Admin, 27 September 2026

           ថ្ងៃនេះ ក្រុមហ៊ុន Geely Auto បានប្រកាសជាផ្លូវការនូវបច្ចេកវិទ្យាសាកភ្លើង «បញ្ជាដោយ AI» របស់ខ្លួន គឺ «Geely Smart Charge» ដែលដំណើរការដោយគំរូថាមពលខ្នាតធំ (energy large model) របស់ Geely មានឈ្មោះថា Xingrui PowerMind។ ចំណុចសំខាន់នៃការប្រកាសនេះ គឺស្ថានីយសាកភ្លើង Geely Smart Charge ថ្មី ដែលមានកម្លាំងទិន្នផលថាមពលកំពូលនៃក្បាលសាកតែមួយ (single-gun peak power output) រហូតដល់ 2,250 kW ដែលបង្កើតនូវកំណត់ត្រាថ្មីនៅក្នុងឧស្សាហកម្មនេះ។

យោងតាម Geely ក្រុមហ៊ុនបានរៀបចំបញ្ចូលគ្នានូវគំរូថាមពល Xingrui PowerMind ដើម្បីបើកឱ្យដំណើរការនូវមុខងារស្នូលចំនួនបី៖ Extreme Charge, Smart Charge និង Auto Charge។ ដោយប្រើប្រាស់អាល់កូរីតទស្សន៍ទាយសីតុណ្ហភាព (thermal prediction algorithms) ប្រព័ន្ធនេះអាចទស្សន៍ទាយការប្រែប្រួលសីតុណ្ហភាពអាគុយបានមុន 30 វិនាទី ដោយកែសម្រួលកម្លាំងសាកភ្លើងតាមស្ថានភាពជាក់ស្តែង ដើម្បីរក្សាសីតុណ្ហភាពមធ្យមរបស់អាគុយឱ្យនៅក្រោម 55 អង្សាសេ និងសីតុណ្ហភាពកំពូលឱ្យស្ថិតនៅក្រោម 65 អង្សាសេយ៉ាងម៉ឺងម៉ាត់។

យោងតាមទិន្នន័យធ្វើតេស្តពីមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យាយានយន្តចិន (CATARC) រថយន្តម៉ូដែល Lynk & Co 10 ដែលបំពាក់បច្ចេកវិទ្យានេះ សម្រេចបានកម្លាំងសាកភ្លើងកំពូលរហូតដល់ 1,093 kW។ ក្នុងអំឡុងពេលសាកភ្លើងពី 10% ទៅ 97% អាគុយបានរក្សាសីតុណ្ហភាពនៅក្រោម 55អង្សាសេ ក្នុងរយៈពេល 57% នៃពេលវេលាសាកសរុប ដោយមានសីតុណ្ហភាពអតិបរមាដែលត្រួតពិនិត្យឃើញគឺ 64 អង្សាសេ។

បច្ចេកវិទ្យាអាគុយ

Geely ក៏បានណែនាំផងដែរនូវអាគុយផ្លាតខ្លីខ្លាំង (ultra-short blade batteries) ជំនាន់ថ្មី Aegis Golden Brick របស់ខ្លួន៖

  • អាគុយប្រភេទ 12C៖ ដែលមានបំពាក់នៅលើរថយន្ត Lynk & Co 10 និង Zeekr 001 អាគុយប្រវែង 395 មីឡីម៉ែត្រមួយនេះ សម្រេចបានអត្រាសាកភ្លើងកំពូលកម្រិត 12C។ ក្រោមសីតុណ្ហភាពធម្មតា វាអាចសាកពី 10% ទៅ 70% ក្នុងរយៈពេលប្រហែល 4 នាទី និង 30 វិនាទី ហើយពី 10%ទៅ 97% ក្នុងរយៈពេលប្រហែល 8នាទី និង40 វិនាទី។
  • អាគុយប្រភេទ 6C៖ ប្រភេទប្រវែង 370 មីឡីម៉ែត្រ ដែលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរថយន្ត Geely Galaxy E5 ថ្មី ផ្តល់នូវអត្រាសាកភ្លើងកំពូលកម្រិត 6C ដោយសម្រេចបានការសាកពី 10% ទៅ 70% ក្នុងរយៈពេលប្រហែល 8 នាទី និង 25 វិនាទី។

ហេដ្ឋារចនាសម្ព័ន្ធ និងកញ្ចប់លើកទឹកចិត្ត

នៅត្រឹមចុងឆ្នាំ 2027 ក្រុមហ៊ុនមានគោលដៅដាក់ពង្រាយក្បាលសាកភ្លើងឱ្យបានលើសពី 100,000 ក្បាលនៅទូទាំងប្រទេស ដោយក្នុងនោះជាង 50,000 ក្បាលជាប្រភេទ Geely Smart Charge ដែលធានាបាននូវការគ្របដណ្តប់នៅទូទាំងគ្រប់ស្រុក/ខណ្ឌ នៅក្នុងប្រទេសចិន។

ដើម្បីគាំទ្រដល់ការដាក់ប្រកាសនេះ Geely បានប្រកាសពីគោលនយោបាយលើកទឹកចិត្តអ្នកប្រើប្រាស់ថ្មី។ ម្ចាស់ដំបូងគេនៃម៉ូដែលថ្មីៗដែលបំពាក់បច្ចេកវិទ្យា Geely Smart Charge នឹងទទួលបានប្រាក់ឧបត្ថម្ភការសាកភ្លើងចំនួន 150 ដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរឆ្នាំ (សរុបចំនួន 300 ដុល្លារ) ដែលមានសុពលភាពសម្រាប់យានយន្តដែលបានទិញមុនថ្ងៃទី 1 ខែមករា ឆ្នាំ 2028។ លើសពីនេះ ការធានាអាគុយសម្រាប់ទាំងម៉ូដែលថ្មី និងម៉ូដែលបច្ចុប្បន្នដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានដំឡើងកម្រិតពី 8 ឆ្នាំ/150,000 គីឡូម៉ែត្រ ទៅ 8 ឆ្នាំ/200,000 គីឡូម៉ែត្រ។

មតិរបស់អ្នកសម្រួលអត្ថបទ (Editor’s comment)

Geely បានណែនាំបច្ចេកវិទ្យានេះតាំងពីខែមេសាឆ្នាំនេះមកម្ល៉េះ ហើយយើងក៏បានរាយការណ៍អំពីវានាពេលនោះដែរ។ នៅពេលដែលការសាកភ្លើងឈានដល់កម្រិតមេហ្គាវ៉ាត់ (megawatt) ការកែលម្អលើរយៈពេលសាកភ្លើងហាក់ដូចជាមានកម្រិតលីមីតខ្លាំងណាស់ ហើយល្បឿនសាកដែលបានបង្ហាញនេះ តាមពិតទៅគឺយឺតជាងអាគុយ Shenxing ជំនាន់ទីបីរបស់ CATL ទៅទៀត។ ដើម្បីប្រកួតប្រជែងជាមួយ BYD ត្រឹមតែល្បឿនសាកភ្លើងមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ការកសាងស្ថានីយសាកភ្លើងគឺជារឿងសំខាន់បំផុត។ យ៉ាងណាមិញ ក្រុមហ៊ុន BYD នឹងបញ្ចប់ការសាងសង់ស្ថានីយសាកភ្លើងល្បឿនលឿនខ្លាំង (flash-charging stations) ចំនួន 20,000 កន្លែងនាឆ្នាំនេះ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)