាម៉ាករថយន្តស្ថិតនៅក្រោមក្រុមហ៊ុន Electric Mobility Technologies (EMT) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ វាគឺជាក្រុមហ៊ុនរួមទុនរវាង Chery Automobile (កាន់កាប់ភាគហ៊ុន 27.27%), Jiangsu Yueda Automobile Group (27.27%), Autobacs Seven (18.18%), Gotion (18.18%) និង Anest (9.09%)។ ថ្វីបើថ្នាក់ដឹកនាំម៉ាកយីហោនេះនិយមសរសេរជាអក្សរពុម្ពធំ "EMTA" ប៉ុន្តែវាមិនមែនជាពាក្យកាត់នោះទេ ។
យោងតាមព័ត៌មានផ្លូវការ ក្រុមហ៊ុន Chery នឹងដើរតួជាអ្នកផ្តល់បច្ចេកវិទ្យា ដោយរថយន្ត Emta នឹងប្រើប្រាស់នូវគ្រោងតួ ប្រព័ន្ធបើកបរអគ្គិសនី និងបច្ចេកវិទ្យាជំនួយការបើកបរពីក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Wuhu (Chery) មួយនេះ។ ចំណែកឯការដំឡើង និងផលិតកម្មយានយន្ត នឹងត្រូវធ្វើឡើងនៅរោងចក្រ Yancheng របស់ក្រុមហ៊ុន Yueda ដែលជារោងចក្រធ្លាប់ទទួលខុសត្រូវលើការផលិតរថយន្ត Kia និង HiPhi។ កាលពីមុនធ្លាប់មានពាក្យចចាមអារ៉ាមថា Chery នឹងទិញយករោងចក្រនេះ ប៉ុន្តែតាមពិតទៅ វាមិនមែនជាការទិញយកនោះទេ តែជាគម្រោងរួមទុនដែលផ្តោតលើការនាំចេញ។
ក្រុមហ៊ុន Gotion ដែលជាដៃគូរយៈពេលវែងរបស់ Chery នឹងធ្វើការផ្គត់ផ្គង់អាគុយសម្រាប់រថយន្ត Emta ខណៈក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តរបស់ជប៉ុន Autobacs Seven នឹងទទួលបន្ទុកលើបណ្តាញបែងចែក និងប្រព័ន្ធលក់។ ចំពោះក្រុមហ៊ុន Anest វិញ នឹងមើលការខុសត្រូវលើផ្នែកគាំទ្រគុណភាព។ គួរកត់សម្គាល់ផងដែរថា ថ្នាក់ដឹកនាំរបស់ Chery បានដកខ្លួនឱ្យនៅឆ្ងាយពីគម្រោងនេះ ដោយបានថ្លែងជាផ្លូវការថា ពួកគេដើរតួត្រឹមតែជាអ្នករំលែកភាគហ៊ុនប៉ុណ្ណោះ និងមិនចូលរួមក្នុងការប្រតិបត្តិការ ឬការគ្រប់គ្រងប្រចាំថ្ងៃនោះឡើយ។
តំណាងក្រុមហ៊ុន Emta បានចែករំលែកថា គំនិតផលិតផល និងការសម្រេចចិត្តលើការរចនា គឺដឹកនាំដោយក្រុមការងារជប៉ុន ដែលមានប្រវត្តិការងារធ្លាប់ធ្វើនៅក្រុមហ៊ុន Honda និង Mazda។ ប្រធានផ្នែកទីផ្សារ (CMO) នៃម៉ាកនេះ គឺលោក Susumu Uchikoshi អតីតអគ្គនាយកក្រុមហ៊ុន Nissan China ខណៈតំណាងនាយកប្រតិបត្តិ (CEO) គឺលោក He Xiaoqing អតីតប្រធានក្រុមហ៊ុន Changan Ford។ Emta មានផែនការដាក់លក់រថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុននៅឆ្នាំ 2027 និងមានគោលដៅណែនាំ 3 ម៉ូដែលបន្ថែមទៀតទៅកាន់ទីផ្សារក្នុងស្រុក។ ក្នុងករណីទទួលបានជោគជ័យ Emta នឹងពិចារណាបង្កើតរោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីឆ្នាំ 2030។
រថយន្តដំបូងបង្អស់របស់ Emta យានយន្តដំបូងគេបង្អស់ក្រោមម៉ាក Emta គឺជារថយន្តប្រភេទ K-car រាងប្រអប់។ ឈ្មោះផ្លូវការរបស់វាមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញមានអក្សរចារឹក “#01” នៅលើទ្វារឡាន ដែលវាអាចជាសញ្ញាបង្ហើបថារថយន្ត EV នេះនឹងត្រូវហៅថា Emta #01។ ផ្នែករូបរាងខាងក្រៅ រថយន្ត K-car នេះមើលទៅដូចជាកំណែទម្រង់ទ្វារប្រាំ (five-door) នៃរថយន្តអគ្គិសនីខ្នាតតូចសម្រាប់ទីក្រុង ម៉ូដែល Chery QQ Ice Cream ដែលបានដាក់លក់នៅក្នុងប្រទេសចិនកាលពីឆ្នាំ 2021។
Emta #01 មានចង្កៀងមុខរាងដុំៗ, សសរដំបូលពណ៌ខ្មៅ និងកាងខាងមុខរចនាបែបសាមញ្ញ (minimalistic)។ វាក៏មានកញ្ចក់មើលក្រោយចំហៀងទំហំតូចខុសពីធម្មតា ដែលជាក់ស្តែងវាអាចជាកាមេរ៉ាឌីជីថល។ រថយន្ត Emta K-car នេះមានប្រវែង 3.4ម៉ែត្រ និងទទឹង 1.48 ម៉ែត្រ។ ថ្នាក់ដឹកនាំម៉ាកយីហោនេះបានសង្កត់ធ្ងន់ថា យានយន្តនេះមានសមត្ថភាពការពារសុវត្ថិភាពពេលមានការប៉ះទង្គិច (collision safety performance) ប្រហាក់ប្រហែលនឹងរថយន្តខ្នាតធំដែរ។ ទោះជាយ៉ាងណា លក្ខណៈបច្ចេកទេសលម្អិត, ស៊េរី option និងតម្លៃរបស់ Emta #01 មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
សម្រាប់រថយន្តម៉ូដែលបន្ទាប់ៗរបស់ Emta រួមមានប្រភេទ Hatchback, SUV និង Minivan។ ត្រឡប់មកកាន់ម៉ូដែល Emta #01 វិញ វានឹងព្យាយាមចូលខ្លួនមកប្រកួតប្រជែងជាមួយរថយន្ត K-car ម៉ូដែល BYD Racco ដែលនឹងឈានជើងចូលទីផ្សារជប៉ុនក្នុងពេលឆាប់ៗខាងមុខ ជាមួយតម្លៃប្រហែល 15,670 ដុល្លារអាមេរិក។ បច្ចុប្បន្ន BYD និង Chery កំពុងតែប្រជែងគ្នាយ៉ាងខ្លាំងលើតំណែងជាក្រុមហ៊ុននាំចេញរថយន្តធំបំផុតរបស់ប្រទេសចិន។ យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន BYD បាននាំចេញរថយន្តចំនួន 135,098 គ្រឿងក្នុងខែមេសា ឆ្នាំ 2026 ខណៈការនាំចេញរបស់ Chery សម្រេចបានរហូតដល់ 177,573 គ្រឿងក្នុងរយៈពេលដូចគ្នា។
Emta’s upcoming lineup
The BYD Racco. Credit: BYD
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
