Admin, 07 February 2026

           របាយការណ៍ដែលថា ក្រុមហ៊ុន Ford បានពិភាក្សាអំពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុន រួមគ្នាជាមួយក្រុមហ៊ុន Xiaomi ដើម្បីផលិតរថយន្តអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានបដិសេធដោយក្រុមហ៊ុនទាំងពីរ បន្ទាប់ពីមានការចុះផ្សាយដោយសារព័ត៌មាន Financial Times។ ការអះអាងនេះ (ដែលយោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ) ត្រូវបានបន្តដោយសេចក្តីថ្លែងការណ៍បដិសេធពី Ford និង Xiaomi ដោយបានទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធភាពនៃកិច្ចសហការរវាងក្រុមហ៊ុនផលិតរថយន្តចិន និងក្រុមហ៊ុនអាមេរិក ចំពេលដែលមានការរឹតបន្តឹងផ្នែកបទប្បញ្ញត្តិលើសកម្មភាពរថយន្ត ចិននៅ  ក្នុងទីផ្សារសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Aastocks ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា របាយការណ៍ស្តី ពីការចរចាជាមួយ Ford លើការបង្កើតក្រុមហ៊ុនរួមគ្នាគឺមិនពិតទេ ហើយក្រុមហ៊ុនមិនបាន ធ្វើការពិភាក្សាបែបនេះឡើយ។ Xiaomi ក៏បានបន្ថែមថា បច្ចុប្បន្នខ្លួនមិនមានលក់ផលិតផល ឬសេវាកម្មណាមួយនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ក្រុមហ៊ុន Ford ក៏បានចេញការឆ្លើយ តបស្រដៀងគ្នា ដោយពណ៌នារបាយការណ៍នោះថាជា "រឿងមិនពិតទាំងស្រុង និងគ្មានមូលដ្ឋានជាក់ស្តែង" ដែលជំហរនេះត្រូវបានបញ្ជាក់បន្ថែមដោយរបាយការណ៍ពី Reuters ដែលដកស្រង់ការបដិសេធរបស់ Ford ចំពោះការអះអាងរបស់ Financial Times។


សារព័ត៌មាន Financial Times បានរាយការណ៍ថា មនុស្ស 4 នាក់ដែលជិតស្និទ្ធនឹង រឿងនេះ បាននិយាយថា Ford បានបើកការពិភាក្សាបឋមជាមួយ Xiaomi អំពីកិច្ចសហការដែលអាចនាំ ទៅដល់ការផលិតរថយន្តអគ្គិសនីក្នុងសហរដ្ឋអាមេរិក។ របាយការណ៍ក៏បានលើកឡើងដែរថា Ford បានទាក់ទងជាមួយ BYD និងក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀតទាក់ទងនឹង កិច្ចសហការសក្តានុពលក្នុងទីផ្សារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងទាំងនេះ មិនត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនណាមួយឡើយ។ កន្លងមក ថ្នាក់ដឹកនាំរបស់ Ford ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ជាសាធារណៈចំពោះបច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ចិន។ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley ធ្លាប់បានសរសើរជាសាធារណៈនូវរថយន្ត អគ្គិសនីចិន និងថែមទាំងបាននាំចូលរថយន្ត Xiaomi SU7 មួយគ្រឿងមកប្រើប្រាស់ ផ្ទាល់ខ្លួន ទៀតផង។ លោកក៏បានព្រមានថា គូប្រជែងចិនគឺជាការគំរាមកំហែងយ៉ាងខ្លាំងដល់ ក្រុមហ៊ុន ផលិតរថយន្តលោកខាងលិច ហើយក្រុមហ៊ុនចិនទំនងជានឹងឈានជើងចូលទីផ្សារ សហរដ្ឋអាមេរិក។

បរិយាកាសគោលនយោបាយកាន់តែទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក កំពុងមាន ភាពរឹតត្បិតកាន់តែខ្លាំងឡើងចំពោះផលិតផល និងបច្ចេកវិទ្យារថយន្តរបស់ចិន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដំឡើងពន្ធលើរថយន្តនាំចូលពីចិន និងរក្សាការរឹតត្បិត លើ Software និង Hardware របស់ចិនដែលប្រើក្នុងរថយន្តតភ្ជាប់បណ្តាញ។ សមាជិកសភាអាមេរិកក៏បានសម្តែងការព្រួយបារម្ភអំពីកិច្ចសហការរវាងក្រុមហ៊ុនផលិតរថយន្តអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាចិន ខណៈដែល Ford ក៏បានឈានដល់កិច្ចព្រមព្រៀង ផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន CATL ដើម្បីប្រើប្រាស់បច្ចេកវិទ្យាអាគុយក្នុងផលិតកម្មនៅ អាមេរិកផងដែរ។

Xiaomi បានឈានជើងចូលក្នុងវិស័យរថយន្តជាមួយនឹងការដាក់សម្ពោធម៉ូដែលអគ្គិសនីដំបូង របស់ខ្លួនក្នុងឆ្នាំ 2024 ដោយពង្រីកខ្លួនពីអាជីវកម្មគ្រឿងអេឡិចត្រូនិកប្រើប្រាស់ ចូលទៅក្នុង ទីផ្សាររថយន្តទេសចរណ៍ (Passenger Vehicle)។ ក្រុមហ៊ុនផលិតរថយន្តចិន រួមទាំង BYD បានពង្រីកការលក់យ៉ាងខ្លាំងនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន ជាមួយនឹងការបង្កើន ផលិតកម្មក្នុងស្រុកនៅក្នុងតំបន់ទាំងនោះ។

ការបដិសេធរបស់ Xiaomi និង Ford បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការចរចាបណ្តាក់ទុន រួមគ្នាណាមួយកំពុងប្រព្រឹត្តទៅរវាងក្រុមហ៊ុនទាំងពីរសម្រាប់ការផលិតរថយន្តអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)