Admin, 14 June 2026

          យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ IThome ក្រុមហ៊ុន Ford បានដាក់សម្ពោធរថយន្តម៉ូដែល Mondeo Sport Edition ស៊េរីថ្មី នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត 2026 Chongqing Auto Show ដោយបានណែនាំនូវកំណែទម្រង់រថយន្តប្រភេទ Crossover ដំបូលស្លាយទៅខាងក្រោយ (Fastback) ដើរដោយថាមពលកូនកាត់ Hybrid ជាមួយតម្លៃចាប់ពី ២០៩,៨០០ យន់ (ប្រហែល ៣១,០០២ ដុល្លារអាមេរិក)។ ការដាក់លក់នេះ បានពង្រីកបញ្ជីផលិតផលរថយន្តដឹកអ្នកដំណើររបស់ Ford China នៅក្នុងទីផ្សារមួយដែលកំពុងត្រូវបានគ្រប់គ្រងកាន់តែខ្លាំងឡើងដោយក្រុមហ៊ុនផលិតក្នុងស្រុក និងយានយន្តអគ្គិសនី។

ស្រឡាយម៉ូដែលនេះមានពីរវគ្គតុបតែង (trims) ជម្រើស ដោយក្នុងនោះកំណែទម្រង់ ST-Line មានតម្លៃ ប្រហែល 33,958 ដុល្លារអាមេរិក)។ ម៉ូដែលទាំងពីរប្រើប្រាស់ប្រព័ន្ធកូនកាត់ 2.0T EcoBoost E hybrid របស់ Ford និងដៅដៅលើក្រុមអ្នកទិញដែលស្វែងរកសមត្ថភាពបើកបរខ្ពស់ ដោយមិនទាន់ចង់ផ្លាស់ប្តូរទាំងស្រុងទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ (BEV) នៅឡើយ។

ប្រព័ន្ធកូនកាត់កម្លាំងខ្លាំង ផ្តោតលើប្រសិទ្ធភាពឥន្ធនៈដោយមិនលះបង់សមត្ថភាព Mondeo Sport Edition បានរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំងទើបូ (turbocharged) ចំណុះ 2.0 លីត្រ EcoBoost ជាមួយម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងសរុបចុងក្រោយបានរហូតដល់ 308 សេះ។ ជំនួសឱ្យការប្រើប្រាស់ប្រព័ន្ធអគ្គិសនីគ្រាន់តែដើម្បីបំពេញតាមបទដ្ឋានបំភាយឧស្ម័ន ក្រុមហ៊ុន Ford បានកំណត់ទីតាំងប្រព័ន្ធនេះជុំវិញការផ្តល់នូវសន្ទុះស្ទុះខ្លាំងក្លា ព្រមទាំងជួយកាត់បន្ថយការស៊ីសាំងក្នុងកំឡុងពេលបើកបរក្នុងល្បឿនថេរ និងការធ្វើដំណើរលើផ្លូវល្បឿនលឿន។

កម្រិតស៊ីសាំងសរុបតាមស្តង់ដារ WLTC របស់យានយន្តនេះ ត្រូវបានវាយតម្លៃត្រឹម 5.99 លីត្រ/100 គីឡូម៉ែត្រ ខណៈកម្រិតស៊ីសាំងលើផ្លូវល្បឿនលឿនធ្លាក់ចុះមកត្រឹមតែ 4.64 លីត្រ/100 គីឡូម៉ែត្រ។ ផ្អែកលើទិន្នន័យការស៊ីសាំងរបស់ WLTC ក្រុមហ៊ុន Ford បានបង្ហាញពីចម្ងាយបើកបរទ្រឹស្តីរហូតដល់ 915 គីឡូម៉ែត្រ ហើយបានបញ្ជាក់ថា ការសាកល្បងរបស់ក្រុមហ៊ុនបានផ្ទៀងផ្ទាត់ថាគោលដៅនេះគឺអាចសម្រេចបាន ពិតមែន ទោះបីជាលទ្ធផលជាក់ស្តែងនឹងប្រែប្រួលអាស្រ័យលើគុណភាពប្រេងឥន្ធនៈ លក្ខខណ្ឌផ្លូវថ្នល់ ទម្លាប់បើកបរ និងលក្ខខណ្ឌប្រតិបត្តិការផ្សេងៗក៏ដោយ។

យុទ្ធសាស្ត្រមួយនេះ មានភាពខុសប្លែកពីគូប្រជែងចិនជាច្រើននៅក្នុងផ្នែក Plug-in Hybrid (PHEV) ដែលពួកវាផ្តល់អាទិភាពលើកញ្ចប់អាគុយខ្នាតធំ និងការបង្កើនចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានឆ្ងាយ។ ផ្ទុយទៅវិញ Ford នៅតែបន្តសង្កត់ធ្ងន់លើស្ថាបត្យកម្មកូនកាត់ Hybrid បែបប្រពៃណី ដែលជួយកាត់បន្ថយភាពស្មុគស្មាញ និងការពឹងផ្អែកលើការសាកថ្ម រួមទាំងជម្រុញប្រសិទ្ធភាពប្រើប្រាស់។

Mondeo នៅតែជាទ្រព្យសកម្មរថយន្តអ្នកដំណើរដ៏សំខាន់របស់ Ford China ការដាក់លក់នេះ ធ្វើឡើងបន្ទាប់ពីការវិនិយោគជាបន្តបន្ទាប់របស់ Ford ទៅលើស្រឡាយរថយន្តគ្រួសារ Mondeo ដែលរចនាឡើងជាពិសេសសម្រាប់ទីផ្សារចិន។ កាលពីខែធ្នូ ឆ្នាំ 2025 កន្លងទៅ ក្រុមហ៊ុន Ford បានណែនាំរថយន្ត Mondeo ប្រភេទ Sedan ស៊េរីធ្វើបច្ចុប្បន្នភាពថ្មី ដើរដោយម៉ាស៊ីនសាំងទើបូ 2.0T ផលិតកម្លាំងបាន 192 kW (257 សេះ) និងកម្លាំងរមួល 408 Nm ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរក្សាម៉ូដែលមួយនេះ ទោះបីជាតម្រូវការរថយន្តប្រភេទ Sedan កំពុងធ្លាក់ចុះនៅក្នុងទីផ្សារសកលជាច្រើនក៏ដោយ។

ស៊េរី Sport Edition ថ្មីនេះ បានពង្រីកស្លាកឈ្មោះម៉ូដែលឱ្យឈានចូលទៅក្នុងផ្នែក Crossover-Fastback ខណៈពេលដែលនៅតែរក្សាម៉ាកយីហោ Mondeo ដែលធ្លាប់ស្គាល់យ៉ាងច្បាស់ពីសំណាក់អ្នកប្រើប្រាស់ជនជាតិចិន។ ជាមួយនឹងប្រវែងតួខ្លួន 4,920 មីឡីម៉ែត្រ និងប្រវែងចន្លោះកង់មុខក្រោយ 2,945 មីឡីម៉ែត្រ យានយន្តនេះស្ថិតនៅផ្នែកខាងលើនៃរថយន្តខ្នាតមធ្យម (midsize segment) ដោយកំណត់ទីតាំងប្រកួតប្រជែងជាមួយទាំងគូប្រជែងក្រុមហ៊ុនរួមទុន (joint-venture) បែបប្រពៃណី និងផលិតផលក្នុងស្រុកដែលមានភាពទំនើបជឿនលឿនឡើងៗ។

កាប៊ីនឌីជីថលទទួលបានការធ្វើបច្ចុប្បន្នភាពយ៉ាងស៊ីជម្រៅ ក្រុមហ៊ុន Ford បានដំឡើងកញ្ចប់បច្ចេកវិទ្យារបស់យានយន្តនេះ ជាមួយប្រព័ន្ធកម្សាន្តព័ត៌មាន Sync Max ជំនាន់ថ្មី ដែលដំណើរការដោយបន្ទះឈីប Snapdragon 8155

ស្ថាបត្យកម្មបច្ចេកវិទ្យានេះ គាំទ្រដល់រយៈពេលដំណើរការបើកប្រព័ន្ធបានលឿនជាងមុន និងអនុញ្ញាតឱ្យជំនួយការបញ្ជាដោយសំឡេងជំនាន់ទីបួន VA4.0 ដំណើរការមុខងារគំរូភាសាខ្នាតធំ (Large Language Model - LLM) ថែមទៀតផង។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទង និងបញ្ជាដោយសំឡេងបែបសន្ទនាទូទៅបានកាន់តែទូលំទូលាយ ជំនួសឱ្យការរំពឹងផ្អែកតែលើរចនាសម្ព័ន្ធពាក្យបញ្ជាថេរ ឬទម្រង់ចាស់ៗ។

ការកាប់កម្រិតបន្ថែមរួមមាន ប្រព័ន្ធកាមេរ៉ាប៉ាណូរ៉ាម៉ា 540 ដឺក្រេ ដែលរួមបញ្ចូលការបង្ហាញរូបភាពមើលធ្លុះបាតក្រោមរថយន្ត (underbody visualisation) ជាមួយកាមេរ៉ាមើលជុំវិញខ្លួនបែបប្រពៃណី ដើម្បីជួយសម្រួលដល់ភាពងាយស្រួលក្នុងការបើកបរ និងបត់បែនក្នុងបរិស្ថានទីក្រុងដែលមានលំហរតូចចង្អៀត។

ហេតុអ្វីបានជាការដាក់លក់នេះមានសារៈសំខាន់នៅពេលនេះ? Mondeo Sport Edition ឈានជើងចូលមកដល់ ចំពេលដែល Ford កំពុងប្រឈមមុខនឹងបរិយាកាសប្រកួតប្រជែងដ៏លំបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសចិន។

កាលពីខែមីនា ឆ្នាំ 2026 នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានពិពណ៌នាថាយានយន្តរបស់ចិនគឺជា «សត្វដែលមានប្រភេទខុសប្លែកពីគេ (different animals)» ដោយលោកបានទទួលស្គាល់ពីការអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងគំហក និងរចនាសម្ព័ន្ធថ្លៃដើមដ៏គួរឱ្យខ្លាចរបស់ឧស្សាហកម្មរថយន្តចិន។ មតិយោបល់ទាំងនេះបានឆ្លុះបញ្ចាំងពីសម្ពាធដ៏ធំដែលកំពុងកើនឡើងលើក្រុមហ៊ុនផលិតរថយន្តសកល ខណៈពេលដែលពួកគេព្យាយាមការពារចំណែកទីផ្សាររបស់ខ្លួនទល់នឹងគូប្រជែងចិនដែលមានសមត្ថភាពកាន់តែខ្ពស់។

ការដាក់សម្ពោធនេះ បានបង្ហាញឱ្យឃើញពីយុទ្ធសាស្ត្ររបស់ Ford ក្នុងការប្រកួតប្រជែងតាមរយៈប្រព័ន្ធថាមពលកូនកាត់ Hybrid និងការដំឡើងបច្ចេកវិទ្យាក្នុងឡាន ជំនួសឱ្យការលោតចូលដោយផ្ទាល់ទៅក្នុងសង្គ្រាមតម្លៃរថយន្តអគ្គិសនី (EV price war) នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណា ឧបសគ្គចម្បងនោះគឺ ទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិននៅតែបន្តផ្លាស់ប្តូរទីតាំងយ៉ាងលឿនឆ្ពោះទៅរកយានយន្តថាមពលថ្មី (NEVs) ដែលវាកំពុងបង្កើនសម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុនផលិតរថយន្តសកល ខណៈពេលដែលម៉ាកយីហោក្នុងស្រុករបស់ចិនកំពុងពង្រីកឧត្តមភាពផ្នែកបច្ចេកវិទ្យា និងថ្លៃដើមរបស់ពួកគេកាន់តែធំទៅៗ។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)