Admin, 01 November 2025

ក្រុមហ៊ុន Ford គ្រោង​នឹងបង្កើន​ការ​ផលិត​រថយន្ត​ភីកអាប់ F-150 និង F-Series Super Duty របស់​ខ្លួន​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដែល​កើនឡើង និង​ទូទាត់​ការ​ខាតបង់​នៃ​ការ​ផលិត​ដោយសារ​អគ្គីភ័យ​នៅ​រោងចក្រ​ផ្គត់ផ្គង់​អាលុយមីញ៉ូម។

ក្រុមហ៊ុន​គ្រោង​នឹង​បន្ថែម​ការងារ​ថ្មី​ប្រមាណ 900 នាក់ និង​ផ្លាស់ប្តូរ​កម្មករ​ដែល​មាន​ស្រាប់​ពី​រោងចក្រ​ផ្សេងៗ រួម​ទាំង​រោងចក្រ​ដែល​ផលិត​រថយន្ត​អគ្គិសនី F-150 Lightning ដែល​បាន​ផ្អាក​ដំណើរការ​ផង​ដែរ ដើម្បី​ដាក់​ចូល​ក្នុង​ក្រុម​ការងារ​ទី​បី​ចំនួន 1,200 នាក់ នៅ​ឯ Ford Rouge Complex ក្នុង​តំបន់ Dearborn និង​បង្កើន​ទិន្នផល​នៅ​រោងចក្រ Dearborn Stamping Plant និង Dearborn Diversified Manufacturing Plant។ កម្មករ​ថ្មី​ចំនួន 100 នាក់ ទៀត​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើការ​នៅ​រោងចក្រ Kentucky Truck Plant។

ការ​ធ្វើ​បែប​នេះ​នឹង​អាច​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ភីកអាប់​បន្ថែម​ចំនួន 50,000គ្រឿង​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ 45,000 គ្រឿង គឺ​នៅ Dearborn និង 5,000 គ្រឿង នៅ Kentucky។ រថយន្ត​បន្ថែម​ទាំងនេះ​នឹង​ចាប់ផ្តើម​ចេញ​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ 2026 ហើយ​ការ​ផលិត​នឹង​ត្រូវ​បង្កើន​ជា​បន្តបន្ទាប់​ពី​ពេល​នោះ​ទៅ។

កម្មករ​ប្រមាណ 500 នាក់ ដែល​ធ្លាប់​ផលិត Lightning រហូត​ដល់​ដើម​ខែ​នេះ នឹង​ត្រូវ​ផ្លាស់​ទៅ​រោងចក្រ​ក្បែរ​ខាង​នៅ​ឆ្នាំ 2026 ដើម្បី​ផលិត​រថយន្ត​ប្រើ​សាំង និង​រថយន្ត​កូនកាត់ (Hybrid) ដែល​មាន​ប្រាក់​ចំណេញ​ច្រើន​ជាង និង​ប្រើប្រាស់​អាលុយមីញ៉ូម​តិច។ ការ​ផលិត Lightning ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​លក់​រថយន្ត EV យឺតយ៉ាវ​ដែល​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រសើរ​ឡើង​វិញ​ជាមួយ​នឹង​ការ​បញ្ចប់​ការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​សហព័ន្ធ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford មិន​បាន​បញ្ជាក់​ថា​ពេល​ណា​ការ​ផលិត Lightning នឹង​ចាប់ផ្តើម​ឡើង​វិញ​នោះ​ទេ។


អគ្គីភ័យ​នៅ​រោងចក្រ​អាលុយមីញ៉ូម Novelis ក្នុង​ទីក្រុង Oswego រដ្ឋ New York កាលពី​ខែ​កញ្ញា បាន​បណ្តាល​ឲ្យ​ខាតបង់​ការ​ផលិត​ដែល​មាន​ទឹកប្រាក់​ចន្លោះ​ពី 1.5 ទៅ 2 ពាន់​លាន​ដុល្លារ ទៅ​លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Ford នេះ​បើ​យោង​តាម​របាយការណ៍​ចំណូល​ត្រីមាស​ទី​បី​របស់​ខ្លួន។ ការ​ខាតបង់​នេះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បញ្ចុះ​ការ​ព្យាករណ៍​របស់​ខ្លួន​អំពី​ចំនួន​ដែល​ខ្លួន​រំពឹង​ថា​នឹង​រក​បាន​ពេញ​មួយ​ឆ្នាំ។

Ford បាន​រាយការណ៍​ថា ប្រាក់​ចំណូល​សុទ្ធ​ក្នុង​ត្រីមាស​ទី​បី​មាន​ចំនួន 2.4 ពាន់​លាន​ដុល្លារ កើន​ឡើង​ពី 900 លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ ប្រាក់​ចំណូល​ដែល​បាន​កែសម្រួល​មាន​ចំនួន 2.6 ពាន់​លាន​ដុល្លារ។ ចំណូល​សរុប​បាន​កើន 9 ភាគរយ​ដល់ 50.5 ពាន់​លាន​ដុល្លារ ដែល​ជា​កំណត់ត្រា​មួយ។ Ford និយាយ​ថា ខណៈ​ដែល​អគ្គីភ័យ​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ដែល​មិន​បាន​រំពឹង​ទុក ក្រុមហ៊ុន​ឥឡូវ​នេះ​គិត​ថា​ការ​ប៉ះពាល់​បន្ថែម​ពី​ពន្ធ​គយ (tariffs) នឹង​មាន​ប្រមាណ 1 ពាន់​លាន​ដុល្លារ ដែល​មាន​ប្រហែល​ពាក់កណ្តាល​នៃ​ការ​ប៉ាន់ស្មាន​។


ប្រភព៖ MotorTrend

ប្រែសំរួល៖ Huot Soknal