Admin, 28 July 2026
ឈ្មោះរបស់ក្រុមហ៊ុន Ducati ប្រហែលជាត្រូវបានភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកេរ្តិ៍ឈ្មោះនៃជោគជ័យលើទីលានប្រណាំងផ្លូវកៅស៊ូ បន្ទាប់ពីបានចូលរួម និងឈ្នះការប្រកួតកម្រិតខ្ពស់ជាច្រើនទសវត្សរ៍ ប៉ុន្តែការសម្រេចចិត្តរបស់ម៉ាកយីហោនេះក្នុងការឈានជើងចូលទៅក្នុងពិភពប្រណាំងម៉ូតូ Motocross ក្នុងឆ្នាំ 2024 ដំបូងឡើយមើលទៅដូចជាខុសពីអត្តសញ្ញាណដើមបន្តិច។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលគឺបានបង្ហាញឱ្យឃើញភ្លាមៗ ជាមួយនឹងម៉ូតូគំរូដើម Desmo450 MX ដែលបានឈ្នះជើងឯកការប្រកួត 2024 Italian Prestige Motocross Championship ក្នុងការប្រកួតលើកដំបូង ក្រោមកណ្តាប់ដៃរបស់អ្នកជិះ លោក Alessandro Lupino។
ម៉ូឌែលផលិតផលផ្លូវការ Desmo450 MX បានឈានជើងចូលដល់ភ្នាក់ងារចែកចាយកាលពីឆ្នាំមុន ហើយក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនក៏បានដាក់ម៉ូតូប្អូនតូចដែលជាគំរូដើមគឺ Desmo250 MX ចូលរួមការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនមុនការបើកបង្ហាញជាផ្លូវការ។ នៅក្នុងការប្រកួតជើងឯកអ៊ីតាលីដដែលនោះ ក្រោមកណ្តាប់ដៃរបស់អ្នកជិះ Lupino ម៉ូតូនីក៍ទទួលបានជោគជ័យផងដែរ ទោះបីជាទទួលបានចំណាត់ថ្នាក់លេខ 2 សរុបនៅក្នុងស៊េរីក៏ដោយ។ នាពេលនេះ ម៉ូឌែលសម្រាប់អតិថិជនគឺបានត្រៀមខ្លួនរួចរាល់ហើយ ហើយនឹងមានវត្តមាននៅតាមភ្នាក់ងារចែកចាយរបស់ Ducati នៅក្នុងខែកញ្ញា។
ប្រហែលជាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ម៉ូឌែល 2027 Desmo250 MX មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង Desmo450 MX៖ គ្រោងឆ្អឹងរបស់វាគឺផ្អែកលើគ្រោងឆ្អឹងអាលុយមីញ៉ូម (aluminum perimeter frame) របស់ម៉ូតូបង ហើយតួខ្លួនខាងក្រៅ (bodywork) ក៏ត្រូវបានប្រើប្រាស់រួមគ្នារវាងម៉ូឌែលទាំងពីរផងដែរ។ ប៉ុន្តែ Ducati បានបញ្ជាក់ថា ម៉ាស៊ីនរបស់ម៉ូឌែល 250 នេះគឺត្រូវបានបង្កើតថ្មីស្រឡាងទាំងស្រុង។
បច្ចេកវិទ្យាម៉ាស៊ីន និងសមត្ថភាព
ដូចដែលឈ្មោះបានបញ្ជាក់ ម៉ាស៊ីនស៊ីឡាំងទោលរបស់ Desmo250 MX ប្រើប្រាស់ប្រព័ន្ធប្រដាប់វ៉ាល់ Desmodromic ដែលជាអត្តសញ្ញាណរបស់ Ducati ដោយលុបបំបាត់ការប្រើប្រាស់រ៉ឺស័រធម្មតាសម្រាប់បិទវ៉ាល់ ហើយជំនួសមកវិញនូវការប្រើប្រាស់ប្រព័ន្ធកាំ និងដងសង្កត់បន្ថែមដើម្បីទាញបិទវ៉ាល់ដោយផ្ទាល់។ ដូចទៅនឹងម៉ាស៊ីនប្រណាំងផ្លូវកៅស៊ូដែលបានសាងកេរ្តិ៍ឈ្មោះឱ្យ Ducati ប្រព័ន្ធនេះជួយឱ្យម៉ាស៊ីនអាចបង្វិលបានជុំយ៉ាងខ្ពស់បំផុត (extreme revs) ដោយគ្មានហានិភ័យនៃបាតុភូតវ៉ាល់ទប់មិនទាន់ (valve float) ឡើយ។
ខណៈដែល Desmo450 MX ប្រើប្រាស់រចនាសម្ព័ន្ធដូចគ្នា ដោយមានកម្លាំងអតិបរមា 63.5 hp នៅកម្រិត 9,400 ជុំ/នាទី និងមានកម្រិតក្រហមអតិបរមា (redline) 11,900 ជុំ/នាទី ផ្ទុយទៅវិញ ម៉ូឌែលតូច Desmo250 MX អាចបង្វិលជុំម៉ាស៊ីនបានរហូតដល់ទៅ 15,000 ជុំ/នាទី និងផលិតកម្លាំងសេះអតិបរមា 44.5 hp នៅកម្រិត 12,500 ជុំ/នាទី។ តួលេខនេះស្មើនឹង 178 កម្លាំងសេះក្នុងមួយលីត្រ ធៀបនឹង 141 កម្លាំងសេះក្នុងមួយលីត្ររបស់ Desmo450 MX។
Ducati បញ្ជាក់ថា ម៉ាស៊ីននេះមានទម្ងន់ត្រឹមតែ 24.6 គីឡូក្រាម (54.4 lbs.) — ស្រាលជាងម៉ាស៊ីន 450 ប្រហែល 2 គីឡូក្រាម — ហើយដោយសារតែគ្រឿងបំពាក់ភាគច្រើនទៀតគឺដូចគ្នានឹង Desmo450 MX ម៉ូតូទាំងមូលក៏មានការកាត់បន្ថយទម្ងន់ស្រដៀងគ្នាដែរ៖ Desmo250 MX មានទម្ងន់សរុប (wet weight) ត្រឹមតែ 103គីឡូក្រាម (227 lbs.) ធៀបនឹង 104.7 គីឡូក្រាម (231 lbs.) របស់ Desmo450 MX។
នៅក្នុងកម្លាំង 250cc (ប្រាកដប្រជាគឺ 249.7cc) ម៉ាស៊ីនរបស់ Desmo250 MX មានទំហំក្នុងមួយស៊ីឡាំងស្មើគ្នាទៅនឹងម៉ាស៊ីន Panigale V4 R ដ៏មានឥទ្ធិពលរបស់ Ducati។ ភាពស្រដៀងគ្នានេះគឺស៊ីជម្រៅជាងនេះទៅទៀត ដោយទំហំមុខកាត់ពីស្តុង (bore) និងប្រវែងធ្វើចលនារបស់ស្តុង (stroke) របស់ Desmo250 MX គឺដូចគ្នាទាំងស្រុងទៅនឹង Panigale V4 R គឺ 81mm x 48.4mm ដែលតួលេខនេះក៏ដូចគ្នានឹងម៉ាស៊ីន Desmosedici នៅក្នុងការប្រកួត MotoGP ផងដែរ។ នេះមានន័យថា មេរៀនដែលទទួលបានពីលំហូរឧស្ម័ន និងរូបរាងបន្ទប់ចំហេះ អាចត្រូវ បានយកមកអនុវត្តដោយផ្ទាល់នៅលើម៉ូតូ Motocross នេះ។
ប្រព័ន្ធអេឡិចត្រូនិក និងបច្ចេកវិទ្យាថែទាំ
សមត្ថភាពម៉ូតូមិនមែនមានតែលើកម្លាំងអតិបរមានោះទេ។ Ducati បានខិតខំប្រឹងប្រែងដើម្បីធានាថា ម៉ូតូមានការឆ្លើយតបបានល្អនៅកម្រិតជុំទាប (bottom end) ដែលជាគន្លឹះសំខាន់សម្រាប់ជោគជ័យក្នុងការប្រកួត Motocross ជាកន្លែងដែលការចាប់ផ្លូវ (traction) និងសមត្ថភាពស្ទុះចេញពីផ្លូវកោងមានសារៈសំខាន់ស្មើនឹងកម្លាំងម៉ាស៊ីនដែរ។
- ប្រព័ន្ធបាញ់សាំង៖ ប្រើប្រាស់ប៊ិកសាំង Mikuni ទំហំ 44mm និងមានប្រព័ន្ធអេឡិចត្រូនិកដែលអាចសារ៉េបានដើម្បីតម្រូវការបញ្ជូនកម្លាំង ជាមួយនឹងទម្រង់កម្លាំងម៉ាស៊ីន (engine maps) ចំនួនពីរដែលអាចកែច្នៃបានតាមរយៈកម្មវិធី Ducati X-Link app។
- ប្រព័ន្ធជំនួយការបើកបរ៖ រួមមាន ប្រព័ន្ធត្រួតពិនិត្យការអូសទាញ (traction control) 3 កម្រិត, ការកំណត់ហ្វ្រាំងម៉ាស៊ីន (engine braking control) 2 កម្រិត និងជម្រើស launch control ចំនួន 3។ Ducati និយាយថា ប្រព័ន្ធ traction control ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ Desmo250 MX ដោយប្រើប្រាស់បច្ចេកវិទ្យាចុះប៉ាតង់ដែលអភិវឌ្ឍចេញពីបទពិសោធន៍ក្នុង MotoGP និង WSBK។
- ប្រព័ន្ធរំលឹកថែទាំស្វ័យប្រវត្តិ (Predictive Maintenance): កម្មវិធី X-Link ក៏ត្រូវបានប្រើប្រាស់សម្រាប់គណនាការស្ទង់មើលការថែទាំផងដែរ។ ជំនួសឱ្យការផ្អែកលើតែរយៈពេលដំណើរការ គណនាការកកិត និងសម្ពាធលើម៉ាស៊ីនក្នុងពេលជាក់ស្តែង (real time) ដើម្បីប្រាប់អ្នកពីពេលដែលត្រូវយកម៉ូតូទៅសេវាកម្ម។ នេះមានន័យថា អ្នកជិះកម្សាន្តទូទៅមិនចាំបាច់ធ្វើតាមកាលវិភាគញឹកញាប់ដូចអ្នកប្រណាំងអាជីពឡើយ។
- ការត្រួតពិនិត្យប្រដាប់វ៉ាល់ (Valve clearance): នៅរៀងរាល់ 45 ម៉ោង។
- ការប្តូរប៊ីស្តុង (Piston): ចន្លោះពី 45 ទៅ 60 ម៉ោង។
- ការធ្វើសេវាកម្មធំ (Full service): ចន្លោះពី 90 ទៅ 120 ម៉ោងនៃការប្រើប្រាស់។
គ្រឿងបំពាក់ និងតម្លៃ
ម៉ូឌែល Desmo250 MX ប្រើប្រាស់ប្រអប់លេខ 5 វគ្គ ជាមួយប្រព័ន្ធអំបាយ៉ាអ៊ីដ្រូលីកផ្លាកច្រើនជាន់របស់ Brembo។ Brembo ក៏ជាអ្នកផ្គត់ផ្គង់ប្រព័ន្ធហ្វ្រាំងផងដែរ ដោយប្រើប្រាស់ដង្កាប់ហ្វ្រាំងមុខពីរស៊ីឡាំងលើថាសហ្វ្រាំង Galfer ទោលទំហំ 260mm និងដង្កាប់ហ្វ្រាំងក្រោយស៊ីឡាំងទោលលើថាសហ្វ្រាំង Galfer ទំហំ 240mm។
- ប្រព័ន្ធបូម៖ ផ្គត់ផ្គង់ដោយ Showa ដោយប្រើប្រាស់បូមមុខបញ្ច្រាសទំហំ 49mm ដែលអាចសារ៉េបានទាំងស្រុង ស្រោបសារធាតុ Kashima កាត់បន្ថយការកកិត និងបូមក្រោយប្រភេទ monoshock។
- កង់ និងសំបកកង់៖ ប្រើប្រាស់វង់កង់ម៉ាក Excel (កង់មុខ 21 អ៊ីញ និងកង់ក្រោយ 19 អ៊ីញ) អមដោយសំបកកង់ Pirelli Scorpion Mid Soft ជាស្តង់ដារ។
ជាមួយនឹងតម្លៃលក់រាយដែលបានណែនាំ (MSRP) 10,595 ដុល្លារអាមេរិក ម៉ូឌែល Desmo250 MX គឺមានតម្លៃថោកជាងម៉ូឌែលស្តង់ដារ Desmo450 MX ចំនួន 900 ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចបន្ថែមថវិកាដើម្បីទិញគ្រឿងបំពាក់បន្ថែមពីកាតាឡុក Ducati Performance រួមមាន៖ គ្រឿងបំពាក់ថ្នាក់ "Factory" ដូចជាដែកប្រដាប់កែចង្កូត billet, បំពង់ស៊ីម៉ាំងទីតានីញ៉ូម Akrapovič, ប្រព័ន្ធហ្វ្រាំង Brembo Racing កម្រិតខ្ពស់ និងប្រព័ន្ធបូម Showa អាប់ដេតជាដើម។
Ducati claims a wet weight of 227 lbs. for the 207 Ducati Desmo250 MX.Ducati
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
