Admin, 01 August 2026
ពាក្យថា "Hyperbike" ជារឿយៗត្រូវបានគេយកមកប្រើប្រាស់នៅពេលណាដែលក្រុមហ៊ុនផលិតម៉ូតូបំពាក់ប្រព័ន្ធទ័របូ (turbocharger) ទៅលើម៉ូតូដែលមានតម្លៃថ្លៃ និងមានល្បឿនលឿន។ ទោះជាយ៉ាងណាក៏ដោយ រោងជាងកែច្នៃម៉ូតូ Diamond Atelier ដែលមានមូលដ្ឋាននៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ជឿជាក់ថាខ្លួនបានបោះជំហានទៅមុខមួយកម្រិតទៀតជាមួយម៉ូឌែល DA#22 ដែលជាម៉ាស៊ីនមួយដែលខ្លួនពិពណ៌នាថាជា Hyperbike ពិតប្រាកដដំបូងគេលើពិភពលោក។
ត្រូវបានដាក់បង្ហាញជាសាធារណៈជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ 2026 Goodwood Festival of Speed ម៉ូឌែល DA#22 មិនបានចាប់ផ្តើមចេញពីម៉ាស៊ីន ឬគ្រោងឆ្អឹងនោះទេ ប៉ុន្តែបានចាប់ផ្តើមចេញពីគំនិតច្នៃប្រឌិតរចនាម៉ូដ។ ត្រូវបានស្គាល់ជាផ្ទៃក្នុងថា Project ULTRON ម៉ូតូនេះត្រូវបានគេបង្កើតឡើងជារូបរាងអនាគតថ្មីស្រឡាងទាំងស្រុងជាមុនសិន បន្ទាប់មកទើបបច្ចេកទេសប្រព័ន្ធមេកានិចត្រូវបានរៀបចំតម្រូវទៅតាមរូបរាងខាងក្រៅវិញ។
នៅខាងក្រោមសំបកអាលុយមីញ៉ូមដែលធ្វើដោយដៃ គឺជាកម្លាំងម៉ាស៊ីនដ៏រឹងមាំរបស់អូទ្រីស គឺម៉ាស៊ីន KTM LC8 V-twin ដែលដកស្រង់ចេញពីម៉ូឌែល 1290 Super Duke។ Diamond Atelier អះអាងថា កម្លាំងទិន្នផលរបស់វាមានលើសពី 205សេះ (205bhp) ដែលធ្វើឱ្យវាស្ថិតនៅក្នុងដែនកំណត់នៃម៉ូតូ Superbike ទំនើប — ទោះបីជាវាមានរូបរាងប្លែកភ្នែកជាងម៉ូតូថ្នាក់លីត្រទូទៅក៏ដោយ។
សិល្បៈនៃការរចនាតួខ្លួន និងគ្រឿងបំពាក់
តួខ្លួនខាងក្រៅ (bodywork) គឺពិតជាចំណុចទាក់ទាញបំផុតនៃព្រឹត្តិការណ៍។ ត្រូវបានបង្កើតឡើងដោយលោក Marvin Diehl នៃរោងជាង KRT Framework បន្ទះអាលុយមីញ៉ូមនីមួយៗត្រូវបានកែច្នៃ និងរៀបចំរូបរាងដោយដៃយ៉ាងផ្ចិតផ្ចង់ ដែលចំណាយពេលអស់ជាង 800ម៉ោង។ ការរចនាជាលទ្ធផលមានសមាមាត្រខ្លីប្លែក ប្រព័ន្ធអេឡិចត្រូនិកត្រូវបានលាក់បាំង កុងទ័រត្រូវបានបិទបាំងនៅខាងក្រោមបន្ទះកញ្ចក់បង្កប់ និងផ្នែកកន្ទុយអណ្តែតដែលមើលទៅដូចជាហោះនៅពីលើកង់ក្រោយ។
ទ្រទ្រង់កញ្ចប់ម៉ូតូទាំងមូល គឺប្រព័ន្ធបូមមុខ Wilbers TYPE 46 RR ដែលដកស្រង់ចេញពីការប្រកួតប្រជែង World Superbike និងបូមក្រោយពិសេសដែលផលិតឡើងសម្រាប់គម្រោងនេះផ្ទាល់។ Diamond Atelier និយាយថា ការជ្រើសរើសគ្រឿងបន្លាស់មិនមែនផ្តោតតែលើសមត្ថភាពល្បឿនអតិបរមានោះទេ ប៉ុន្តែក៏ដើម្បីធានាថា ម៉ូតូនៅតែអាចថែទាំ និងជួសជុលបាន បើទោះជាមានការរៀបចំគ្រឿងបំពាក់យ៉ាងណែនប្រកៀកគ្នាក៏ដោយ។
គ្រឿងលម្អកម្រិតរថយន្ត Hypercar
បន្ថែមពីនេះ មានចំណុចលម្អិតជាច្រើនដែលរុញច្រាន DA#22 ឱ្យឈានចូលទៅក្នុងដែនដីនៃរថយន្ត Hypercar យ៉ាងពិតប្រាកដ៖
- គ្រឿងបំពាក់ទីតានីញ៉ូម៖ បំពង់ស៊ីម៉ាំង និងដែកប្រដាប់កែច្នៃផ្នែកលើ ត្រូវបានបោះពុម្ពជាទម្រង់ 3D ដោយក្រុមហ៊ុន Aconity3D។
- កុងតាក់ និងគម្របអំប៊្រីយ៉ា៖ ក្រុមហ៊ុន DKB Special Parts បានផ្គត់ផ្គង់កុងតាក់បញ្ជាដែលទទួលបានការបំផុសគំនិតពីរថយន្ត Formula 1 និងគម្របអំប៊្រីយ៉ាមានភ្លើងបំភ្លឺ អមដោយកញ្ចក់មើលគ្រឿងបន្លាស់ខាងក្នុង។ ចំណែកឯឈ្នាន់ជើង និងប្រព័ន្ធបញ្ជាគឺផ្គត់ផ្គង់ដោយ Gilles Tooling។
- គ្រាប់ពេជ្រពិតប្រាកដ៖ ត្រូវហើយ! មានគ្រាប់ពេជ្រពិតប្រាកដមួយគ្រាប់ត្រូវបានបំពាក់លើម៉ូតូនេះ។ គ្រាប់ពេជ្រនេះត្រូវបានដាំនៅលើប្រាក់សុទ្ធ (sterling silver) និងបំពាក់នៅចំកណ្តាលនៃប្រដាប់កែច្នៃផ្នែកលើ (upper triple clamp) ដែលជាការបកស្រាយចំៗទៅតាមឈ្មោះរបស់ក្រុមហ៊ុន (Diamond)។
បច្ចេកវិទ្យាថ្នាំពណ៌ភ្លឺដោយអគ្គិសនី
ប្រសិនបើនោះមិនទាន់គ្រប់គ្រាន់ទេ ថ្នាំពណ៌របស់ DA#22 មិនត្រឹមតែចាំងឆ្លុះពន្លឺនោះទេ ប៉ុន្តែវាអាចបង្កើតពន្លឺដោយខ្លួនឯងបាន។ ត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់គម្រោងនេះដោយលោក Alex Bloch នៅរោងជាង Stilbruch Lack ស្រទាប់ថ្នាំពណ៌នឹងបញ្ចេញពន្លឺពណ៌ក្រហមភ្លឺនៅពេលមានចរន្តអគ្គិសនីឆ្លងកាត់។ Diamond Atelier បញ្ជាក់ថា ថ្នាំពណ៌នេះត្រូវបានផលិតឡើងត្រឹមតែ ១ លីត្រប៉ុណ្ណោះ ហើយគ្រប់តំណក់ទាំងអស់ត្រូវបានបាញ់លើម៉ូតូមួយគ្រឿងនេះ ដែលមានន័យថា ម៉ូតូគំរូដើមមួយនេះមិនអាចបង្កើតឡើងវិញឱ្យដូចគ្នាបេះបិទបានទៀតឡើយ។
នាពេលបច្ចុប្បន្ន DA#22 នៅតែជាម៉ូតូគំរូដើម (prototype) ដែលអាចជិះលើផ្លូវបានដោយស្របច្បាប់ និងជាការបង្ហាញពីសមត្ថភាពច្នៃប្រឌិត ជាជាងម៉ូតូដែលផលិតចេញលក់ជាទូទៅ។ ក្រុមហ៊ុន Diamond Atelier បានឱ្យដឹងថា វាជាចំណុចចាប់ផ្តើមនៃស៊េរីផលិតផលមានកំណត់បំផុត (ultra-limited series) ដែលមានគោលដៅបំពេញចន្លោះទំនេររវាងម៉ូតូ Superbike និងរថយន្ត Hypercar ដែលជាទូទៅតែងតែគ្របដណ្តប់ក្នុងព្រឹត្តិការណ៍ Goodwood hillclimb។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
