Admin, 21 February 2026
តើអ្នកធ្លាប់ចាប់អារម្មណ៍លើកង់ចង្កូតស្រោបស្បែករបស់ Mazda CX-5 (Mazda បញ្ចេញរថយន្ត SUV សេរី 2026 Mazda CX 5 ម៉ូដែល)ដែរឬទេថា ថ្នេរដេរត្រូវ បានដេរយ៉ាងផ្ចិតផ្ចង់ឱ្យមានជួរដេកត្រង់ស្មើគ្នា? ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សភាគ ច្រើនដែល Mazda គិតថាមិនដែលចាប់អារម្មណ៍ ឬមិនខ្វល់ខ្វាយពីចំណុចនេះ នោះអ្នក ប្រហែលជាមិនមានអារម្មណ៍ទាស់ចិត្តឡើយ ចំពោះការផ្លាស់ប្តូរដ៏តូចតាចជាច្រើនដែល ក្រុមហ៊ុនបានធ្វើចំពោះរថយន្ត CX-5 ជំនាន់ទី 3 ថ្មីមួយនេះ។
នៅពេលដែល Mazda CX-5 ស៊េរីឆ្នាំ 2026 ដែលត្រូវបានរចនាឡើងវិញ ចាប់ផ្តើមដាក់លក់ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ថ្នេរដេរនៅលើចង្កូតរបស់វានឹងមានរាងទ្រេត ដូចទៅនឹងរថយន្តដែលជាគូប្រជែងភាគច្រើនផងដែរ។ ទោះបីជាវិធីដេរថ្នេរចាស់របស់ Mazda មើលទៅប្រណីតជាងគេក៏ដោយ ប៉ុន្តែនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ (CFO) របស់ Mazda លោក Jeffery Guyton បានប្រាប់សារព័ត៌មាន Automotive News ថា ក្រុមហ៊ុនបានដឹងថាអតិថិជនមិនបានផ្ដល់តម្លៃលើជាងដេរស្រោមដែលមានតម្លៃថោកជាង ដែលនឹងត្រូវបង្ហាញវត្តមានលើ CX-5 ថ្មីនោះទេ។
ដោយសារបច្ចុប្បន្ន Mazda ផលិតតែម៉ូដែល CX-50 ប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក រីឯ ម៉ូដែលផ្សេងទៀតនៅក្នុងស្រឡាយរបស់ខ្លួនត្រូវបានរងផលប៉ះពាល់ដោយពន្ធគយពី 15 ទៅ 25 ភាគរយ ដែលដាក់ចេញដោយរដ្ឋបាលរបស់លោក Trump។ ពន្ធបន្ថែមនេះវាបានធ្វើអោយកាត់បន្ថយប្រាក់ចំណេញ ដែលបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តនេះត្រូវច្នៃប្រឌិតរកវិធីសន្សំ សំចៃ ថ្លៃដើម ដោយមិនឱ្យប៉ះពាល់អវិជ្ជមានដល់ការផលិតផលរថយន្តរបស់ខ្លួន។ លោក Guyton បានប្រាប់ AN ថា៖ "និយាយឱ្យសាមញ្ញ យើងដាក់លុយវិនិយោគនៅកន្លែងណាដែលអតិថិជននឹងមើលឃើញ ហើយយើងព្យាយាមស្វែងរកប្រសិទ្ធភាពថ្លៃដើមនៅកន្លែងណាដែលអតិថិជនមិនសូវផ្ដល់តម្លៃ ឬមើលមិនឃើញ"។
ទោះបីជាថ្នាក់ដឹកនាំ Mazda រូបនេះមិនបានរៀបរាប់លម្អិតអំពីវិធានការកាត់បន្ថយថ្លៃដើម "ដ៏ច្រើនសន្ធឹកសន្ធាប់" ផ្សេងទៀតក៏ដោយ ប៉ុន្តែយើងអាចធ្វើការប៉ាន់ស្មានបានថា ការបោះបង់ចោលនូវប៊ូតុងបញ្ជាបែបបុរាណ (Physical switchgear) ដែលធ្លាប់មានច្រើនលើរថយន្ត SUV ខ្នាតតូចនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនោះ។ អតិថិជនប្រាកដជាពេញចិត្តនឹងអេក្រង់ប៉ះទំហំ 15.6 អ៊ីញថ្មី និង Software Google ដែល បំពាក់មកជាមួយ ប៉ុន្តែមហាជនក៏ធ្លាប់បានត្អូញត្អែរអំពីរថយន្តដែលពឹងផ្អែកខ្លាំងពេកលើ ការបញ្ជាតាមរយៈថាច់ស្រ្គីន (Touch-sensitive controls) ផងដែរ ដូចករណីក្រុមហ៊ុន Volkswagen ជាដើម។ វាគឺជាជម្រើសមួយដែលយើងមិនសូវពេញចិត្តឡើយ ប៉ុន្តែយើងមានតែរង់ចាំរហូតដល់បានសាកល្បងបើកបរ Mazda CX-5 ថ្មីដោយផ្ទាល់ ដើម្បីចង់ដឹងថា តើការផ្លាស់ប្តូរដែលលាក់បាំងទាំងនោះ ពិតជាអាចកត់សម្គាល់ឃើញ ឬក៏អត់៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
