Admin, 19 April 2026

           អ្នកប្រហែលជាគិតថា General Motors (GM) គ្រាន់តែជាក្រុមហ៊ុនមេនៅពីក្រោយរថយន្ត Chevrolet Colorado និង GMC Canyon ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះក៏ជាអ្នកម៉ៅការការពារជាតិសម្រាប់សហរដ្ឋអាមេរិកផងដែរ។ ជារឿយៗ គ្រោងឆ្អឹងរថយន្ត Pickup ខ្នាតស្រាលទាំងនោះ គឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុតក្នុងការបង្កើតយានយន្តដែលមានល្បឿនលឿន និងសមត្ថភាពខ្ពស់សម្រាប់កងទ័ព។ វាជារឿងកម្រណាស់ដែលជនស៊ីវិលមានឱកាសទិញយានយន្តទាំងនេះ ប៉ុន្តែនៅក្នុងការដេញថ្លៃ Barrett-Jackson Palm Beach ឆ្នាំ 2026 នេះ អ្នកចូលរួមដែលមានសំណាងម្នាក់នឹងមានឱកាសក្លាយជាម្ចាស់រថយន្ត Infantry Squad Vehicle-Utility (ISV-U) ហើយថែមទាំងបានជួយគាំទ្រដល់មូលនិធិ Medal of Honor ទៀតផង។


លក្ខណៈបច្ចេកទេស និងសមត្ថភាពកងទ័ព

ISV-U មិនមែនជារថយន្តយោធាធម្មតានោះទេ។ វាត្រូវបានបង្កើតឡើងដោយផ្អែកលើរថយន្ត Chevrolet Colorado ZR2 ប៉ុន្តែបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត Duramax 2.8 លីត្រ Turbodiesel I-4 ជាមួយប្រអប់លេខ 6 វគ្គ។

  • ប្រព័ន្ធបញ្ជូនកម្លាំង: ប្រើប្រាស់លេខជំនួយ GM AutoTrac ពីរវគ្គ (2-speed transfer case)
  • គ្រោងឆ្អឹង: ប្រើប្រាស់ប៉ុង Dana M190 នៅខាងមុខ និង M220 នៅខាងក្រោយ ជាមួយប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែល (Electronic lockers) ដើម្បីបង្កើនកម្លាំងអូសទាញអតិបរមា។
  • ប្រព័ន្ធបូម: រក្សានូវបូម Multimatic Dynamic Suspension Spool (DSSV) របស់ ZR2 ដដែល។

តួខ្លួនរបស់ ISV ត្រូវបានរចនាឡើងយ៉ាងសាមញ្ញបំផុត ដើម្បីទុកចន្លោះឱ្យសំបកកង់បានធំ និងដើម្បីដំឡើងទ្រុងការពារពេលក្រឡាប់ (ROPS) ដែលទ្រុងនេះក៏ដើរតួជាកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រ UH-60 Blackhawk យោងតាមផ្លូវអាកាសបានផងដែរ។ លើសពីនេះ វាមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទម្លាក់តាមឆ័ត្រយោងពីយន្តហោះដឹកជញ្ជូន C-130 Hercules ឬដឹកតាមយន្តហោះ CH-47 Chinook


លក្ខណៈពិសេសនៃម៉ូដែលដេញថ្លៃ

ម៉ូដែលដែលនឹងត្រូវដាក់ដេញថ្លៃនេះ គឺជាប្រភេទ ISV-5 ដែលមាន 5 កៅអី និងមានទ្រុងដឹកទំនិញប្រវែង 5.5 ហ្វ៊ីត ដែលអាចផ្ទុកទម្ងន់បានរហូតដល់ប្រហែល 1,450 គីឡូក្រាម។

  • ឃ្លប់ក្រោយ: ខុសពីឃ្លប់ឡាន Colorado ធម្មតា វាមានសមត្ថភាពដំឡើងឧបករណ៍ប្រើប្រាស់តាមតម្រូវការបេសកកម្ម (Modular equipment) ជាមួយនឹងចំណុចយុថ្កា និងកន្លែងចងខ្សែជាច្រើន។
  • កង់: ប្រើប្រាស់យ៉ាន់ដែកពីរដុំទំហំ 17 អ៊ីញ ជាមួយសំបកកង់ BFGoodrich KM3 ទំហំ 315/70 ដែលមានបំពាក់បច្ចេកវិទ្យាជាន់មិនបែក (Run-flat inserts)


គោលបំណងសប្បុរសធម៌ និងការប្រើប្រាស់

ដើម្បីឱ្យខុសប្លែកពីរថយន្តដែលកងទ័ពអាមេរិកប្រើប្រាស់ រថយន្តនេះត្រូវបានតុបតែងដោយពណ៌បៃតងកងទ័ព (Army Green) យ៉ាងពិសេស ដើម្បីអបអរសាទរខួបលើកទី 250 នៃប្រទេសអាមេរិក និងដើម្បីផ្តល់កិត្តិយសដល់អង្គភាពកងទ័ពជើងគោកអាមេរិកដែលកំពុងប្រើប្រាស់ ISV នេះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្តដ៏វិសេសវិសាលនេះនឹងត្រូវប្រើប្រាស់បានតែក្នុងផ្លូវ Off-road ប៉ុណ្ណោះ (Off-highway vehicle - OHV) ព្រោះវាមិនត្រូវបានអនុញ្ញាតឱ្យបើកបរលើផ្លូវសាធារណៈ ឬផ្លូវហាយវ៉េឡើយ។

រាល់ថវិកាដែលបានមកពីការដេញថ្លៃ (១០០ ភាគរយ) នឹងត្រូវផ្ញើទៅកាន់មូលនិធិ Medal of Honor Foundation ដោយផ្ទាល់។ ការដេញថ្លៃនឹងប្រព្រឹត្តទៅនៅ Barrett-Jackson Palm Beach រដ្ឋផ្លរីដា នៅថ្ងៃទី ១៨ ខែមេសា វេលាម៉ោង ៣:៣០ រសៀល (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក)៕

ប្រភព៖ United State

ប្រែសំរួល៖ Chea SokNang (AC Auto)