Admin, 30 July 2026

                 ក្រុមហ៊ុន Ford បានចេញលិខិតប្រកាសប្រមូលរថយន្តជាងកន្លះលានគ្រឿង នៅក្នុងស្រឡាយម៉ូដែល Bronco និង Bronco Raptor ត្រឡប់មកវិញ។ ឯកសារដែលបានដាក់ជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិក (NHTSA) បង្ហាញថា ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្ត SUV ម៉ូដែល Bronco និង Bronco Raptor ចំនួន 565,691 គ្រឿង ស៊េរីឆ្នាំ 2021–2026 ត្រឡប់មកវិញ។

យោងតាមឯកសាររបស់ NHTSA ការប្រមូលរថយន្តត្រឡប់មកវិញនេះ គឺជារឿងចាំបាច់ ដោយសារតែបណ្តាញខ្សែភ្លើង (wiring harness) នៅក្នុងប្លុកម៉ាស៊ីនអាចនឹងឆ្លងសៀគ្វី (short-circuit) បង្កើតឱ្យមានផ្កាភ្លើង និងអាចបង្កឱ្យមានអគ្គិភ័យកើតឡើង។ របាយការណ៍នៅក្នុងឯកសារបានបញ្ជាក់ថា ប្រព័ន្ធការពារការកកិតនៅលើបណ្តាញខ្សែភ្លើងមានកម្រិតមិនគ្រប់គ្រាន់ ដែលអនុញ្ញាតឱ្យមានការកកិតរវាងខ្សែភ្លើង និងផ្នែកក្បែរៗនោះ រហូតធ្វើឱ្យលេចចេញខ្សែភ្លើងខាងក្នុង។ ប្រសិនបើសិនជាករណីនេះកើតឡើង ខ្សែភ្លើងដែលលេចចេញមកនោះ អាចនឹងឆ្លងសៀគ្វីជាចន្លោះៗ បង្កើតជាធ្នូភ្លើង (arcs) និងអាចបង្កឱ្យមានអគ្គិភ័យឆេះនៅក្នុងប្លុកម៉ាស៊ីន។

យោងតាមលិខិតស្នាមនៃការប្រមូលរថយន្ត ករណីឆ្លងសៀគ្វីនៅក្នុងប្លុកម៉ាស៊ីន អាចបណ្តាលឱ្យមានផ្សែងហុយចេញតាមរន្ធខ្យល់ម៉ាស៊ីនត្រជាក់ក្នុងកាប៊ីន។ អ្នកបើកបរក៏អាចនឹងទទួលបានការជូនដំណឹងអំពីបញ្ហានេះ តាមរយៈសារព្រមាននៅលើអេក្រង់កុងទ័រផងដែរ។ ឯកសារប្រមូលរថយន្តបានបង្ហាញថា នៅពេលដាក់លិខិត ក្រុមហ៊ុន Ford បានដឹងពីឧបទ្ទវហេតុចំនួន 15 ករណី ដែលពាក់ព័ន្ធនឹងអគ្គិភ័យ ដែលអាចចាប់ផ្តើមចេញពីបណ្តាញខ្សែភ្លើងនៅក្នុងប្លុកម៉ាស៊ីន។

ម្ចាស់រថយន្តដែលរងផលប៉ះពាល់ នឹងត្រូវបានជូនដំណឹង និងទទួលបានការបកស្រាយឱ្យយករថយន្ត Bronco របស់ពួកគេទៅកាន់ដេប៉ូចែកចាយរបស់ Ford ដើម្បីទទួលបានសេវាកម្មជួសជុល។ ក្រុមបច្ចេកទេសនៅតាមដេប៉ូ នឹងដំឡើងស្រោមការពាររលក (convolute sheathing) ជាមួយស្កុតការពារការកកិត (abrasion tape) ទៅលើបណ្តាញខ្សែភ្លើង ដើម្បីការពារការដាច់រលាត់ និងកាត់បន្ថយហានិភ័យនៃការឆ្លងសៀគ្វីនាពេលអនាគត។ ការជូនដំណឹងទៅកាន់ដេប៉ូចែកចាយបានចាប់ផ្តើមរួចហើយ ដោយក្រុមហ៊ុន Ford មានផែនការជូនដំណឹងទៅកាន់ម្ចាស់រថយន្ត ក្នុងចន្លោះថ្ងៃទី 24 ដល់ថ្ងៃទី 28 ខែសីហា2026ខាងមុខនេះ


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)