Admin, 19 October 2026
ក្រុមហ៊ុន Geely នឹងនាំយកប្រព័ន្ធ Google Gemini, Google Maps និង Google Play ទៅកាន់ទីផ្សារក្រៅប្រទេស នៅក្នុងឆមាសទីពីរនៃឆ្នាំ 2027 នេះបើយោងតាមការលាតត្រដាងរបស់ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន គឺលោកបណ្ឌិត Shen Yuan។ វា នឹងអនុញ្ញាតឱ្យរថយន្តម៉ាក Geely អាចទាញយកកម្មវិធី (apps) ផ្សេងៗ, ប្រើប្រាស់ប្រព័ន្ធនាំផ្លូវ Google Navigation និងបញ្ជាដោយសំឡេងបាន។
កាលពីថ្ងៃទី 16 ខែតុលា ក្រុមហ៊ុន Geely Holding Group បានប្រកាសជាផ្លូវការថា ខ្លួនបានបង្កើតភាពជាដៃគូកម្រិតសកល ជាមួយក្រុមហ៊ុន Google។ ក្រុមហ៊ុនផលិតរថយន្តមួយនេះ ត្រូវ បានរាយការណ៍ថានឹងសាងសង់ប្រព័ន្ធអេកូឡូស៊ីកាប៊ីនឌីជីថល (digital-cockpit ecosystem)។ វា នឹងត្រូវ បានយកទៅអនុវត្តលើម៉ាកយីហោរថយន្តអ្នកដំណើររបស់ Geely នៅក្នុងទីផ្សារក្រៅប្រទេស ដែលមានសេវាកម្ម Google ដំណើរការ។ ម៉ូដែលដំបូងគេដែលមានបំពាក់សេវាកម្ម Google នៅលើរថយន្ត នឹងឈានជើងចូលទីផ្សារសកល នៅក្នុងឆមាសទីពីរនៃឆ្នាំ 2027។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះនៃម៉ូដែលដំបូងគេដែលមានបំពាក់សេវាកម្ម Google នេះ មិនទាន់ត្រូវ បានលាតត្រដាងនៅឡើយទេ។
លោកបណ្ឌិត Shen Yuan CTO នៃក្រុមហ៊ុន Geely Holding Group បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យក្រុមហ៊ុននូវវិធីសាស្ត្រក្នុងការភ្ជាប់ទំនាក់ទំនងយានយន្តរបស់ខ្លួន ទៅកាន់ប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃដែលអ្នកបើកបរចូលចិត្តរួចជាស្រេច។ លោកបានគូសបញ្ជាក់ថា Google Gemini, Google Maps និង Google Play គឺជាសេវាកម្មដែលមនុស្សទូទៅប្រើប្រាស់ជារៀងរាល់ថ្ងៃ។ នៅលើទឹករថយន្ត Geely សេវាកម្មទាំងនោះនឹងអនុញ្ញាតឱ្យអ្នកបើកបរស្វែងរកទីតាំងគោលដៅ, រកមើលស្ថានីយសាកភ្លើងដែលនៅជិត, ប្រើប្រាស់កម្មវិធីផ្សេងៗ និងចាត់ចែងភារកិច្ចប្រចាំថ្ងៃផ្សេងទៀត។
លោកបណ្ឌិត Shen Yuan បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ មិនមែនជាការដាក់បញ្ចូលបច្ចេកវិទ្យាកាន់តែច្រើននៅចំពោះមុខអ្នកបើកបរនោះទេ។ វា គឺដើម្បីធ្វើឱ្យបច្ចេកវិទ្យាមានអារម្មណ៍ថាទាមទារស្មុគស្មាញតិចជាងមុន និងកាន់តែងាយស្រួលយល់តាមសភាវគតិ។ កាប៊ីនឌីជីថលអាចនឹងប្រែជាចង្អៀតណែនយ៉ាងឆាប់រហ័ស។ មុខងារផ្សេងៗប្រកួតប្រជែងគ្នាតម្រូវឱ្យយកចិត្តទុកដាក់, ម៉ឺនុយបញ្ជាកាន់តែស្មុគស្មាញ, ដំណើរការសាមញ្ញមួយអាចទាមទារការចុចអេក្រង់ច្រើនដងពេក»។
កាលពីពេលមុន ម៉ាកយីហោប្រណីត Zeekr របស់ Geely បានប្រកាសពីភាពជាដៃគូជាមួយ AirConsole ដើម្បីនាំយកការលេងហ្គេមលើក្លោដនៅក្នុងរថយន្ត (in-car cloud-based gaming) មកកាន់យានយន្ត។ នៅក្នុងខែមេសា ឆ្នាំ 2026 តំណាងផ្លូវការរបស់ Zeekr ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន 3 Screen Solutions (3SS) ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយកម្សាន្តឌីជីថល ដើម្បីបង្កើតវេទិកាមេឌៀផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android Automotive OS។ ដូច្នេះ ក្រុមហ៊ុន Geely Holding Group កំពុងបន្តបំពាក់បំប៉នរថយន្តរបស់ពួកគេជាបណ្តើរៗ សម្រាប់ទីផ្សារសកល។ វា គួរតែត្រូវ បានកត់សម្គាល់ថា ស្រឡាយម៉ាកយីហោនៅក្នុងដៃរបស់ក្រុមហ៊ុន រួមមានម៉ាកយីហោ Geely, Geely Galaxy, Zeekr, Lynk & Co, Volvo, Polestar, Lotus, Smart, Farizon, Proton, LEVC និង Riddara។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
