Admin, 27 January 2026

              យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមហ៊ុន Geely កំពុងកំណត់គោលដៅដ៏​គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ចុងទសវត្សរ៍នេះ ដោយគ្រោងនឹងជំរុញការលក់​រថយន្តឱ្យ​លើស 6.5 លានគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ 2030 និងឈានជើងចូលទៅក្នុងចំណោមក្រុមហ៊ុន ផលិតរថយន្ កំពូលទាំង 5 នៅទូទាំងពិភពលោក។ ផែនការនេះក៏បានកំណត់គោលដៅចំណូលប្រចាំឆ្នាំឱ្យលើសពី 143.6 ពាន់លាន ដុល្លារអាមេរិក ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើការផលិតរថយន្តអគ្គិសនី។ នេះគឺជាសញ្ញាយ៉ាងច្បាស់ថា Geely មើលឃើញថា "ទំហំផលិតកម្ម" និង "រថយន្តថាមពលថ្មី" គឺជាមធ្យោបាយតែមួយគត់ដើម្បីប្រកួតប្រជែងក្នុងទីផ្សារដែលម៉ាកយីហោចិនកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។


គោលដៅឆ្នាំ 2030 និងអ្វីដែលត្រូវបង្ហាញ


គោលដៅចម្បងគឺការលក់រថយន្តឱ្យបានលើសពី 6.5 លានគ្រឿងក្នុងមួយឆ្នាំ ដែលរួម​បញ្ចូលទាំ​ងរថយន្តទេសចរណ៍ និងរថយន្តសម្រាប់ពាណិជ្ជកម្ម នៅត្រឹមឆ្នាំ 2030 អមដោយ​គោលដៅចំណូលលើសពី 143.6 ពាន់លាន ដុល្លារអាមេរិក។

អ្វីដែលសំខាន់មិនចាញ់គ្នានោះគឺ ការផ្លាស់ប្តូរប្រភេទផលិតផល ដោយក្រុមហ៊ុនគ្រោងឱ្យ រថយន្តថាមពលថ្មី (NEVs) មានចំនួនប្រហែល 75% នៃការលក់សរុបនៅត្រឹមចុងទសវត្សរ៍ នេះ។ លើសពីនេះ Geely ក៏ដាក់គោលដៅឱ្យទីផ្សារក្រៅប្រទេសមានចំណែកច្រើនជាង​មួយភាគបីនៃបរិមាណលក់សរុបរបស់ខ្លួន ដែលធ្វើឱ្យ "ការពង្រីកខ្លួនទៅអន្តរជាតិ" ក្លាយជាតម្រូវការស្នូលដ៏ធំមួយ។


របៀបដែល Geely គ្រោងនឹងពង្រីកទំហំផលិតកម្មឱ្យកាន់តែលឿន


Geely បានបញ្ជាក់ថា ផ្លូវឆ្ពោះទៅរកបរិមាណលក់ដ៏ច្រើនបែបនេះ គឺត្រូវឆ្លងកាត់ការកាត់​បន្ថយ​ចំនួន​គ្រោងឆ្អឹងរថយន្ត (Architectures), ការបង្រួមរយៈពេលនៃការអភិវឌ្ឍ​រថយន្ត​ឱ្យខ្លីជាងមុន និងការកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់រថយន្តនីមួយៗ។ ក្រុមហ៊ុនកំពុង​ពិភាក្សា​អំពីគ្រោងឆ្អឹងរថយន្តថាមពលថ្មីកម្រិតពិភពលោក ដែលអាចប្រើប្រាស់បានជាមួយ​រថយន្តច្រើនខ្នាត និងមានគោលដៅ កាត់បន្ថយថ្លៃដើមផលិតកម្មសរុបឱ្យបានជាង 30% សម្រាប់ម៉ូដែលនីមួយៗ ខណៈពេលដែលការកាត់បន្ថយពេលវេលាជាមធ្យមនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផងដែរ។

វិធីសាស្រ្តនេះត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យការដាក់សម្ពោធផលិតផលថ្មីៗអោយមានភាព​រហ័សរហួន និងធ្វើឱ្យការផលិតកាន់តែមានប្រសិទ្ធភាព ដែលវាពិតជាមានសារៈសំខាន់​នៅពេលដែលសម្ពាធតម្លៃមានភាពខ្លាំងក្លា ហើយអ្នកទិញកំពុងប្រៀបធៀបលក្ខណៈពិសេស និងបច្ចេកវិទ្យារវាងម៉ាកថ្មីៗដែលកំពុងកើនឡើង។ ប្រសិនបើ Geely អនុវត្តបានជោគជ័យ ក្រុមហ៊ុនកំពុងភ្នាល់ថា "ល្បឿន" និង "វិន័យនៃថ្លៃដើម" នឹងបង្កើតកន្លែងគ្រប់គ្រាន់ដើម្បី​ប្រកួតប្រជែងជាសកល ខណៈពេលដែលវារក្សាបាននូវប្រាក់ចំណេញផងដែរ។


ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់ទីផ្សារក្រៅពីប្រទេសចិន?


Geely មានវត្តមានយ៉ាងទូលំទូលាយរួចទៅហើយតាមរយៈម៉ាកយីហោ និងភាពជាដៃគូ​ផ្សេងៗ (ដូចជា Volvo, Polestar, Zeekr និង Lotus) ហើយយុទ្ធសាស្ត្រចែករំលែកបច្ចេកវិទ្យា​គឺជាផ្នែកមួយនៃរបៀបដែលខ្លួនរំពឹងថានឹងពង្រីកខ្លួនដោយមិនចាំបាច់ចាប់ផ្តើមបង្កើតអ្វីថ្មីទាំងអស់សម្រាប់រថយន្តនីមួយៗឡើយ។ គំរូអាជីវកម្មនេះកំពុងលេចចេញរូបរាងកាន់តែច្បាស់​នៅក្នុងផលិតផលដែលជាប់ទាក់ទងនឹងប្រព័ន្ធអេកូឡូស៊ីរបស់ Geely ហើយអត្ថន័យ​កាន់តែ​ទូលំទូលាយនោះគឺថា ក្រុមហ៊ុនផលិតរថយន្តចិនលែងគ្រាន់តែនាំចេញរថយន្តទៀតហើយ ប៉ុន្តែពួកគេកំពុង "នាំចេញល្បឿននៃការអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធថ្លៃដើម" ៕​

ប្រភព៖ Routers

ប្រែសំរួល៖ Chea SokNang (AC Auto)