Admin, 29 March 2026
អ្នកចូលចិត្តបើកបរ Off-road មានផ្នែករចនាម៉ូដរបស់ ក្រុមហ៊ុន Jeep។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អ្នករចនាម៉ូដរបស់ Jeep តែងតែ នាំយកនូវរថយន្តដែលទាក់ភ្នែកបំផុតមកបង្ហាញជូនអ្នកគាំទ្រនៅក្នុងកម្មវិធី Easter Jeep Safari នៅតំបន់ Moab រដ្ឋ Utah។ នៅឆ្នាំនេះ ពួកគេបានត្រឡប់មកវិញជាមួយក្បួនរថយន្តគំរូ SUV និង Truck ដើម្បីអបអរសាទរខួបលើកទី 60 នៃពិធីបុណ្យបើកបរតាមព្រៃភ្នំរយៈ ពេល មួយសប្តាហ៍នេះ។
រថយន្តគំរូទាំង 6 សម្រាប់ឆ្នាំ 2026 រួមមាន៖ Wranglers 3គ្រឿង, Gladiator 1 គ្រឿង, Grand Wagoneer 1 គ្រឿង និងរថយន្ត XJ Cherokee ស៊េរីឆ្នាំ 1980 ដ៏កម្រមួយគ្រឿងទៀត។
Jeep wrangler anvil 715 concept
1. Jeep Wrangler Anvil 715 Concept
នេះគឺជាគម្រោងដ៏មានមហិច្ឆតបំផុតប្រចាំឆ្នាំ ដោយទទួលបានការបំផុស គំនិតពីរថយន្ត យោធា។ ផ្នែកខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុងតាមរចនាប័ទ្ម "ច្រមុះរមាស" នៃឡាន យោធា Kaiser Jeep M715 ឆ្នាំ 1960។
- លក្ខណៈពិសេស: ដំបូលខ្ពស់ជាងមុន 4 អ៊ីញ (ដកចេញមិនបាន) ផ្ដល់លំហក្បាល ធំទូលាយ និងមានបង្អួចលើដំបូល 4 កន្លែង។
- កម្លាំង: ប្រើម៉ាស៊ីន 6.4 លីត្រ V-8 កម្លាំង 470 សេះ បំពាក់សំបកកង់ BFGoodrich Mud-Terrain 37 អ៊ីញ និងមានថេប្លេតសម្រាប់បង្ហាញផែនទីផ្លូវ Off-road ក្នុងកាប៊ីន។
Jeep XJ pioneer concept
2. Jeep XJ Pioneer Concept
សម្រាប់អ្នកដែលនឹកនាដល់សម័យឆ្នាំ 80 ម៉ូដែលនេះគឺជាការយកឡាន Cherokee ឆ្នាំ 1986 មកតុបតែងឡើងវិញ (Restomod)។ ក្រុមការងារបានរក្សាទុកថ្នាំពណ៌មាស (Champagne gold) និងម៉ាស៊ីន 2.8 លីត្រ V-6 ដើមរបស់វាទាំងអស់។
- ការតុបតែង: បន្ថែមឈុតលើកកម្ពស់បូម 2 អ៊ីញ និងសំបកកង់ 33 អ៊ីញ។
- ផ្នែកខាងក្នុង: រក្សាភាពដើមទាំងស្រុង ជាមួយការបន្ថែមស្រោមពូកកៅអីអង្កាំឈើ និងប្រអប់អាហារសម្រាប់ដាក់អីវ៉ាន់ ដែលមើលទៅដូចជាម៉ាស៊ីនកុំព្យូទ័រ Apple Macintosh ចាស់។
Jeep wrangler Buzzcut concept
3. Jeep Wrangler Buzzcut Concept
ក្រុមរចនាម៉ូដ Mopar បានធ្វើការ "កាត់សក់" ឱ្យ Wrangler ដោយកាត់បន្ថយកម្ពស់ដំបូល 2អ៊ីញ និងរចនាបង្អួចក្រោយឱ្យមានរាងស្លុបចុះក្រោម ដែលធ្វើឱ្យវាមើលទៅដូចជាសត្វឆ្កែ Bulldog ដ៏រឹងមាំ។
- គ្រឿងបំពាក់: ប្រើម៉ាស៊ីន 2.0 លីត្រ Turbo, លើកកម្ពស់បូម 2 អ៊ីញ, សំបកកង់ 37អ៊ីញ និងពណ៌ទឹកក្រូច (Vitamin C) ដ៏លេចធ្លោ។ កៅអីខាងក្រោយត្រូវបានដកចេញដើម្បី ដាក់ប្រអប់ផ្ទុកអីវ៉ាន់ដែលមានសុវត្ថិភាពខ្ពស់។
Jeep wrangler Laredo concept
4. Jeep Wrangler Laredo Concept
ម៉ូដែលនេះជាការរំលឹកដល់ត្រកូល Laredo ដ៏ល្បីល្បាញក្នុងឆ្នាំ 1980។ វាជារថយន្ត Off-road បែបសាមញ្ញ (Back-to-basics) ដោយប្រើម៉ាស៊ីន 3.6 លីត្រ V-6 និងលេខដៃ 6វគ្គ។
- ការរចនា: បំពាក់យ៉ាន់កង់បែប Retro, ពូកកៅអីធ្វើពីភួយសេះរចនាប័ទ្មតំបន់ភាគនិរតី និងកម្រាលបាតធ្វើពីជ័រ (Vinyl) បែបបុរាណ។
Jeep Gladiator red rock
5. Jeep Gladiator Red Rock
ខណៈដែលរថយន្តគំរូផ្សេងទៀតនឹងត្រូវរក្សាទុកក្នុងសារមន្ទីរ ប៉ុន្តែសម្រាប់រថយន្ត Red Rock នេះ នឹងត្រូវប្រើប្រាស់នៅលើផ្លូវ Moab ពិតប្រាកដ។ ក្រុមហ៊ុន Jeep នឹងបរិច្ចាគរថយន្តនេះ ទៅឱ្យក្លឹប Red Rock 4-Wheelers ដើម្បីជាការថ្លែងអំណរគុណដល់ការជួយរៀបចំ កម្មវិធី តាំងពីឆ្នាំ 1982។
- បច្ចេកទេស: បំពាក់គ្រឿងបន្លាស់សម្រាប់ជួយសង្គ្រោះ និងថែទាំផ្លូវព្រៃ រួមមាន ឈុតលើកបូម 3 អ៊ីញ, ម៉ាស៊ីនបូមខ្យល់ ARB និងកន្លែងផ្ទុកឧបករណ៍ជួសជុល ផ្សេងៗ។
Jeep Grand Wagoneer commander concept
6. Jeep Grand Wagoneer Commander Concept
ទោះបីជា Grand Wagoneer ជារថយន្ត SUV ប្រណីតសម្រាប់ផ្លូវរាប ប៉ុន្តែក្នុងកម្មវិធីនេះ វាត្រូវបានបំប្លែងឱ្យទៅជា "សត្វសាហាវ" លើផ្លូវដី។
- ការផ្លាស់ប្តូរ: ប្រើសំបកកង់ 35 អ៊ីញ Nitto Recon Grappler, បន្ថែមបន្ទះដែកការពារ បាតក្រោម និងមានក្រាហ្វិកនៅចំហៀងតួខ្លួនដែលយកលំនាំតាមផែនទីនៃឧទ្យានជាតិ Canyonlands។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
