Admin, 17 hours ago

         ក្រុមហ៊ុន Ducati បានបញ្ជាក់ថា ការប្រកួត Multistrada V4 Voyagers លើកទី 2 នឹងត្រឡប់ មកវិញនៅក្នុងខែមេសានេះ ដោយលើកទឹកចិត្តឱ្យអ្នកជិះម៉ូតូពីទូទាំងពិភពលោក មកចែក រំលែករឿងរ៉ាវរបស់ពួកគេ។

ការប្រកួត Multistrada V4 Voyagers បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2025 ហើយវា ត្រឡប់មកវិញជាមួយនឹងជម្រើសចំនួន 6 ផ្នែក រួមមាន៖ អ្នកជិះទោល (The Solo Rider), ការផ្សងព្រេងបំផុត (The Most Adventurous) និងការធ្វើដំណើរជាក្រុម (The Group Journey)។ ចំណែក 3 ផ្នែកទៀតគឺ៖ ការធ្វើដំណើររបស់ក្លឹបម្ចាស់ Ducati (The D.O.C. Journey), ការធ្វើដំណើរចម្ងាយឆ្ងាយបំផុត (The Longest Journey) និងការលើកសរសើរ ពិសេស (Special Mention)។ មិនថាអ្នកចង់ចូលរួមក្នុងផ្នែកណានោះទេ Ducati និយាយថា រាល់រឿងរ៉ាវដែលបានដាក់មកអំពីការធ្វើដំណើរជាមួយម៉ូតូ Multistrada V4 នឹងត្រូវបានរក្សា ទុក។ បន្ទាប់មក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅតំបន់ Borgo Panigale មួយនេះ នឹងជ្រើស រើសអ្នកឈ្នះ ដើម្បីយកសាច់រឿងរបស់ពួកគេទៅចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Ducati និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។


ជាឧទាហរណ៍ កាលពីឆ្នាំមុន អ្នកឈ្នះក្នុងផ្នែក "អ្នកជិះទោល" គឺលោក Oscar Garcia ដែលបានជិះម៉ូតូ Multistrada V4 S ឆ្លងកាត់ដំណាក់កាលខុសៗគ្នា ចំនួន 7 ដោយចាប់ ផ្តើមពីទីក្រុង Minneapolis រហូតទៅដល់តំបន់ Tuktoyaktuk នៃមហាសមុទ្រអាកទិក។ ចំណែកអ្នកឈ្នះផ្នែក "ការផ្សងព្រេងបំផុត" គឺលោក Pontus Hagen ដែលបានធ្វើដំណើរ ជាមួយម៉ូតូ Multistrada V4 Rally ពីប្រទេសមួយក្នុងតំបន់ភាគខាងកើតអាស៊ីអាគ្នេយ៏ ទៅកាន់ភ្នំអេវឺរ៉េស (Mount Everest)។ ការធ្វើដំណើរនោះមានចម្ងាយផ្លូវសរុបជាង 10,000 គីឡូម៉ែត្រ។ ក្នុងចន្លោះផ្លូវពីតំបន់អាស៊ីអាគ្នេយ៏ទៅ ភ្នំអេវឺរ៉េស លោក Hagen បានជិះកាត់​ប្រទេសឡាវ ចិន និងទីបេ ដោយចំណាយពេល 28 ថ្ងៃដើម្បីបញ្ចប់ការធ្វើដំណើរនេះ។

សម្រាប់អ្នកដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះ Ducati នឹងផ្តល់រង្វាន់ជាច្រើន រួមមាន៖ ឈុតសម្ភារធ្វើដំណើររបស់ Ducati, សំបុត្រចូលទស្សនា Borgo Panigale Experience និងសំបុត្រប្រភេទ Biker-pass រយៈពេល 3 ថ្ងៃ សម្រាប់កម្មវិធី World Ducati Week 2026 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី 3 ដល់ទី 5 ខែកក្កដា នៅទីលានប្រណាំង Misano World Circuit Marco Simoncelli។

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការប្រកួត Multistrada V4 Voyagers ឆ្នាំ 2026 នៅលើគេហទំព័រផ្លូវការរបស់ Ducati៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors