Admin, 09 February 2026
រថយន្តប្រភេទ Plug-in Hybrid Crossover ម៉ូដែល Geely Galaxy M7 បានបង្ហាញខ្លួន ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយនឹងសមត្ថភាពបើកបរដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 225គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងត្រឹមតែ 3.35 លីត្រ ក្នុងចម្ងាយផ្លូវ 100 គីឡូម៉ែត្រ។ វាគឺជារថយន្តទីពីរនៅក្នុងស្រឡាយ M-series របស់ Geely Galaxy បន្ទាប់ពី រថយន្ត Crossover លំដាប់ទីមួយរបស់Geelyគឺម៉ូដែល M9។
Geely Galaxy M7 បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់នៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆ្នាំ 2025។ រថយន្តនេះមានរូបរាង និងវិមាត្រប្រហាក់ប្រហែលទៅនឹងម៉ូដែល Geely Atlas (Boyue L) ដែលប្រើម៉ាស៊ីនសាំង។ កាលពីថ្ងៃទី 2 ខែកុម្ភៈ (ឆ្នាំ 2026) ក្រុមហ៊ុន Geely បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយរូបភាពផ្លូវការ និងព័ត៌មានបច្ចេកទេសមួយ ចំនួនមុន ពេលការសម្ពោធជាផ្លូវការមកដល់។
រូបរាង និងលក្ខណៈសម្បត្តិរបស់ Geely Galaxy M7
រថយន្ត Geely Galaxy M7 ត្រូវបានបង្ហាញខ្លួនជាមួយពណ៌ខ្មៅដ៏ទាក់ទាញ។ ផ្នែកខាងមុខរចនាបែបបិទជិត អមដោយចង្កៀងមុខមុតស្រួចតភ្ជាប់គ្នាដោយបន្ទះភ្លើង LED។ រថយន្ត SUV ថ្មីនេះប្រើប្រាស់រន្ធបឺតខ្យល់រាងចតុកោណព្នាយធំ, ដៃទ្វារបែបបុរាណ, ថាសកង់ដែលមានកាំជាច្រើន និងមានចង្កៀងកន្ទុយរត់កាត់ទទឹង។ M7 មានខ្សែដំបូលកោងបន្តិច និងមានរាងខាងក្រោយមាំមួន។
ផ្នែកខាងក្នុង និងបច្ចេកវិទ្យា៖
- អេក្រង់៖ បំពាក់អេក្រង់ប៉ះបញ្ជាកណ្តាលខ្នាតធំបែបអណ្តែត និងមានកុងទ័រឌីជីថល LCD នៅពីក្រោយចង្កូត។
- ផាសុកភាព៖ ចន្លោះកណ្តាលមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែរហូតដល់ 50W, ប៊ូតុងបញ្ជាបែបបុរាណ និងកន្លែងដាក់កែវទឹកចំនួនពីរ។
- មុខងារពិសេស៖ មានឧបករណ៍បំពងសំឡេងបំពាក់នៅ A-Pillar ព្រមទាំងមាន កាមេរ៉ាស្កេនមុខ (Face ID) នៅខាងអ្នកបើកបរ។ លើសពីនេះ វាក៏មានបំពាក់ភ្លើង លម្អក្នុងកាប៊ីន (Ambient lighting) និងប៊ូតុងបញ្ជាបែបគ្រីស្តាល់ផងដែរ។
អាគុយ និងសុវត្ថិភាព៖
តំណាងក្រុមហ៊ុន Geely បានបង្ហើបថា Galaxy M7 នឹងប្រើប្រាស់ អាគុយប្រភេទ Aegis Golden Brick។ អាគុយនេះមានស្រទាប់ ការពារកម្ដៅ និងត្រូវបាន បញ្ជាក់ពីសុវត្ថិភាពយ៉ាងខ្លាំង ដោយកាលពីឆ្នាំមុន Geely បានបង្ហាញវីដេអូសាកល្បង ដោយឱ្យរថក្រោះទម្ងន់ 36 តោន បើកកិនពីលើកញ្ចប់ អាគុយនេះទៀតផង។ លើសពីនេះ M7 ក៏គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន (Fast DC charging)។
សមត្ថភាពបើកបរ និងកម្លាំងម៉ាស៊ីន៖
- ចម្ងាយបើកបរ៖ អាចបើកបរបានចម្ងាយ 225 គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយសរុបដល់ទៅ 1,730 គីឡូម៉ែត្រ (សាំងបូកអគ្គិសនី)។
- ការស៊ីប្រេង៖ កម្រិតស៊ីប្រេងគឺត្រឹមតែ 3.35L/100km ប៉ុណ្ណោះ នៅពេលដែល អាគុយអស់ថាមពល។
- វិមាត្រ៖ ជាប្រភេទ SUV ខ្នាតមធ្យម មានប្រវែងបណ្តោយ 4,770mm, ទទឹងប្រវែង 1,905mm និងកម្ពស់ 1,685mm និងមានចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) 2,785mm។
ម៉ាស៊ីន៖ ប្រើម៉ាស៊ីនចំណុះ 1.5 លីត្រ ដែលផ្ដល់កម្លាំងអតិបរមា 82 គីឡូវ៉ាត់ (110 សេះ) និងអាចរត់បានល្បឿនអតិបរមា 180 គីឡូម៉ែត្រ/ម៉ោង៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
