Admin, 28 February 2026
រថយន្ត Corvette មានប្រវត្តិជារថយន្តប្រណាំងដ៏យូរអង្វែង និងល្បីល្បាញអស់រយៈពេល 70ឆ្នាំមកហើយ ដោយបានចូលរួមប្រកួតប្រជែងដោយជោគជ័យ ក្នុងព្រឹត្តិការណ៍ល្បីៗកម្រិត ពិភពលោកដូចជា 24 Hours of Le Mans, 12 Hours of Sebring និង 24 Hours at Daytona ជាដើម។ ប៉ុន្តែក្នុងរយៈពេលដ៏យូរនោះ មានទីលានប្រណាំងមួយ និងការប្រកួតដ៏ពិសេសមួយ ដែលបានបាត់វត្តមានពីបញ្ជីសមិទ្ធផលរបស់វា។ នៅទីបំផុត ឆ្នាំ 2026 គឺជាឆ្នាំដែល Chevy នឹងនាំយករថយន្ត Corvette Z06 GT3.R ទៅកាន់ទីលាន Mount Panorama ដ៏ល្បីល្បាញ របស់ប្រទេសអូស្ត្រាលី ដើម្បីប្រកួតក្នុងកម្មវិធី Bathurst 12 Hour។ ដើម្បីធ្វើឱ្យអ្នកគាំទ្រ Corvette កាន់តែរំភើប ក្រុមហ៊ុនផលិតរថយន្តនេះ ក៏បានបញ្ចេញម៉ូដែលផលិតស៊េរីពិសេស មួយ ដើម្បីអបអរសាទរឱកាសនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមិនសូវល្អ៖ រថយន្ត Chevrolet Corvette Z06 Bathurst 12 Hour Special Edition 2026 នឹងត្រូវបានផលិតក្នុងចំនួនកំណត់បំផុតគឺត្រឹមតែ 12 គ្រឿង ប៉ុណ្ណោះ ហើយនឹងមានលក់តែនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ តែប៉ុណ្ណោះ។ និយាយឱ្យចំទៅ នេះគឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ Corvette ដែលស្គាល់ច្បាស់ពីការប្រណាំងដ៏ល្បីល្បាញមួយនេះ។
ការបំពាក់គ្រឿងបង្គុំ និងរូបរាង
ចំពោះផ្នែកគ្រោងឆ្អឹងវិញ រថយន្ត Z06 ស៊េរីពិសេសនេះ នឹងត្រូវបានបង្កើតឡើងនៅលើម៉ូដែល 3LZ Coupe និងរួមបញ្ចូលនូវកញ្ចប់សមត្ថភាព Z07 Performance Package។
- ពណ៌ខាងក្រៅ៖ ប្រើពណ៌ប្រាក់ Switchblade Silver អមដោយពណ៌ខ្មៅ Carbon Flash នៅលើផ្នែកខ្យល់ (Ground effects) និងស្លាបកន្ទុយក្រោយ ក៏ដូចជាស្លាកសញ្ញា និងកញ្ចក់មើលក្រោយផងដែរ។ ផ្នែកដំបូលត្រូវបានស្រោបដោយថ្នាំរលោងថ្លា ដើម្បីបង្ហាញពីសរសៃកាបូន (Carbon’s weave pattern) ដែលមានទម្ងន់ស្រាលបំផុត។
- ក្រាហ្វិកលម្អ៖ មានបំពាក់នូវក្រាហ្វិក "Jake" C8.R នៅលើដំបូលមុខ និងផ្នែកខាងក្រោយ ដើម្បីបញ្ជាក់ពីទំនាក់ទំនងទៅនឹងការប្រណាំង។ វាក៏មានស្ទីគ័រផ្តាច់មុខ "Bathurst 12 Hour" ដែលមានរូបរាងគំនូសបំព្រួញនៃទីលានប្រណាំងនោះផងដែរ។
- កង់ និងហ្វ្រាំង៖ ប្រើថាសកង់ Spider Black អាលុយមីញ៉ូមទំហំ 20 អ៊ីញនៅខាងមុខ និង 21 អ៊ីញនៅខាងក្រោយ គ្របពីលើដង្កៀបហ្វ្រាំងពណ៌ខៀវ និងបំពាក់សំបកកង់ Michelin Pilot Sport Cup 2 R។
ផ្នែកខាងក្នុង៖ កាប៊ីនរថយន្តបំពាក់ដោយស្បែក Napa ពណ៌ខ្មៅ Jet Black និងពណ៌ខៀវ Santorini Blue នៅលើកៅអី Competition Seats ជាមួយខ្សែក្រវាត់សុវត្ថិភាពពណ៌ខៀវ។ ផ្នែកផ្សេងទៀតត្រូវបានតុបតែងដោយ Carbon-fiber និង Stealth trim រួមជាមួយផ្លាកលេខ សម្គាល់ពិសេស Bathurst 12 Hour នៅមាត់ទ្វារ ដែលមានលេខរៀងពី 1 ដល់ 12។ អ្នកទិញរថយន្តនេះ ក៏នឹងទទួលបានកាដូបន្ថែមដូចជា រូបភាពសិល្បៈច្នៃប្រឌិត, ក្រណាត់គ្របឡានក្នុងផ្ទះដែលមានរូប Corvette GT3.R និងកញ្ចប់សម្ភារៈអនុស្សាវរីយ៍ពី Corvette Racing ផងដែរ។
តើអ្វីដែលធ្វើឱ្យទីលាន Bathurst មានភាពពិសេស?
សម្រាប់អ្នកដែលមិនសូវស្គាល់ទីលាននេះ ទីលាន Mount Panorama Circuit ដែលមាន ទីតាំងនៅ Bathurst រដ្ឋ New South Wales ប្រទេសអូស្ត្រាលី គឺជាកន្លែងដ៏ពិសេសដោយសារ ទីតាំងតែមួយគត់របស់វា។ វាត្រូវបានសាងសង់ឡើងនៅលើភ្នំដែលមានជញ្ជាំងផ្លូវតូចចង្អៀត និងផ្លូវចំណោតខ្លាំង។ ការបើកបរឡើងភ្នំដែលមានកម្ពស់ 174 m និងល្បឿនដ៏លឿននៅ លើ ផ្លូវត្រង់ Conrod Straight គឺជាចំណុចកំណត់អត្តសញ្ញាណរបស់ទីលាននេះ។ តាមបច្ចេកទេសទីលាននេះគឺជាផ្លូវសាធារណៈដែលត្រូវបានបិទសម្រាប់តែការប្រណាំងជារៀងរាល់ឆ្នាំប៉ុណ្ណោះ។
បច្ចុប្បន្ន Chevrolet មិនទាន់បានផ្តល់ព័ត៌មានអំពីតម្លៃ ឬកាលបរិច្ឆេទចែកចាយនៅឡើយទេ ប៉ុន្តែប្រសិនបើអ្នករស់នៅអូស្ត្រាលី ឬនូវែលហ្សេឡង់ ហើយទើបតែចាប់ផ្តើមសួររកទិញ រថយន្តនេះនៅពេលឥឡូវ នោះវាប្រហែលជាយឺតពេលបាត់ទៅហើយ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
