Admin, 17 April 2026
វាមានរយៈពេលជាងពីរទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ុន Ford បានដាក់លក់រថយន្ត Truck កម្រិតខ្ពស់ដែលមានទ្វារពីរ (ទ្វារដែលប្រើសម្រាប់បើកបរលើដូវកាលធម្មតា)។ ជាពិសេស រថយន្ត Ford F-150 SVT Lightning ជំនាន់ទីពីរ គឺជាប្រភេទរថយន្តកែច្នៃដែលមានកម្លាំងខ្លាំង និងស្ទុះលឿនជាងរថយន្ត Mustang Cobra ក្នុងសម័យនោះទៅទៀត។ ខណៈពេលដែលរថយន្ត F-150 Lobo ស៊េរីថ្មី កំពុងព្យាយាមរំលឹកឡើងវិញនូវកេរ្តិ៍ឈ្មោះរថយន្ត Truck បែបស្ព័រ ជាមួយនឹងរូបរាងដ៏មានអំណាច និងម៉ាស៊ីន 5.0 លីត្រ V-8 ប៉ុន្តែវាមានទ្វារដល់ទៅបួន ហើយកម្ពស់របស់វាមិនទាបដូចអ្វីដែលយើងចង់បាននោះទេ។ ជាការពិតណាស់ កញ្ចប់កែច្នៃ Ford Performance FP700 អាចជួយដោះស្រាយបញ្ហានេះបាន ប៉ុន្តែឥឡូវនេះយើងមានជម្រើសថ្មីមួយទៀត គឺរថយន្ត Ford F-150 ស៊េរីឆ្នាំ 2026 កំណែ Roush Nitemare។
ការរចនាខាងក្រៅ និងរូបរាង
ការវិវត្តចុងក្រោយនៃកញ្ចប់ Roush Nitemare សម្រាប់ F-150 បន្តផ្តល់ឱ្យរថយន្ត Pickup កម្លាំងកន្លះតោនរបស់ Ford នូវរូបរាងប្លែកពីគេ។ ចំណុចខុសប្លែកដែលច្បាស់បំផុតគឺ ផ្នែកខាងមុខដែលមានម៉ាក Roush អមដោយអក្សរពណ៌ទឹកក្រូច និងភ្លើងសញ្ញាពណ៌លឿងទុំចំនួនបីនៅចន្លោះក្របោមក្បាលឡាន និងប៉ាណា។ ក្រៅពីមានរន្ធបញ្ចេញកម្តៅម៉ាស៊ីន ក្របោមក្បាលឡានក៏មានបិទស្លាកសញ្ញា Nitemare ផងដែរ។ លើសពីនេះ Roush ក៏មានផ្តល់ជូននូវជម្រើសក្រាហ្វិកដែលមានរូបរាងដូចទង់ជាតិប្រណាំង (Checkered-flag) នៅចំហៀងធុងក្រោយឡានទៀតផង។
រថយន្តនីមួយៗមកជាមួយយ៉ាន់កង់ពណ៌ខ្មៅទំហំ 22 អ៊ីញ ជាមួយសំបកកង់ស្ព័រ General Tire G-MAX AS07។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធបូមដែលបានកែសម្រួលថ្មីរបស់ Nitemare គឺជាតួឯកនៃកម្មវិធីនេះ។ កញ្ចប់របស់ Roush រួមមានឈុតបូម Coil-overs និងបូមប្រភេទ Twin-tube ផ្គួបជាមួយរបារទប់លំនឹង (Anti-roll bars) មុខក្រោយដែលក្រាស់ជាងមុន។ កម្ពស់រថយន្តត្រូវបានទម្លាក់ចុះ 76mmនៅផ្នែកខាងមុខ និង 127mmនៅផ្នែកខាងក្រោយ។ ថាសហ្វ្រាំងស្តង់ដារក៏ត្រូវបានជំនួសដោយប្រភេទដែលមានរន្ធខ្យល់ (Slotted units) ផងដែរ។
បរិក្ខារខាងក្នុងកាប៊ីន
នៅខាងក្នុង Nitemare មានកៅអីស្រោបដោយស្បែកពណ៌ខ្មៅ ជាមួយថ្នេរដេររាងការ៉េ (Quilted inserts) និងការតុបតែងពណ៌ក្រហម។ ចង្កូតក៏ត្រូវបានស្រោបដោយស្បែក និងមានការបន្ថែមបំណែក Carbon-fiber ពណ៌ក្រហមនៅផ្នែកខាងក្រោម។ បឈ្នាន់អាលុយមីញ៉ូម, ព្រំជើងដែលមានប៉ាក់ស្លាកសញ្ញា និងកម្រាលព្រំកម្រិតខ្ពស់ បានបំពេញបន្ថែមនូវការតុបតែងកាប៊ីនរបស់ Roush។ លើសពីនេះ វាក៏មានផ្លាកលេខសម្គាល់ស៊េរីផលិត, ប្រអប់សុវត្ថិភាពនៅកន្លែងដាក់ដៃកណ្តាល និងសោដែលមានម៉ាកអក្សរ R ផងដែរ។
តម្លៃ និងការធានា
Roush លក់កញ្ចប់ Nitemare ក្នុងតម្លៃ 22,999 ដុល្លារ ដែលត្រូវបូកបន្ថែមលើតម្លៃរថយន្ត F-150 ឆ្នាំ 2026 ប្រភេទ XL និង XLT។
- ប្រភេទ XL ទ្វារពីរ (Regular-cab) ម៉ាស៊ីន 5.0 លីត្រ V-8 កម្លាំង 400 សេះ មានតម្លៃចាប់ផ្តើមពី 42,125 ដុល្លារ។
- ប្រភេទ XLT SuperCrew ទ្វារបួន មានតម្លៃចាប់ផ្តើមពី 50,850 ដុល្លារ។
រថយន្តដែលបានកែច្នៃទាំងនេះ មានលក់តាមរយៈដេប៉ូចែកចាយ Ford ដែលទទួលបានសិទ្ធិពី Roush ហើយវាមកជាមួយការធានារយៈពេល 3 ឆ្នាំ ប្រហែល 58,000 គីឡូម៉ែត្រ៕
ប្រភព៖ United State
ប្រែសំរួល៖ Chea SokNang (AC Auto)
