Admin, 14 April 2026

             រថយន្ត Ford Bronco បានក្លាយជាជម្រើសដ៏សម្បូរបែបក្នុងពិភព Off-road ដែលមានជម្រើសជាច្រើនរាប់ចាប់តាំងពីម៉ូដែលទ្វារពីរតម្លៃ 42,490 ដុល្លារ រហូតដល់ម៉ូដែល Bronco Raptor តម្លៃ 81,990 ដុល្លារ (សម្រាប់ទីផ្សារក្រៅប្រទេស)។ ក្រៅពីកំណែពិសេសបែបបុរាណដូចជា Heritage និង Stroppe ក៏មានកញ្ចប់តុបតែង Off-road ជាច្រើនទៀត ហើយម៉ូដែល RTR ថ្មីក៏នឹងចូលរួមក្នុងស្រឡាយនេះសម្រាប់ឆ្នាំ 2027 ផងដែរ។ ប៉ុន្តែមុននឹងដល់ពេលនោះ ក្រុមហ៊ុន Ford កំពុងពង្រីកសមត្ថភាពរបស់ Bronco ដោយនាំយកកញ្ចប់ Wildtrak ត្រឡប់មកវិញសម្រាប់ស៊េរីឆ្នាំ 2026កញ្ចប់ Wildtrak បានបង្ហាញខ្លួនដំបូងនៅពេលដែលឈ្មោះ Bronco ត្រឡប់មកកាន់ទីផ្សារវិញក្នុងឆ្នាំ 2021 ប៉ុន្តែវាបានបាត់មុខទៅវិញបន្ទាប់ពីស៊េរីឆ្នាំ 2024។ នៅពេលដាក់សម្ពោធដំបូង យើងធ្លាប់បានប្រសិទ្ធនាមថា Wildtrak គឺជា "កំពូលរថយន្ត Bronco" ដោយសារវាមានគ្រឿងបន្លាស់ Off-road ពេញលេញ (មុនពេលវត្តមានរបស់ Bronco Raptor)



ទោះជាយ៉ាងណា ម៉ូដែល Raptor ហាក់ដូចជា "លើសតម្រូវការ" បន្តិចសម្រាប់ការបើកបរប្រចាំថ្ងៃ ចំណែកឯ Wildtrak ផ្តល់នូវសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្លូវលំបាកៗ ដោយមិនមានរូបរាងធំពេក ឬកម្លាំងខ្លាំងហួសហេតុដូច Raptor ឡើយ។ កញ្ចប់ Wildtrak ថ្មីនេះមានផ្តល់ជូនផ្តាច់មុខសម្រាប់តែប្រភេទ Badlands ប៉ុណ្ណោះ ហើយខុសពីមុនដែលធ្លាប់មានទាំងប្រភេទទ្វារពីរ និងទ្វារបួន សម្រាប់ឆ្នាំ 2026 នេះ វាមានផ្តល់ជូនសម្រាប់តែប្រភេទ ទ្វារបួន តែមួយគត់។

លក្ខណៈបច្ចេកទេស និងគ្រឿងបំពាក់

រថយន្ត Bronco ដែលបំពាក់កញ្ចប់ Wildtrak នឹងមកជាស្តង់ដារជាមួយ៖

  • ម៉ាស៊ីន: 2.7 លីត្រ V-6 Twin-turbo កម្លាំង 330 សេះ។
  • ប្រអប់លេខ: លេខអូតូ 10 វគ្គល្បឿន
  • កញ្ចប់ Sasquatch: រួមមានសំបកកង់ 35 អ៊ីញ, ធ្មេញលីបខ្លី (Shorter final-drive ratio) និងប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែល (Diff-lock) អគ្គិសនីទាំងមុខ និងក្រោយ។
  • ប្រព័ន្ធបូម: បន្ថែមនូវបូម HOSS 3.0 ដែលប្រើបូម Fox internal bypass (ជំនួសឱ្យបូម Bilstein ស្តង់ដារលើប្រភេទ Badlands ធម្មតា)។
  • កញ្ចប់តុបតែង: រួមបញ្ចូលកញ្ចប់ Black Appearance ដែលផ្តល់នូវរូបរាងកាន់តែរឹងមាំ និងអង់អាច។


ការអាប់ដេតផ្សេងៗ និងតម្លៃ

Ford ក៏បានប្រកាសពីការផ្លាស់ប្តូរមួយចំនួនទៀតសម្រាប់ឆ្នាំ 2026 ផងដែរ រួមមាន៖ ពណ៌ទឹកក្រូចថ្មី (Orange Fury Metallic) ដែលធ្លាប់មានលើ Mustang, ជម្រើសដំបូលលាបពណ៌ផ្សេងសម្រាប់ប្រភេទ Outer Banks និង Raptor ព្រមទាំងប៊ូតុងចុចកូដសោ (SecuriCode) នៅលើទ្វារ។

ការអាប់ដេតទាំងនេះបានចាប់ផ្តើមអនុវត្តលើរថយន្ត Bronco តាំងពីថ្ងៃទី 23 ខែមីនា កន្លងទៅ។ សម្រាប់តម្លៃវិញ កញ្ចប់ Wildtrak ឆ្នាំ 2026 នឹងត្រូវបន្ថែមទឹកប្រាក់ចំនួន 11,945 ដុល្លារ ទៅលើតម្លៃរថយន្តប្រភេទ Badlands ដែលធ្វើឱ្យតម្លៃសរុប (MSRP) សម្រាប់រថយន្ត Bronco Badlands Wildtrak ទ្វារបួន ឡើងដល់ 62,830 ដុល្លារ៕


ប្រភព៖ United State

ប្រែសំរួល៖ Chea SokNang (AC Auto)