Admin, 02 September 2026
តំណាងផ្លូវការរបស់ម៉ាកយីហោនេះ បានលាតត្រដាងថា រថយន្ត Crossover ប្រភេទ EREV ម៉ូដែល Freelander 8 នឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន នៅថ្ងៃទី 3 ខែកញ្ញា។ វាជារថយន្តប្រណីតលំដាប់ខ្ពស់ខ្នាតធំពេញតួ (full-size high-end model) ដែលបំពាក់ម៉ូទ័រឌុបប្រភេទ (AWD) បង្កើតកម្លាំងបាន 610 kW (818 សេះ) ដែលអាចបើកបរបានដោយថាមពលអគ្គិសនីសុទ្ធរយៈចម្ងាយ 310 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ CLTC។
Freelander 8 ជារថយន្តស៊េរីថ្មីចុងក្រោយបង្អស់ ដែលចេញពីក្រុមហ៊ុនរួមទុន Chery Jaguar Land Rover (CJLR)។ វាត្រូវបានកំណត់ទីតាំងជារថយន្តស្នងតំណែងពីរថយន្ត SUV ម៉ូដែល Land Rover Freelander ដែលត្រូវបានបញ្ឈប់ការផលិតកាលពីឆ្នាំ 2014 ជាមួយនឹងការដាក់លក់ម៉ូដែល Discovery Sport។ កាលពីមុន រថយន្ត Freelander 8 បានចាប់ផ្តើមការទទួលកក់ទុកមុន (presales) នៅក្នុងប្រទេសចិន ជាមួយនឹងកម្រិតតម្លៃចន្លោះពីប្រហែល 50,580 ដល់ 68,440 ដុល្លារអាមេរិក។ វាក៏ត្រូវបានគេមើលឃើញនៅក្នុងរដ្ឋអ៊ែមៀរ៉ាតអារ៉ាប់រួម (UAE) ក្នុងអំឡុងពេលធ្វើតេស្តលើផ្លូវថ្នល់ផងដែរ ដែលជាសញ្ញាបង្ហាញពីការត្រៀមខ្លួនសម្រាប់វាយលុកទីផ្សារសកលនាពេលខាងមុខ។
Freelander 8 ជារថយន្ត SUV ខ្នាតធំពេញតួ ដែលមានវិមាត្រ៖ ប្រវែង 5,118 មីឡីម៉ែត្រ, ទទឹង 2,050 មីឡីម៉ែត្រ និងកម្ពស់ 1,898 មីឡីម៉ែត្រ។ ភាពច្បាស់លាស់ វាមានប្រវែងវែងជាងរថយន្ត Land Rover Freelander ជំនាន់ទីមួយរហូតដល់ 736 មីឡីម៉ែត្រ។ ប្រវែងចន្លោះកង់មុខក្រោយនៃរថយន្ត SUV ថ្មីនេះ (Wheelbase)លាតសន្ធឹងដល់ 3,040 មីឡីម៉ែត្រ។ រថយន្តនេះប្រើប្រាស់យ៉ាន់កង់ទំហំ 21 ឬ 22 អ៊ីញ ដោយបំពាក់ផ្តាច់មុខនូវសំបកកង់ Pirelli P Zero Elect។ រថយន្ត Freelander 8 អាចអូសសណ្តោងទម្ងន់បានរហូតដល់ 2,000 គីឡូក្រាម ហើយវាមានកម្ពស់ផុតពីដី 220 មីឡីម៉ែត្រ។ លើសពីនេះ រថយន្តប្រើប្រាស់ប្រព័ន្ធបូមខ្យល់បន្ទប់ឌុប (dual-chamber air suspension) និងប្រព័ន្ធបត់ជើងកង់ក្រោយ (rear-wheel steering) ដោយមានកាំកង់បត់ (turning radius) ត្រឹមតែ 5.15 ម៉ែត្រប៉ុណ្ណោះ។
កាប៊ីនខាងក្នុងរបស់ Freelander 8 ប្រើប្រាស់ទម្រង់ប្លង់កៅអីពីរជម្រើស គឺប្រភេទ 5 កៅអី និង 6 កៅអី។ តាបឡូមុខឡានបំពាក់អេក្រង់ធំទំហំ 46.3 អ៊ីញ នៅខាងក្រោមកញ្ចក់មុខ ដែលដើរតួជាផ្ទាំងកុងទ័រ LCD។ ម៉ូដែលនេះក៏មានអេក្រង់ Touchscreen ទំហំ 15.6 អ៊ីញ ដែលគាំទ្រប្រព័ន្ធ Apple CarPlay និង Huawei HiCar ផងដែរ។ កៅអីជួរទីពីររបស់ Freelander 8 បំពាក់មុខងារម៉ាស្សារ 16 ចំណុច ហើយក៏មានអេក្រង់ទំហំ 17.3 អ៊ីញ ព្យួរនៅលើដំបូលផងដែរ។ ចំណុចលេចធ្លោផ្សេងទៀត រួមមាន៖ ទូទឹកកកភ្ជាប់ក្នុងឡានចំណុះ 10លីត្រ និងតុប្រដាប់ដែលអាចបត់បាន។
Freelander 8 ជារថយន្តប្រភេទ EREV ដែលមានម៉ាស៊ីនសាំង 1.5 លីត្រ សម្រាប់ពង្រីកចម្ងាយនៅក្រោមគម្របម៉ាស៊ីន។ វាផ្តល់ថាមពលដល់កញ្ចប់អាគុយ LFP ទំហំ 60.3 kWh ដែលសក្តិសមសម្រាប់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 310 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ CLTC។ Freelander 8 ដំឡើងមកជាស្តង់ដារជាមួយប្រព័ន្ធបើកបរវិលពេញកង់ម៉ូទ័រឌុប (dual-motor AWD) កម្លាំង 610 kW (818 សេះ) និងកម្លាំងរមួល 813 Nm។ រថយន្តនេះស្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 4.6 វិនាទី។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
