Admin, 02 October 2026

          ក្រុមហ៊ុន GAC Group មានផែនការចេញផ្សាយភាគហ៊ុន ដើម្បីទិញយកភាគហ៊ុនចំនួន 50% របស់ក្រុមហ៊ុន China FAW នៅក្នុងក្រុមហ៊ុន FAW Toyota ដោយការជួញដូរភាគហ៊ុនប្រភេទ A-shares របស់ខ្លួន ត្រូវ បានកំណត់កាលវិភាគចាប់ផ្តើមឡើងវិញ នៅពេលទីផ្សារបើកដំណើរការនាថ្ងៃអង្គារ ទី 29 ខែកញ្ញា។

GAC បានលាតត្រដាងពីការរៀបចំនេះ នៅក្នុងផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបឋម កាលពីថ្ងៃចន្ទ ដោយបានកំណត់អត្តសញ្ញាណគោលដៅទិញយកដែលមិនទាន់បានបញ្ចេញឈ្មោះកាលពីមុន និងជម្រុញភាពជាដៃគូភាគហ៊ុនរបស់ខ្លួនជាមួយ FAW។

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានអនុម័តផែនការបឋមនេះ។ ភាគហ៊ុន A-shares របស់ GAC ត្រូវ បានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី 14 ខែកញ្ញា នៅពេលដែលខ្លួនបានលាតត្រដាងផែនការទិញយកភាគហ៊ុន នៅក្នុងក្រុមហ៊ុនរួមទុនផលិតយានយន្តមិនបញ្ជាក់ឈ្មោះមួយ ដែលកាន់កាប់ដោយ FAW។

ក្រោមផែនការនេះ ភាគហ៊ុនដែលត្រូវ បានចេញផ្សាយដើម្បីផ្តល់មូលនិធិសម្រាប់ការទិញយក នឹងត្រូវ បានកំណត់តម្លៃ ប្រហែល 0.85 ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ តម្លៃប្រតិបត្តិការ និងចំនួនភាគហ៊ុនដែលត្រូវចេញផ្សាយ មិនទាន់ត្រូវ បានកំណត់នៅឡើយទេ ដោយសារតែការងារសវនកម្ម និងការវាយតម្លៃមិនទាន់បានបញ្ចប់ទាំងស្រុង។

នៅពេលបញ្ចប់ប្រតិបត្តិការ FAW ត្រូវ បានរំពឹងថានឹងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទីពីររបស់ GAC ហើយ FAW Toyota នឹងក្លាយជាក្រុមហ៊ុនរួមទុនរបស់ GAC។ អ្នកគ្រប់គ្រងចុងក្រោយរបស់ GAC នឹងនៅតែជាគណៈកម្មាធិការត្រួតពិនិត្យ និងរដ្ឋបាលទ្រព្យសកម្មរដ្ឋក្រុងក្វាងចូវ (Guangzhou State-owned Assets Supervision and Administration Commission)។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យ GAC នូវភាគហ៊ុននៅក្នុងក្រុមហ៊ុនរួមទុនភាគខាងជើង និងភាគខាងត្បូងរបស់ Toyota នៅក្នុងប្រទេសចិន ដោយបើកផ្លូវសម្រាប់ការសម្របសម្រួលលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការផលិត, ខ្សែសង្វាក់ផ្គត់ផ្គង់ និងការលក់។

GAC បាននិយាយថា ខ្លួនមានផែនការសម្របសម្រួល R&D ក្នុងស្រុក, ខ្សែសង្វាក់ផ្គត់ផ្គង់, ទីតាំងផលិតកម្ម និងធនធានពង្រីកទីផ្សារ ឆ្លងកាត់ក្រុមហ៊ុន FAW Toyota និង GAC Toyota ដើម្បីកាត់បន្ថយការវិនិយោគត្រួតគ្នា និងចែករំលែកថ្លៃដើមនៃនវានុវត្តន៍បច្ចេកវិទ្យា។

FAW Toyota ដំណើរការមូលដ្ឋានផលិតកម្មយានយន្ត និងរោងចក្រផលិតម៉ាស៊ីនទ្រទ្រង់ នៅក្នុងទីក្រុងធានជីន (Tianjin), ឆាងឈុន (Changchun) និងឆេងឌូ (Chengdu)។ ស្រឡាយផលិតផលរបស់វា គ្របដណ្តប់លើរថយន្តប្រើម៉ាស៊ីនសាំង, Hybrid និងរថយន្តអគ្គិសនីសុទ្ធ។

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ដែលបានសម្រង់នៅក្នុងផែនការ ការលក់សរុបបូកបញ្ចូលគ្នានៃ FAW Toyota និង GAC Toyota ស្មើនឹង ១៧.០៣% នៃទិន្នផលលក់រថយន្តអ្នកដំណើររបស់ក្រុមហ៊ុនរួមទុននៅក្នុងប្រទេសចិន នាឆ្នាំ ២០២៥។

ការទិញយកនេះ ក៏មានគោលបំណងកែលម្អប្រាក់ចំណេញរបស់ GAC ផងដែរ។ ក្រុមហ៊ុនបាននិយាយនៅក្នុងផែនការថា ខ្លួនបានកត់ត្រាខាតបង់សុទ្ធដែលជាកម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុននាឆ្នាំ ២០២៥ ដែលរងសម្ពាធពីការប្រកួតប្រជែងតម្លៃនៅក្នុងឧស្សាហកម្ម, ការធ្លាក់ចុះប្រាក់ចំណេញពីក្រុមហ៊ុនរួមទុន និងការចំណាយលើការធ្វើបរិវត្តកម្មរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញផ្ទាល់ខ្លួនរបស់ FAW Toyota ក៏កំពុងស្ថិតក្រោមសម្ពាធផងដែរ។ តួលេខមិនទាន់ធ្វើសវនកម្មបង្ហាញថា ចំណូលរបស់វាបានកើនឡើងដល់ 16.20 ពាន់លានដុល្លា ក្នុងឆ្នាំ 2025 ពីកម្រិត 15.89 ពាន់លានដុល្លា ក្នុងឆ្នាំ 2024 ខណៈដែលប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះមកត្រឹម 0.63 ពាន់លានដុល្លា ពីកម្រិត 0.70 ពាន់លានដុល្លា។

នៅក្នុងឆមាសទីមួយនៃឆ្នាំ 2026 FAW Toyota បានរាយការណ៍ពីចំណូលចំនួន 6.07 ពាន់លានដុល្លា និងប្រាក់ចំណេញសុទ្ធចំនួន 0.15ពាន់លានដុល្លា។ GAC បានព្រមានថា ការបន្តប្រកួតប្រជែងតម្លៃ និងការវិនិយោគលើអគ្គិសនីរូបនីយកម្ម (electrification) និងបច្ចេកវិទ្យាយានយន្តឆ្លាតវៃ អាចនឹងបន្តដាក់សម្ពាធលើសមត្ថភាពរកប្រាក់ចំណេញរបស់ខ្លួនបន្ថែមទៀត។

GAC រំពឹងថាការទិញយកនេះ នឹងរួមចំណែកជាវិជ្ជមានដល់ប្រាក់ចំណូលវិនិយោគ និងប្រាក់ចំណេញសុទ្ធ ប៉ុន្តែបាននិយាយថាខ្លួនមិនទាន់អាចគណនាបរិមាណផលប៉ះពាល់ហិរញ្ញវត្ថុបានត្រឹមត្រូវនៅឡើយទេ ខណៈដែលការងារសវនកម្ម និងការវាយតម្លៃមិនទាន់បញ្ចប់។

ក្រុមហ៊ុន ក៏មានផែនការចេញផ្សាយភាគហ៊ុនទៅឱ្យវិនិយោគិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនលើសពី 35 រូប ដើម្បីកៀរគរមូលនិធិទ្រទ្រង់សម្រាប់គម្រោងរបស់ FAW Toyota, ទុនបង្វិល, ការសងបំណុល និងចំណាយលើប្រតិបត្តិការ។

ការកៀរគរមូលនិធិ នឹងត្រូវ បានកំណត់កម្រិតអតិបរមាត្រឹម 100% នៃតម្លៃទិញយក ដោយចំនួនទឹកប្រាក់ជាក់ស្តែងមិនទាន់ត្រូវ បានកំណត់នៅឡើយទេ។ ការបញ្ចប់ការទិញយក មិនអាស្រ័យលើជោគជ័យនៃការកៀរគរមូលនិធិនេះឡើយ។

កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលប្រទេសចិនជម្រុញឱ្យមានការបូកបញ្ចូលគ្នានៅក្នុងឧស្សាហកម្មយានយន្តរបស់ខ្លួន។ ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ លើកទី 15 សម្រាប់ឧស្សាហកម្មយានយន្តថាមពលថ្មីភ្ជាប់ទំនាក់ទំនងឆ្លាតវៃ (NEV) ដែលបានចេញផ្សាយកាលពីដើមខែនេះ បានទាមទារឱ្យមានការខិតខំប្រឹងប្រែងកាន់តែធំធេង ក្នុងការជម្រុញការបូកបញ្ចូលគ្នា, ការទិញយក និងការរួមបញ្ចូលឆ្លងតំបន់ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត។

ប្រតិបត្តិការនេះ នៅតែទាមទារឱ្យមានការបញ្ចប់ការងារសវនកម្ម និងការវាយតម្លៃ, ការពិនិត្យឡើងវិញមួយលើកទៀតដោយក្រុមប្រឹក្សាភិបាលរបស់ GAC, ការអនុម័តពីម្ចាស់ភាគហ៊ុន, ការពិនិត្យឡើងវិញដោយផ្សារភាគហ៊ុនស៊ាងហៃ (Shanghai Stock Exchange) និងការចុះបញ្ជីជាមួយគណៈកម្មាធិការរៀបចំមូលបត្រចិន (China Securities Regulatory Commission) រួមទាំងនីតិវិធីផ្សេងៗទៀត។ GAC បាននិយាយថា ការបញ្ចប់ប្រតិបត្តិការនេះ នៅតែមានភាពមិនប្រាកដប្រជាឡើយ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)