Admin, 20 March 2026

          បច្ចុប្បន្នភាពថ្ងៃទី 09/03/2026 ម៉ោង 1:15នាទីរសៀល៖ អ្នកតំណាងក្រុមហ៊ុន Ford បានបញ្ជាក់ប្រាប់សារព័ត៌ Automative ក្នុងស្រុកថា តម្លៃដែលបានលេចធ្លាយក្នុងឯកសារ​កន្លង​មកគឺជាការពិត។ រថយន្ត 2026 Dark Horse SC នឹងមានតម្លៃចាប់ផ្តើមពី 108,485 ដុល្លារអាមេរិក ហើយសម្រាប់ជម្រើសបំពាក់កញ្ចប់ Track Pack នឹងត្រូវចំណាយដល់ទៅ 144,985 ដុល្លារ សម្រាប់ទីផ្សារអាមេរិក។

កាលពីខែមករា ក្រុមហ៊ុន Ford បានបង្ហាញនូវរថយន្តជំនាន់ថ្មីដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ ដើម្បីមកបន្តវេនពី Mustang Shelby GT500 ប៉ុន្តែអ្វីដែលបង្កឱ្យមានការជជែក​ដេញដោល​នោះ​គឺ ក្រុមហ៊ុនបានលុបឈ្មោះ Shelby ចោល ហើយដាក់ឈ្មោះម៉ូដែលថ្មីនេះថា Dark Horse SC វិញ។ Mustang Dark Horse SC បំពាក់ដោយម៉ាស៊ីន Supercharged 5.2 លីត្រ V-8 ដែលនឹងក្លាយជា "ស្តេចកម្លាំង" ក្នុងការបើកបរ ទោះបីជាយើងនៅរង់ចាំក្រុមហ៊ុន Ford បញ្ជាក់ពីចំនួនសេះ (Horsepower) ពិតប្រាកដក៏ដោយ។


យោងតាមឯកសារលេចធ្លាយពីអនុស្សរណៈរបស់អ្នកចែកចាយ (Dealer memo) ដែលចេញ ផ្សាយ ដោយលោក Kelly Aiken នៃក្រុមហ៊ុន Kelltrac បានបង្ហាញពីតម្លៃដ៏ខ្ពស់កប់ ពពក ដូចខាងក្រោម៖

តម្លៃ និងកញ្ចប់ជម្រើស

  • ម៉ូដែលគ្រឹះ (Base Model): តម្លៃ 108,485 ដុល្លារ (រួមបញ្ចូលទាំងថ្លៃដឹកជញ្ជូន និងពន្ធលើការប្រើប្រាស់ប្រេងច្រើន)។
  • កញ្ចប់ Track Pack: តម្លៃសរុបឡើងដល់ 144,985 ដុល្លារ។ កញ្ចប់នេះរួមមាន ស្លាបក្រោយ (Wing) ធំដែលអាចកែសម្រួលបាន, ប្រព័ន្ធបូម MagneRide ដែលរៀបចំថ្មី, កង់ធ្វើពី Carbon-fiber, សំបកកង់ Michelin Pilot Sport Cup R និងហ្វ្រាំង Carbon-ceramic ដែលយកចេញពីម៉ូដែល Mustang GTD។ ផ្នែកខាងក្នុងបំពាក់កៅអីស្ព័រ Recaro និងដកកៅអីជួរក្រោយចេញ។
  • កញ្ចប់ Track Pack Special Edition: តម្លៃឡើងដល់ 175,965 ដុល្លារ (កើនឡើង 30,980 ដុល្លារបន្ថែមទៀត)។ កញ្ចប់នេះបន្ថែមនូវដំបូលពណ៌ខ្មៅ, ការតុបតែង ពណ៌ក្រហម, គ្រឿងលម្អ Carbon-fiber និងគ្រឿងតុបតែងទីតានីញ៉ូមដែលផលិត ដោយម៉ាស៊ីនព្រីន 3D ពីម៉ូដែល GTD។



ការប្រៀបធៀបជាមួយជំនាន់មុន

តម្លៃនេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងជំនាន់មុន។ កាលពីឆ្នាំ 2022 ដែលជាឆ្នាំចុងក្រោយនៃម៉ូដែល Shelby GT500 រថយន្តនេះមានតម្លៃចាប់ផ្តើមត្រឹមតែ 80,795 ដុល្លារ ប៉ុណ្ណោះ។ បើទោះបីជាគិតបញ្ចូលអត្រាអតិផរណានាពេលបច្ចុប្បន្ន (ស្មើនឹងប្រហែល 93,500 ដុល្លារ) ក៏ដោយ ក៏ Dark Horse SC នៅតែមានតម្លៃថ្លៃជាងឆ្ងាយ។ ចំណែកឯកញ្ចប់ Carbon Fiber Track Pack របស់ Shelby កាលនោះមានបន្ថែមតម្លៃត្រឹមតែ 18,500 ដុល្លារ ខណៈដែលកញ្ចប់ Track Pack ថ្មីនេះមានបន្ថែមតម្លៃដល់ទៅ 36,500 ដុល្លារ។


ប្រសិនបើរបាយការណ៏នេះត្រឹមត្រូវ វានឹងក្លាយជាការដំឡើងថ្លៃដ៏ថ្លៃមួយដែលនាំឱ្យមាន ការភ្ញាក់ផ្អើលដល់អតិថិជនស្មោះស្ម័គ្ររបស់ Ford។ ទោះបីជារថយន្តនេះមានរូបរាង​អស្ចារ្យក៏ដោយវានៅតែជាសំណួរថាតើអ្នកទិញនឹងសុខចិត្តចំណាយប្រាក់ច្រើនជាងមុនបែបនេះឬទេ? កត្តាសម្រេចចិត្តសំខាន់នឹងស្ថិតនៅលើ "កម្លាំងសេះ" ដែល Ford កំពុងលាក់បាំង។ យើងរំពឹងថាវាមានកម្លាំងនៅចន្លោះពី 760 សេះ (របស់ GT500) ទៅ 815 សេះ (របស់ GTD) ប៉ុន្តែយើងត្រូវរង់ចាំការប្រកាសតួលេខផ្លូវការជាបន្តទៀត៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)