Admin, 18 December 2025
ក្រុមហ៊ុន Ford នឹងដាក់លក់រថយន្ត Bronco អគ្គិសនី នៅក្នុងប្រទេសចិននាថ្ងៃទី 19 ខែធ្នូ 2025 ខាងមុខនេះ ក្រោយរយៈពេលប្រហែលមួយខែបន្ទាប់ពីការចាប់ផ្តើមបើកឱ្យកុម្ម៉ង់ទុកមុន (pre-sales)លើម៉ូដែល SUV មួយនេះ។ ក្រុមហ៊ុនបានប្រកាសពីផែនការនៅថ្ងៃនេះ ដោយបញ្ជាក់ថាក្រុមហ៊ុននិងមានរថយន្ត Bronco អគ្គិសនីដល់ដៃអថិជនភ្លាមៗនៅពេលដាក់លក់និងការបញ្ជារទិញ។
ម៉ូដែលនេះគឺជាប្រភេទរថយន្ត SUV ដែលអភិវឌ្ឍឡើងដោយ Ford China សម្រាប់ទីផ្សារ off-road ក្នុងប្រទេសចិនជាពិសេស និងត្រូវបានផលិតនៅក្នុងរោងចក្ររបស់ប្រទេសចិនគឺ ក្រុមហ៊ុនJiangling Motors Corporation (JMC)។ ការបើកឱ្យកុម្ម៉ង់ទុកមុនសម្រាប់ Bronco អគ្គិសនីបានចាប់ផ្តើមនៅក្នុងប្រទេសចិនកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ដោយផ្តល់ជូននូវជម្រើស 5ម៉ូដែល រួមមានប្រភេទរថយន្តអគ្គិសនីអាចបើកបរបានរយៈចម្ងាយប្រភេទ (EREV) និងរថយន្តអគ្គិសនីប្រើអាគុយសុទ្ធប្រភេទ (BEV)៖
- ប្រភេទ EREV មាន 3 ម៉ូដែល: តម្លៃចាប់ផ្តើមពី 32,610 ដុល្លារ, 35,446ដុល្លា, និង 38,700ដុល្លា។
- ប្រភេទ BEV មាន 2 ម៉ូដែល: តម្លៃចាប់ផ្តើមពី 36,860ដុល្លា និង 40,129ដុល្លា។
កាលពីថ្ងៃទី 11 ខែធ្នូ ក្រុមហ៊ុន Ford បានធ្វើជាសាក្សីនូវការនាំចេញនូវរថយន្ត Bronco អគ្គិសនីផលិតកម្មដំបូងបង្អស់ពីខ្សែសង្វាក់កម្មដំឡើងនៅរោងចក្រ JMC ក្នុងទីក្រុង Nanchang ខេត្ត Jiangxi ដែលជាយានយន្តផលិតកម្មទី 200,000 គ្រឿងរបស់រោងចក្រនេះ។
លក្ខណៈបច្ចេកទេស និងសមត្ថភាព
រថយន្ត Bronco អគ្គិសនីមាន បណ្តោយប្រវែង 5,025mm ទទឹង 1,960mm និងកម្ពស់ 1,825mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,950mm។
- ម៉ូដែល EREV: ប្រើប្រាស់ម៉ាស៊ីន turbocharged 1.5 លីត្រ ជាម៉ាស៊ីនបង្កើតថាមពល បើកបររយៈចម្ងាយឆ្ងាយ ដែលផ្តល់កម្លាំងអតិបរមា 110 គីឡូវ៉ាត់ (110kW)។ វាប្រើម៉ូទ័រអគ្គិសនីចំនួន2៖ ម៉ូទ័រមុខមានកម្លាំងអតិបរមា 130 kW និងម៉ូទ័រក្រោយមានកម្លាំង 180 kW។ វាបំពាក់អាគុយទំហំ 43.7 kWh ដែលអាចបើកបរដោយប្រើតែអាគុយសុទ្ធបានរយៈចម្ងាយ 220គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។ នៅពេលចាក់សាំងពេញ និងសាកថ្មពេញ ចម្ងាយបើកបរសរុបរបស់វាអាចឈានដល់ 1,220 គីឡូម៉ែត្រ។
- ម៉ូដែល BEV: ប្រើម៉ូទ័រមុខកម្លាំងអតិបរមា 130 kW និងម៉ូទ័រក្រោយកម្លាំង 202 kW។ វាបំពាក់អាគុយទំហំ 105.4 kWh និងអាចបើកបរបានចម្ងាយ 650 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
ចំណុចដែលគួរឱ្យកត់សម្គាល់នោះគឺ រថយន្ត Bronco អគ្គិសនីនេះប្រើប្រាស់តួខ្លួនជាប់គ្នា unibody ដែលប្រើប្រាស់សម្រាប់ការបើកបរនៅក្នុងទីក្រុង៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
