Admin, 21 August 2026
ក្រុមហ៊ុន Geespace ដែលជាផ្នែកពាណិជ្ជកម្មអវកាសរបស់ក្រុមហ៊ុន Geely Holding Group ទទួលបានការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) ដើម្បីអនុវត្តការសាកល្បងពាណិជ្ជកម្មលើសេវាកម្មប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុតាមរយះរ៉ូបូត/រំកិលតាមផ្កាយរណប (Satellite Internet of Things - IoT) ក្នុងរយៈពេល 2 ឆ្នាំ។
ក្រសួង MIIT បានប្រកាសពីការអនុញ្ញាតនេះនៅក្នុងលិខិតជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុន Geespace បានក្លាយជាក្រុមហ៊ុនឯកជនទីពីរដែលទទួលបានការអនុញ្ញាតបែបនេះ បន្ទាប់ពីក្រុមហ៊ុន Beijing Guodian Gaoke Technology។
ជំហាននេះ បាននាំយកប្រតិបត្តិការ IoT ដោយក្រុមហ៊ុនប្រតិបត្តិករផ្កាយរណបឯកជន ចូលទៅក្នុងក្របខ័ណ្ឌសាកល្បងនៃការគ្រប់គ្រងទូរគមនាគមន៍ថ្នាក់ជាតិរបស់ប្រទេសចិន។ កាលពីមុន ក្រុមហ៊ុនឯកជនភាគច្រើនមានការចូលរួមតែលើការបាញ់បង្ហោះផ្កាយរណប និងការដាក់ពង្រាយបណ្តាញផ្កាយរណប (constellation) ប៉ុណ្ណោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង MIIT ក្នុងអំឡុងពេលនៃការសាកល្បងនេះ ក្រុមហ៊ុន Geespace នឹងត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការសេវាកម្ម Satellite IoT លើមូលដ្ឋានសាកល្បង ដោយប្រើប្រាស់បណ្តាញផ្កាយរណប Geely Future Mobility Constellation Phase 1 ឬ GeeSAT 1 ដើម្បីផ្តល់នូវសេវាកម្មភ្ជាប់ទំនាក់ទំនងដែលមានវិសាលភាពគ្របដណ្តប់ទូលំទូលាយ, ស៊ីថាមពលទាប និងមានទំនុកចិត្តខ្ពស់។ កម្មវិធីប្រើប្រាស់រួមមាន៖ ដឹកជញ្ជូនឆ្លាតវៃ, នេសាទសមុទ្រ, ថាមពល និងធនធានទឹក។
ក្រុមហ៊ុន Geely Holding បានឱ្យដឹងថា Geespace នឹងបន្តធ្វើការសាកល្បងបច្ចេកវិទ្យា IoT NTN (Internet of Things Non-Terrestrial Networks) និងជម្រុញការអភិវឌ្ឍ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៃបច្ចេកវិទ្យាទាក់ទងតាមផ្កាយរណបជំនាន់ 6G។
GeeSAT ត្រូវ បានរចនា, អភិវឌ្ឍ, កសាង និងប្រតិបត្តិការដោយឯករាជ្យដោយក្រុមហ៊ុន Geespace។ ដំណាក់កាលដំបូងរបស់វា ទាមទារឱ្យមានការដាក់ពង្រាយផ្កាយរណបចំនួន 72 រួមទាំងផ្កាយរណបបម្រុងចំនួន 8 ផងដែរ។
បន្ទាប់ពីផ្កាយរណបចំនួន 12 សម្រាប់គន្លងតារាវីថីទីប្រាំមួយរបស់វា ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែតតែមួយកាលពីខែកញ្ញា ឆ្នាំ 2025 ចំនួនផ្កាយរណបនៅក្នុងគន្លងបានកើនឡើងដល់ 64 ដែលបានបញ្ចប់ការដាក់ពង្រាយបណ្តាញផ្កាយរណបសម្រាប់ដំណាក់កាលដំបូង។
ផ្កាយរណបទាំងនោះ ប្រតិបត្តិការនៅក្នុងគន្លងផែនដីកម្រិតទាប (Low Earth Orbit - LEO) នៅកម្ពស់ប្រហែល 600 គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យមានការគ្របដណ្តប់លើការទាក់ទងតាមពេលវេលាជាក់ស្តែង (real-time communications) នៅគ្រប់ទីកន្លែងលើផ្ទៃផែនដី លើកលែងតែតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូង។
ក្រុមហ៊ុន Geely Holding បាននិយាយថា ប្រព័ន្ធនេះអាចដំណើរការសំណើសុំការទាក់ទងបានប្រហែល 340 លានដងក្នុងមួយថ្ងៃ និងគាំទ្រដល់ការចូលប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ចំនួន 20 លាននាក់នៅទូទាំងពិភពលោក។
ប្រព័ន្ធ Satellite IoT ប្រើប្រាស់ប្រព័ន្ធទាក់ទងតាមផ្កាយរណបសម្រាប់ការបញ្ជូនទិន្នន័យអត្រាទាប (low-data-rate) ជាចម្បងដើម្បីបង្ហោះឡើង (upload) នូវព័ត៌មានទីតាំង និងទិន្នន័យទំហំតូចដែលប្រមូលបានដោយសេនស័រ។ វា មិន គាំទ្រដល់ការចូលប្រើប្រាស់អ៊ីនធឺណិតតាមបែបប្រពៃណីនោះទេ។ តម្លៃអត្ថប្រយោជន៍របស់វា គឺស្ថិតនៅលើការផ្តល់នូវការគ្របដណ្តប់នៅក្នុងតំបន់ដែលហួសពីវិសាលភាពនៃបណ្តាញអ៊ីនធឺណិតលើដីគោក។
នៅក្នុងផ្នែកយានយន្ត Geespace បានប្រគល់ឧបករណ៍ទាក់ទងតាមផ្កាយរណបដែលផលិតក្នុងទ្រង់ទ្រាយធំចំនួនជាង 20,000 គ្រឿង។ ម៉ូដែលរថយន្តរួមមាន៖ Geely Galaxy Starshine 8, Geely Galaxy E8, Lynk & Co 900, Zeekr 001 FR និង Zeekr 009 Grand សុទ្ធសឹងតែត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទាក់ទងតាមផ្កាយរណបនេះ។
ផ្នែកសេវាកម្មហៅយានយន្តជិះ Cao Cao Mobility របស់ក្រុមហ៊ុន Geely Holding ក៏នឹងស្វែងរកការប្រើប្រាស់ GeeSAT នៅក្នុងប្រតិបត្តិការក្រុមរថយន្ត Robotaxi របស់ខ្លួន ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងរវាងយានយន្ត ជាមួយមជ្ឈមណ្ឌលបញ្ជា សម្រាប់ការតាមដានពីចម្ងាយ, ការចាត់ចែង និងការជ្រៀតជ្រែកក្នុងករណីអាសន្ន។
ការដាក់ពង្រាយពាណិជ្ជកម្ម បានចាប់ផ្តើមរួចហើយនៅក្នុងកម្មវិធីប្រើប្រាស់តាមផ្លូវសមុទ្រ។ ឧបករណ៍ផ្កាយរណបគន្លងទាបរបស់ក្រុមហ៊ុន ត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើកប៉ាល់ល្បាតអនុវត្តច្បាប់តាមផ្លូវសមុទ្រនៅក្នុងខេត្ត Zhejiang ខណៈដែលក្រុង Taizhou កំពុងដំឡើងឧបករណ៍នេះនៅលើកប៉ាល់នេសាទកញ្ចប់ដំបូងចំនួន 60 គ្រឿង។
នៅក្រៅប្រទេស ក្រុមហ៊ុន Geespace បានបង្កើតភាពជាដៃគូជាមួយប្រតិបត្តិករទូរគមនាគមន៍នៅក្នុងប្រទេសជាង 20 នៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក និងអាមេរិកឡាទីន ហើយទទួលបានការបញ្ជាទិញនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។ កាលពីខែមករា Geespace បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនប្រតិបត្តិករទាក់ទងតាមផ្កាយរណបរបស់រដ្ឋប៉ាគីស្ថាន គឺ Paksat International (Pvt) Limited។
ក្រសួង MIIT បានថ្លែងថា Satellite IoT នឹងដើរតួជាផ្នែកបំពេញបន្ថែមដ៏សំខាន់ សម្រាប់សេវាកម្មអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន (broadband) របស់ប្រទេសចិន។
ក្រសួង MIIT បានបន្ថែមថា ការអនុញ្ញាតនេះតំណាងឱ្យការបើកចំហបន្ថែមទៀតនៃវិស័យនេះទៅកាន់ក្រុមហ៊ុនឯកជន ហើយត្រូវបានរំពឹងថានឹងជួយជម្រុញសកម្មភាពផ្នែកឯកជន និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអវកាស។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
