Admin, 08 February 2026
ក្រុមហ៊ុនឯកទេសផ្នែកសម្ភារៈរបស់ស្វីស Bcomp បានសហការជាមួយក្រុមហ៊ុនម៉ូតូអគ្គិសនី ឥណ្ឌា Ather Energy ដើម្បីផលិតម៉ូតូគំរូថ្មីមួយ ដែលមានគោលបំណងស្វែងយល់ថា តើ សម្ភារៈដែលមាននិរន្តរភាពអាចកំណត់រូបរាងម៉ូតូអគ្គិសនី និងស្កូតឺនាពេលអនាគត យ៉ាង ដូចម្តេច។
ម៉ូតូគំរូនេះមានឈ្មោះថា Redux ដែលស្ថិតនៅចន្លោះកណ្តាលរវាងស្កូតឺ និងម៉ូតូធំ ដោយក្រុមហ៊ុន Ather បានហៅវាថាជា "Motor-scooter"។វាមិនមែនត្រូវបានបង្កើតឡើង សម្រាប់ដាក់លក់លើទីផ្សារនោះទេ ប៉ុន្តែវាគឺជា "មន្ទីរពិសោធន៍ចល័ត" សម្រាប់សាកល្បង គំនិតថ្មីៗជុំវិញសម្ភារៈ ការវេចខ្ចប់ និងការរចនា — ជាពិសេសគឺការប្រើប្រាស់សរសៃ flax-fibre មកធ្វើជាសម្ភារៈផ្សំជំនួសឱ្យផ្លាស្ទិក ធម្មតា។
The Ather Redux concept
ចំណុចស្នូលនៃគម្រោងនេះគឺ ampliTex ដែលជាសម្ភារៈផ្សំត្បាញចេញពីសរសៃ flax-fiber របស់ក្រុមហ៊ុន Bcomp។ បន្ទះសម្ភារៈទាំងនេះត្រូវបានបំពាក់លើគ្រោង ឆ្អឹងអាលុយមីញ៉ូម ទម្ងន់ស្រាល ហើយត្រូវបានរចនាឡើងដើម្បីឱ្យមើលឃើញរូបរាងពិតពីខាងក្រៅ ជាជាងការលាក់ទុកនៅក្រោមថ្នាំលាប ឬសំបកផ្លាស្ទិក។ យោងតាម Bcomp សម្ភារៈនេះផ្តល់នូវកម្រិតកាបូនទាបជាងផ្លាស្ទិក ABS ឬសរសៃកាបូន (carbon fibre) ដោយពួកគេអះអាងថាវាអាចកាត់បន្ថយឧស្ម័ន CO-2 បានរហូតដល់ 85% បើធៀបនឹង សរសៃកាបូន។ ការជំរុញឆ្ពោះទៅរកសម្ភារនេះ ឆ្លុះបញ្ចាំងពីអ្វីដែលយើងកំពុងចាប់ ផ្តើមឃើញនៅក្នុងឧស្សាហកម្មម៉ូតូ។ ឧទាហរណ៍ ក្រុមហ៊ុន Honda បាននិងកំពុងពង្រីក ការប្រើប្រាស់ Durabio (ផ្លាស្ទិកវិស្វកម្មដែលផលិតចេញពីរុក្ខជាតិ) ព្រមទាំងផ្លាស្ទិកកែច្នៃ លើម៉ូតូស៊េរីថ្មីៗរបស់ខ្លួន។ គោលដៅមិនមែនត្រឹមតែជាការធ្វើទីផ្សារបែប "បៃតង" នោះទេ ប៉ុន្តែគឺដើម្បីកាត់បន្ថយការបំភាយឧស្ម័នក្នុងវដ្តជីវិតផលិតផល ខណៈពេលដែលនៅតែរក្សា បាននូវភាពធន់ និងសម្រស់។ Redux យកគំនិតស្រដៀងគ្នានេះ ប៉ុន្តែរុញវាឱ្យកាន់តែឆ្ងាយ ដោយធ្វើឱ្យសម្ភារៈនោះក្លាយជាផ្នែកសំខាន់នៃអត្តសញ្ញាណរូបរាងរបស់ម៉ូតូ។
ក្រុមហ៊ុន Ather និយាយថា សម្ភារៈផ្សំពី flax-fiber ផ្តល់អត្ថប្រយោជន៍លើសពីនិរន្តរភាព រួមមានការ កាត់បន្ថយរំញ័រ និងភាពរឹងមាំល្អ។ការរចនាដែលបង្ហាញឱ្យឃើញសរសៃត្បាញពីខាងក្រៅ ក៏ស៊ីគ្នាជាមួយទស្សនវិជ្ជារចនា "Inside-out" របស់ក្រុមហ៊ុន ដែលចង់ឱ្យគ្រឿងបង្គុំនីមួយៗ មើលទៅមានលក្ខណៈបច្ចេកទេស ជាជាងការលាក់បាំងវាទុក។
វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 នៅក្នុងទីក្រុង Bengaluru ក្រុមហ៊ុន Ather គឺជាក្រុមហ៊ុនស្ដាតអាប់ (startup) ម៉ូតូអគ្គិសនីដំបូងគេបង្អស់របស់ឥណ្ឌា និងលក់បានច្រើនជាង 5,000 គ្រឿងមកទល់ពេលនេះ។ Redux ត្រូវបានពិពណ៌នាថាជា "មន្ទីរពិសោធន៍ដែលមានជីវិត" ដែលនឹងផ្តល់ទិន្នន័យ និងបទពិសោធន៍សម្រាប់ការអភិវឌ្ឍម៉ូតូនាពេលអនាគត។
លោក Bikash Jyoti Biswas ប្រធានផ្នែករចនានៅ Ather Energy បាននិយាយថា គម្រោង នេះគឺអំពីតុល្យភាពរវាងការទទួលខុសត្រូវលើបរិស្ថាន ជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃ ភាពរឹងមាំ និងភាពធន់ — ដែលជាផ្នែកដែលសម្ភារៈអេកូឡូស៊ី (eco-materials) តែងតែជួប ការលំបាកពីមុនមក។
ទោះបីជា Redux នឹងមិនឈានជើងចូលបន្ទប់តាំងបង្ហាញក្នុងពេលឆាប់ៗនេះក៏ដោយ ប៉ុន្តែវាបានបញ្ជាក់យ៉ាងច្បាស់ពីការផ្លាស់ប្តូរដ៏ធំមួយ៖ នៅពេលដែលម៉ូតូអគ្គិសនី កាន់ តែមានភាពចាស់ទុំ ការផ្តោតអារម្មណ៍លែងមានត្រឹមតែលើអាគុយ និងម៉ូទ័រទៀតហើយ ប៉ុន្តែវារួមបញ្ចូលទាំងរបៀបដែលម៉ូតូត្រូវបានផលិត និងសម្ភារៈដែលយកមកផលិតវាផង ដែរ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
