Admin, 05 April 2026

ប្រសិនបើអ្នកកំពុងឆ្ងល់ថា តើក្រុមហ៊ុន Ducati មានគម្រោងអបអរសាទរខួប 100 ឆ្នាំ របស់ខ្លួនដោយរបៀបណានោះ ចម្លើយគឺ៖ Ducati Superleggera V4 Centenario។ គោលដៅនៃការរចនាហាក់ដូចជាចង់បង្កើតអ្វីដែលអស្ចារ្យហួសពីការស្មាន បិទលេខ សម្គាល់លើវា ហើយលក់ឱ្យអស់ទាំង 500 គ្រឿង មុនពេលដែលពួកយើងភាគច្រើន អានលក្ខណៈបច្ចេកទេសចប់ទៅទៀត។

សូមសំគាល់នូវម៉ូតូដែលខ្លាំងបំផុតដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Bologna មួយនេះមិនធ្លាប់មានពីមុនមក។ នេះគឺជាលទ្ធផលនៅពេលដែលក្រុមវិស្វកររបស់ Ducati ត្រូវបានគេប្រាប់ឱ្យបំភ្លេចចោលនូវកញ្ចប់ថវិកា និងកុំខ្វល់ពីហេតុផលទូទៅ។ ក្រុមវិស្វករ​នៃប្រេន Borgo Panigale​ ត្រូវបានផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការបង្កើតអ្វីដែល​ល្អបំផុតតាម ដែលអាចធ្វើទៅបាន។ ឈ្មោះ Superleggera តែងតែមានន័យបែបនោះ ប៉ុន្តែកំណែ Centenario នេះបានឈានទៅមុខមួយកម្រិតទៀត ជាមួយនឹងបច្ចេកវិទ្យា "ដំបូងគេលើ លោកសម្រាប់ម៉ូតូជិះលើផ្លូវ" និងកម្លាំងម៉ាស៊ីនដ៏មហិមាជិត 250 សេះ។

2026 Superleggera V4 Centenario


ចំណុចចាប់ផ្តើមដំបូង គឺវាជាម៉ូតូប្រើប្រាស់លើផ្លូវស្របច្បាប់ដំបូងគេក្នុងលោកដែលប្រើហ្វ្រាំង ថាសប្រភេទ Carbon-ceramic។ វាមិនមែនគ្រាន់តែស្រោបកាបោន ឬជាដែកថែបធម្មតានោះ ទេ ប៉ុន្តែគឺជាគ្រឿងបង្គុំ Carbon-ceramic ពិតប្រាកដតាមរចនាបថម៉ូតូ MotoGP។ វាមានទម្ងន់ ស្រាលជាងមុន ធន់នឹងកម្តៅបានល្អជាង និងកាត់បន្ថយការតស៊ូនៃចលនា (Inertia) ដែល​មាន​ន័យសាមញ្ញថា វាធ្វើឱ្យការបត់បែនកាន់តែរហ័ស និងប្រើកម្លាំងតិចក្នុងការបញ្ជា។

2026 Superleggera V4 Centenario


បន្ទាប់មកគឺគ្រោងឆ្អឹង ដែលរួមមាន តួម៉ូតូ, ដៃយោល (Swingarm), គ្រោងឆ្អឹងរង (Subframe) និងកង់ សុទ្ធតែត្រូវបានផលិតចេញពីកាបោនហ្វាយបឺ (Carbon fibre)។ លទ្ធផលគឺទម្ងន់ សរុបត្រឹមតែ 173 គីឡូក្រាម (រាប់ទាំងប្រេងម៉ាស៊ីននិងទឹកត្រជាក់ ប៉ុន្តែមិនគិតសាំង) ហើយនឹងធ្លាក់ចុះមកនៅត្រឹម 167 គីឡូក្រាម ប្រសិនបើអ្នកបំពាក់ឈុតសម្រាប់ជិះក្នុង ទីលានប្រណាំង (Track kit)។ សម្រាប់ម៉ូតូដែលមានកម្លាំងជិត 250 សេះ តួលេខទម្ងន់ នេះពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ ដូចដែលបានបញ្ជាក់ កម្លាំងម៉ាស៊ីនគឺខ្លាំងដូច ការរំពឹងទុក ដោយម៉ាស៊ីន 1,103cc Desmosedici Stradale R ថ្មី ផលិតកម្លាំងបាន 228 សេះ សម្រាប់កំណែជិះលើផ្លូវ និងកើនឡើងដល់ 247 សេះ នៅពេលបំពាក់បំពង់ផ្សែងសម្រាប់ ប្រណាំង។

2026 Superleggera V4 Centenario


Ducati អះអាងថា ម៉ាស៊ីននេះជួយឱ្យវាមានសមាមាត្រកម្លាំងធៀបនឹង ទម្ងន់ ដល់ទៅ 1.48 សេះ ក្នុងមួយគីឡូក្រាម។ និយាយម្យ៉ាងទៀត វាគឺស្ទើរតែជាម៉ូតូប្រណាំង សុទ្ធសាធទៅហើយ គ្រាន់តែមានស្លាកលេខប៉ុណ្ណោះ។ ដើម្បីសម្រេចបានកម្លាំងដ៏មហិមានេះ គ្រឿងក្នុងម៉ាស៊ីនត្រូវបានសម្រាំងយ៉ាងខ្លាំង រួមមានគ្រឿងបន្លាស់ស្រាលជាងមុន, ការកែ សម្រួលមុំធរណីមាត្រ, ការកំណត់ពេលវ៉ាល់ Desmo ដោយដៃ និងការប្រើប្រាស់លោហៈធាតុ ទីតាញ៉ូម (Titanium) យ៉ាងច្រើនសន្ធឹកសន្ធាប់។ សូម្បីតែប្រអប់លេខក៏ត្រូវបានកែសម្រួល ដើម្បីកុំឱ្យអ្នកច្រឡំចូលលេខសូន្យ (Neutral) នៅពេលកំពុងចាប់ហ្វ្រាំងខ្លាំងពេលចូលបត់។

2026 Superleggera V4 Centenario


ភាពប្រណីតនៅបន្តទៅដល់ប្រព័ន្ធបូម ដែលប្រើប្រាស់បូមមុខ Öhlins NPX បំពាក់បំពង់ ស្រោបកាបោនហ្វាយបឺ (ជាលើកដំបូងបង្អស់សម្រាប់ម៉ូតូជិះលើផ្លូវ) ចំណែកខាងក្រោយ ប្រើបូម TTX36 GP។ ចំពោះផ្នែកសោភ័ណភាព វាទទួលបានពណ៌ថ្មី “Rosso Centenario” ដែលជាពណ៌ក្រហមដិត បង្ហាញពីប្រវត្តិសាស្ត្ររបស់ Ducati និងផ្សារភ្ជាប់ទៅនឹងម៉ូតូប្រណាំង បច្ចុប្បន្ន។ វាក៏មានកំណែពណ៌ Tricolore (ឆ្នូតពណ៌ទង់ជាតិអ៊ីតាលី) ដែលមានកំណត់ត្រឹមតែ 100គ្រឿងប៉ុណ្ណោះ។ ម៉ូតូនេះនឹងត្រូវផលិតត្រឹមតែ 500 គ្រឿងប៉ុណ្ណោះ ដែលសុទ្ធតែមាន លេខរៀងសម្គាល់ និងតម្រង់ទិសដៅសម្រាប់អ្នកប្រមូលទិញដែលមានកញ្ចប់ថវិកាក្រាស់។ អត្ថប្រយោជន៍បន្ថែមសម្រាប់ម្ចាស់ម៉ូតូ គឺឱកាសក្នុងការបានជិះសាកល្បងម៉ូតូ MotoGP ពិតប្រាកដនៅក្នុងទីលានប្រណាំងទៀតផង។ សរុបមក តើវាហួសហេតុពេកទេ? ពិតប្រាកដ ណាស់។ តើវាចាំបាច់ទេ? មិនចាំបាច់ទាល់តែសោះ។ Superleggera V4 Centenario មិនមែន បង្កើតឡើងដើម្បីភាពសមហេតុផលនោះទេ ប៉ុន្តែវាបង្កើតឡើងដើម្បីបង្ហាញ ពីអំណាច និង ភាពអស្ចារ្យ៕


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors