Admin, 04 June 2026

        យោងតាមការចុះផ្សាយរបស់ Y-Auto វិស័យយានយន្តប្រើថាមពលអ៊ីដ្រូសែនរបស់ប្រទេសចិនកំពុងបន្តបោះជំហានទៅមុខហួសពីគម្រោងសាកល្បងដំបូងៗហើយ ដោយក្នុងនោះក្រុមហ៊ុន Dongfeng បានរាយការណ៍ថា ម៉ាស៊ីន fuel-cell stack កម្លាំង 400 kW របស់ខ្លួន បានក្លាយជាផលិតផលដំបូងគេបង្អស់នៅក្នុងថ្នាក់នេះ ក្នុងប្រទេសចិន ដែលបានបញ្ចប់ការផ្ទៀងផ្ទាត់ភាពធន់រយៈពេល 10,000 ម៉ោង ក្រោមស្តង់ដារជាតិចុងក្រោយបង្អស់។

រថយន្តដឹកទំនិញប្រើអ៊ីដ្រូសែននៅតែជាគោលដៅពាណិជ្ជកម្មស្នូល យានយន្តប្រើថាមពលអាគុយ ដើរដោយអ៊ីដ្រូសែន (FCEVs) នៅតែបន្តប្រមូលផ្តុំនៅក្នុងវិស័យដឹកជញ្ជូន ជាពិសេសគឺរថយន្តដឹកទំនិញធុនធ្ងន់ (heavy-duty trucks) ដែលជាកន្លែងទាមទារនូវចម្ងាយបើកបរវែង អត្រាប្រើប្រាស់ខ្ពស់ និងការចាក់បំពេញថាមពលឡើងវិញបានរហ័ស។

យោងតាមតួលេខដែលដកស្រង់ដោយ Dongfeng ការប្រកាសផ្សាយជាសាធារណៈអំពីការបញ្ជាទិញរថយន្តប្រើថាមពលអ៊ីដ្រូសែន បានកើនឡើងលើសពី 1,800 គ្រឿង ក្នុងត្រីមាសទីមួយ (រយៈពេល 4 ខែដំបូង) នៃឆ្នាំ 2026 នេះ ខណៈដែលចំនួនរថយន្តប្រើថាមពលអាគុយ សរុបនៅក្នុងប្រទេសចិនបានកើនឡើងហួសពី 20,000 គ្រឿង។ គ្រោងតួយានយន្តពាណិជ្ជកម្មប្រភេទ T1 របស់ក្រុមហ៊ុន អាចសម្រេចបានចម្ងាយបើកបររហូតដល់ 1,700 គីឡូម៉ែត្រ តាមរយៈការរៀបចំទម្រង់ផ្ទុកអ៊ីដ្រូសែនបែបម៉ូឌុល (modular hydrogen storage) ដែលរចនាឡើងសម្រាប់ប្រតិបត្តិការដឹកជញ្ជូនផ្លូវឆ្ងាយ។

ទោះជាយ៉ាងណា រថយន្តដើរដោយថាមពលអ៊ីដ្រូសែននៅតែជាផ្នែកតូចមួយនៅក្នុងទីផ្សាររថយន្តថាមពលថ្មី (NEV) របស់ចិន។ ទិន្នន័យពី China EV DataTracker បង្ហាញពីការលក់រថយន្តប្រភេទ FCEV បានត្រឹមតែ 40 គ្រឿងប៉ុណ្ណោះក្នុងខែមេសា ឆ្នាំ 2026 បើធៀបនឹងរថយន្តអគ្គិសនីសុទ្ធចំនួន 905,000 គ្រឿង និងរថយន្តប្រភេទ Plug-in Hybrid ចំនួន 439,000 គ្រឿង ក្នុងខែដដែល។ យ៉ាងណាមិញ របាយការណ៍ឧស្សាហកម្មយានយន្តអាគុយអ៊ីដ្រូសែនជាតិឆ្នាំ 2025 បានសង្កត់ធ្ងន់លើការធ្វើមូលដ្ឋានីយកម្មជាបន្តបន្ទាប់នៃគ្រឿងបង្គំសំខាន់ៗ ដោយអ្នកផ្គត់ផ្គង់ក្នុងស្រុកអាចក្តោបក្តាប់បានប្រហែល 70% នៃផ្នែកស្នូលនៃអាគុយ។

ការរចនាឡើងសម្រាប់ប្រតិបត្តិការធុនធ្ងន់ និងអាយុកាលប្រើប្រាស់វែង ម៉ាស៊ីនថាមពលអាគុយ កម្លាំង 400kW នេះ តំណាងឱ្យផលិតផលអាគុយ ដែលមានកម្លាំងទិន្នផលខ្ពស់បំផុតរបស់ Dongfeng មកទល់បច្ចុប្បន្ន។ ម៉ាស៊ីនដែលមានកម្លាំងកាន់តែខ្ពស់ អនុញ្ញាតឱ្យយានយន្ត អាចដំណើរការបានកៀកទៅនឹងកម្រិតថាមពលដែលមានប្រសិទ្ធភាពបំផុតរបស់ពួកគេ ជំនួសឱ្យការរត់ជាបន្តបន្ទាប់នៅជិតកម្រិតផ្ទុកអតិបរមា ដែលការធ្វើបែបនេះជួយកាត់បន្ថយសម្ពាធកម្ដៅ កាត់បន្ថយអត្រានៃការសឹករិ និងបង្កើនភាពធន់ក្នុងការដឹកជញ្ជូនទំនិញធ្ងន់ៗ។

ម៉ាស៊ីននេះសម្រេចបានដង់ស៊ីតេថាមពល 6.6 kW/L និងអាចបញ្ឆេះដំណើរការបានទោះបីជាស្ថិតក្នុងសីតុណ្ហភាពទាបដល់ដក 40 អង្សាសេក៏ដោយ។ ការសាកល្បងដោយភាគីទីបីបានកត់ត្រាថា អត្រានៃការធ្លាក់ចុះថាមពល​វ៉ុលរបស់កោសិកាទោល (single-cell voltage degradation rate) ជាមធ្យមគឺមានត្រឹមតែ 3.29% ប៉ុណ្ណោះ ក្នុងកំឡុងពេលដំណើរការផ្ទៀងផ្ទាត់ 10,000 ម៉ោង។ ក្រុមហ៊ុន Dongfeng និយាយថា ម៉ាស៊ីននេះត្រូវបានរចនាឡើងសម្រាប់ម៉ោងប្រតិបត្តិការរហូតដល់ទៅជាង 30,000 ម៉ោង ដោយដៅដៅលើក្រុមរថយន្តដឹកជញ្ជូនភស្តុភារផ្លូវឆ្ងាយ។

ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់អ៊ីដ្រូសែនរួមបញ្ចូលគ្នា ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានចាប់ផ្តើមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ថាមពលអាគុយតាំងពីឆ្នាំ 2002 មកម៉្លេះ ហើយបានបញ្ជាក់ថាខ្លួនបានដាក់ពង្រាយយានយន្តដើរដោយថាមពលអ៊ីដ្រូសែនជាង 9,200 គ្រឿង ឆ្លងកាត់ទីក្រុងរបស់ចិនចំនួន 45ទីក្រុង

អាជីវកម្មអ៊ីដ្រូសែនរបស់ខ្លួន គ្របដណ្តប់លើការអភិវឌ្ឍសារធាតុបំប្លែងគីមី (catalyst development), ការផលិតគ្រឿងបង្គំភ្នាសអេឡិចត្រូត (membrane electrode assembly - MEA), ការផលិតម៉ាស៊ីនថាមពលអាគុយ ការរួមបញ្ចូលប្រព័ន្ធ, វិស្វកម្មយានយន្ត និងប្រតិបត្តិការបង្ហាញសមត្ថភាព។ គ្រឿងបង្គំភ្នាសអេឡិចត្រូត (MEAs) ដើរតួជាស្នូលគីមីអគ្គិសនីនៃប្រព័ន្ធថាមពលអាគុយដោយរចនាសម្ព័ន្ធនេះគ្រប់គ្រងប្រតិកម្មរវាងអ៊ីដ្រូសែន និងអុកស៊ីសែន ព្រមទាំងគ្រប់គ្រងការដឹកជញ្ជូនប្រូតុង តុល្យភាពទឹក និងប្រសិទ្ធភាពនៃការបង្កើតថាមពល។ ការផលិត MEA នៅក្នុងស្រុក ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់បំផុតមួយក្នុងការកាត់បន្ថយថ្លៃដើមនៃអាគុយ និងបង្កើនភាពជឿជាក់រយៈពេលវែង។

បច្ចុប្បន្ន Dongfeng មានសមត្ថភាពផលិតប្រចាំឆ្នាំនូវម៉ាស៊ីន និងប្រព័ន្ធថាមពលអាគុយចំនួន 5,000 ឈុត រួមជាមួយគ្រឿងបង្គំ MEA ចំនួន 1.6 លានបន្ទះ។

ការពង្រីកការប្រកួតប្រជែងនៅក្នុងវិស័យអ៊ីដ្រូសែនរបស់ចិន ក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនកំពុងបន្តជម្រុញបច្ចេកវិទ្យាអ៊ីដ្រូសែន ទន្ទឹមនឹងកម្មវិធីរថយន្តអគ្គិសនីសុទ្ធ និងប្រភេទ Plug-in Hybrid ផងដែរ៖

កាលពីខែមេសា ម៉ាកយីហោ Deepal បានប្រកាសពីការធ្វើពាណិជ្ជកម្មនៃប្រព័ន្ធថាមពលអាគុយ ដើរដោយអ៊ីដ្រូសែនដែលខ្លួនអភិវឌ្ឍឡើងដោយផ្ទាល់ ដោយរាយការណ៍ពីសូចនាករសមត្ថភាពខ្ពស់ជាងគោលដៅស្តង់ដារក្នុងឧស្សាហកម្មប្រហែល 10%។ គម្រោងនេះបានបង្ហាញថា ក្រុមហ៊ុនផលិតរបស់ចិនជាច្រើននៅតែបន្តអភិវឌ្ឍថាមពលអាគុយ បើទោះបីជាបរិមាណលក់បច្ចុប្បន្នរបស់វិស័យនេះនៅមានកម្រិតតូចក៏ដោយ។

មកទល់ពេលនេះ Dongfeng បានប្រកាសពីម៉ូដែលយានយន្តប្រើថាមពលអាគុយ ជាង 20 ម៉ូដែល ដែលគ្របដណ្តប់លើរថយន្តដឹកទំនិញធុនធ្ងន់, រថយន្តដឹកទំនិញធុនស្រាល, រថយន្តក្រុង, រថយន្តសម្អាតអនាម័យ, រថយន្តដឹកអ្នកដំណើរ និងកម្មវិធីភស្តុភារផ្សេងៗ។ បញ្ជីបច្ចេកវិទ្យារបស់ខ្លួនបច្ចុប្បន្ន រួមមានប្រព័ន្ធថាមពលអាគុយ ចាប់ពីកម្លាំង 60 kW ដល់ 300 kW និងគ្រោងម៉ាស៊ីនចាប់ពីកម្រិត 70 kW ដល់ 400 kW



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)