Admin, 12 February 2026
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters ក្រុមហ៊ុន Geely នឹងប្រើប្រាស់ ទីតាំងរោងចក្ររបស់ក្រុមហ៊ុន Ford ក្នុងតំបន់អឺរ៉ុប ដើម្បីផលិតរថយន្តសម្រាប់លក់ក្នុង តំបន់នោះ។ ជាការដោះដូរវិញ Geely នឹងផ្តល់ឱ្យ Ford នូវសិទ្ធិប្រើប្រាស់បច្ចេកវិទ្យាជំនួយការ បើកបរ (Assisted driving technologies) របស់ខ្លួន។ ភាគីទាំងពីរមានគោលដៅធំរួមគ្នាគឺ ការកាត់បន្ថយថ្លៃដើមផលិតកម្ម។
យោងតាមប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Geely និង Ford បានជួបប្រជុំគ្នានៅរដ្ឋ Michigan កាលពីសប្តាហ៍មុន។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិក មួយនេះ ក៏បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសចិន ក្នុងគោលបំណងបង្កើនការពិភាក្សា ឱ្យកាន់តែស៊ីជម្រៅ។ ទោះជាយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា ការចរចារវាង ភាគីទាំងពីរបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែមកហើយ។
បច្ចុប្បន្ន មន្ត្រីរបស់ Ford និង Geely មិនទាន់បានចែករំលែកព័ត៌មានជាក់លាក់ណា មួយអំពីកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅឡើយទេ។ គេនៅមិនទាន់ដឹងថា រោងចក្រណាមួយរបស់ Ford ដែលស្ថិតក្នុងកិច្ចពិភាក្សានេះទេ។ កាលពីឆ្នាំមុន Ford បានបញ្ចេញសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួននៅទីក្រុង Cologne (អាល្លឺម៉ង់) នឹងប្តូរការផលិតមកនៅត្រឹមវេនតែមួយ (Single-shift) ចាប់ពីខែមករា ឆ្នាំ 2026។ លើសពីនេះ Ford ក៏មានរោងចក្រនៅ Saarlouis (អាល្លឺម៉ង់) និង Valencia (អេស្ប៉ាញ) ផងដែរ។
ការប្រើប្រាស់ទីតាំងរោងចក្ររបស់ Ford ក្នុងអឺរ៉ុប នឹងអនុញ្ញាតឱ្យ Geely ជៀសផុតពី ពន្ធប្រឆាំងការឧបត្ថម្ភធន (Anti-subsidy tariffs) ដែលដាក់ដោយសហភាពអឺរ៉ុបលើ រថយន្តអគ្គិសនីផលិតប្រទេសចិន។ បច្ចុប្បន្ន ក្រុមក្រុមហ៊ុន Geely ត្រូវរងពន្ធបន្ថែម 18.8% បន្ថែមលើពន្ធស្តង់ដារ 10%។
តើក្រុមហ៊ុន Ford នឹងទទួលបានអ្វីមកវិញ?
ជាការត្រឡប់មកវិញ Geely នឹងផ្តល់ឱ្យ Ford នូវបច្ចេកវិទ្យាជំនួយការបើកបរ។ ក្រុមហ៊ុន Geely គឺជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធ ADAS ឈ្មោះថា Afari Technology (Qianli Technology) ដែលទើបតែបានបញ្ចេញប្រព័ន្ធជំនួយការបើកបរថ្មីឈ្មោះ G-ASD។ វាប្រើប្រាស់បច្ចេកវិទ្យា World Action Model (WAM) ដែលជាគំរូនៃអាកប្បកិរិយាពិភពលោក មានសមត្ថភាពអាចពិចារណា និងវិវត្តន៏ដោយខ្លួនឯងបាន។
រថយន្តដែលមានបំពាក់ប្រព័ន្ធ G-ASD អាចបញ្ជាការងារបានច្រើនផ្នែកដូចជា៖ ប្រព័ន្ធបញ្ជូនកម្លាំង, គ្រោងឆ្អឹង, តួខ្លួន និងគ្រឿងអេឡិចត្រូនិក ព្រមទាំងប្រព័ន្ធកាប៊ីន។ វាអនុញ្ញាតឱ្យរថយន្តអាចបើកបរដោយស្វ័យប្រវត្តិក្នុងចំណតក្រោមដីឆ្លងកាត់ជាន់នីមួយៗ និងរង្វង់មូល ឬអាចសម្គាល់ទ្វារផ្លូវហាយវ៉េ និងទ្វារចំណតរថយន្ត។ ប្រព័ន្ធ G-ASD នេះត្រូវបានដាក់ឱ្យប្រើប្រាស់រួចហើយនៅលើរថយន្តម៉ាក Lynk & Co និង Zeekr។
មតិយោបល់របស់អ្នកសម្របសម្រួល
ទោះបីជាកិច្ចសហប្រតិបត្តិការរវាង Ford និង Geely មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែគំរូភាពជាដៃគូនេះផ្តល់ផលចំណេញដល់ភាគីទាំងសងខាង៖
- សម្រាប់ Geely: ការប្រើប្រាស់រោងចក្រក្នុងតំបន់ នឹងជួយឱ្យ Geely អាចគ្រប់គ្រងថ្លៃដើមរថយន្តថាមពលថ្មីបានយ៉ាងល្អ។
- សម្រាប់ Ford: ក្រុមហ៊ុននឹងអាចរក្សាស្ថិរភាពនៃរោងចក្ររបស់ខ្លួន ទោះបីជាបរិមាណផលិតកម្មនៃម៉ាកផ្ទាល់ខ្លួនមានការថយចុះក៏ដោយ។
លើសពីនេះ ក្រុមហ៊ុនអាមេរិកមួយនេះនឹងទទួលបានបច្ចេកវិទ្យាជំនួយការបើកបរទំនើបដែលអភិវឌ្ឍដោយ Geely។ កន្លងមក នាយកប្រតិបត្តិ Ford លោក Jim Farley ធ្លាប់បានសរសើររថយន្តអគ្គិសនីចិនយ៉ាងខ្លាំង ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកគឺដើរយឺតជាងគេរាប់សិបឆ្នាំ។ ដូច្នេះ ការយកដំណោះស្រាយដែលត្រូវបានអភិវឌ្ឍរួចជាស្រេចដោយក្រុមហ៊ុនចិនមកប្រើប្រាស់ ហាក់ដូចជាមធ្យោបាយតែមួយគត់ដែលជួយឱ្យ Ford បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបាន។
គួរកត់សម្គាល់ផងដែរថា Geely កំពុងសហការយ៉ាងសកម្មជាមួយក្រុមហ៊ុនរថយន្តសកលជាច្រើន ដូចជាការដំណើរការម៉ាក Smart រួមជាមួយ Mercedes-Benz និងគម្រោងរួមគ្នាជាមួយ Renault (ក្រុមហ៊ុន Horse Powertrain) ជាដើម។ កិច្ចសហការជាមួយ Ford នេះ ហាក់ដូចជាជំហានដ៏សមហេតុផលមួយក្នុងការពង្រីកវត្តមានរបស់ Geely នៅលើឆាកអន្តរជាតិ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
