Admin, 06 December 2025
លោក Elon Musk បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្តងទៀត ដើម្បីបដិសេធពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុន Tesla នឹងបង្កើតម៉ូតូនៅថ្ងៃណាមួយ។ លោកថែមទាំងបានចង្អុលបង្ហាញអំពីហេតុផលយ៉ាងច្បាស់ នៅពីក្រោយការសម្រេចចិត្តនេះ។
នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋី Musk បានបដិសេធពាក្យចចាមអារ៉ាមអំពីម៉ូតូ Tesla ដោយមហាសេដ្ឋីរូបនេះបានហៅពាក្យចចាមអារ៉ាមអំពីម៉ូតូ Tesla ថាជាព័ត៌មានមិនពិតតាំងពីឆ្នាំ 2019 មកម្ល៉េះ។ ការដាក់ឱ្យដំណើរការរថយន្ត Cybertruck និង ATV ដែលអាចភ្ជាប់មកជាមួយគ្នា វាហាក់បីដូចបានបន្ថែមសាំងលើភ្លើងសម្រាប់ពាក្យចចាមអារ៉ាមទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Musk បានពន្លត់ភ្លើងទាំងនោះយ៉ាងលឿន ដោយនិយាយថា៖ "យើងនឹងមិនផលិតម៉ូតូសម្រាប់បើកបរលើផ្លូវទេ ព្រោះវាគ្រោះថ្នាក់ពេក។ ខ្ញុំធ្លាប់ត្រូវបានរថយន្តដឹកទំនិញបុក ហើយស្ទើរតែស្លាប់លើម៉ូតូកាលពីអាយុ 17 ឆ្នាំ"។
រូបភាព Ai បែបកំពុងពេញនិយម (Viral Ai images) ដែលជារឿយៗត្រូវបានគេហៅថា Deep Fakes បានលេចឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្ហាញលោក Elon Musk ឈរក្បែរវត្ថុអ្វីមួយដែលអ្នកបង្កើតរូបភាពហៅថា ម៉ូតូ Tesla។ ការបង្ហោះដែលបានចែករំលែកនៅលើវេទិកា 'X' របស់លោក Musk ផ្ទាល់បានជំរុញឱ្យលោកលលើកឡើងថា៖
"វាគ្មានថ្ងៃកើតឡើងទេ ព្រោះយើងមិនអាចធ្វើឱ្យម៉ូតូមានសុវត្ថិភាពបាន"។
"សម្រាប់ @CommunityNotes បទពិសោធន៍ជិតស្លាប់របស់ខ្ញុំគឺនៅលើផ្លូវម៉ូតូ(Road Bike)"។
"ម៉ូតូនៅលើដី (Dirt Bikes) មានសុវត្ថិភាព ប្រសិនបើអ្នកជិះដោយប្រុងប្រយ័ត្ន ព្រោះអ្នកមិនអាចត្រូវបានរថយន្តដឹកទំនិញបុកទេ"។
លោក Elon Musk បានបញ្ចេញព័ត៌មានខ្លះៗថា Tesla អាចនឹងឈានចូលទៅក្នុងប្រភេទ ATV កាន់តែស៊ីជម្រៅ ដោយលោកថែមទាំងបានចង្អុលបង្ហាញថា យានយន្តអគ្គិសនី Side-by-side អាចជាគំនិត "សប្បាយ" ផងដែរ៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
