Admin, 02 May 2026
នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ម៉ាកយីហោ Ora របស់ក្រុមហ៊ុន GWM បានដាក់សម្ពោធជម្រើសម៉ាស៊ីនថ្មីសម្រាប់រថយន្ត Crossover ម៉ូដែល Ora 5 របស់ខ្លួន។ កាលពីមុន Ora 5 មានតែប្រភេទអគ្គិសនីសុទ្ធ (EV) ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាមានជម្រើសជាប្រភេទសាកថ្មដោយខ្លួនឯង (HEV) ឬប្រភេទម៉ាស៊ីនសាំងប្រើ Turbo។ ជម្រើសថ្មីទាំងនេះបានធ្វើឱ្យវាក្លាយជាម៉ូដែលមួយក្នុងចំណោមម៉ូដែលដែលមានតម្លៃសមរម្យបំផុតក្នុងស្រឡាយរថយន្ត GWM និង Ora ដោយមានតម្លៃលក់ចន្លោះពី 10,200 ដល់ 13,100 ដុល្លារអាមេរិក។
ជម្រើសម៉ាស៊ីនថ្មីនេះមិនមានការផ្លាស់ប្តូរធំដុំលើការរចនាផ្នែកខាងក្នុង ឬខាងក្រៅនោះទេ ដោយនៅតែរក្សានូវរចនាប័ទ្មបែប "គួរឱ្យស្រឡាញ់" ដដែល ដែលធ្វើឱ្យវាមានរូបរាងស៊ីគ្នាជាមួយម៉ូដែលបងប្អូនដូចជា Funky Cat (ឬ Good Cat)។
លក្ខណៈបច្ចេកទេសនៃម៉ាស៊ីនសាំង (ICE)
- ម៉ាស៊ីន: 1.5 លីត្រ Turbo 4 ស៊ីឡាំង បំពាក់បច្ចេកវិទ្យា Variable Geometry Turbo (VGT)។
- កម្លាំង: 135 គីឡូវ៉ាត់ (181 សេះ) ប្រើប៉ុងមុខ ជាមួយប្រអប់លេខអូតូ 7 វគ្គប្រភេទ DCT។
- សមត្ថភាព: ល្បឿនអតិបរមា 190 គីឡូម៉ែត្រ/ម៉ោង និងស្ទុះពី 0-100 ក្នុងពេល 8.9 វិនាទី។
- កម្រិតស៊ីប្រេង: 6.4 លីត្រ/100 គីឡូម៉ែត្រ (WLTC)។
លក្ខណៈបច្ចេកទេសនៃម៉ាស៊ីន (HEV)
- ម៉ាស៊ីន: 1.5 លីត្រ Turbo (កម្លាំង 154 សេះ) ផ្គួបជាមួយម៉ូទ័រអគ្គិសនីខាងមុខ (188 សេះ)។
- កម្លាំងសរុប: 166 គីឡូវ៉ាត់ (223 សេះ) ប្រើប្រាស់ប្រព័ន្ធបញ្ជូនកម្លាំង 2 វគ្គសម្រាប់ Hybrid (DHT)។
- សមត្ថភាព: ស្ទុះពី 0-100 ក្នុងពេល 7.7 វិនាទី និងល្បឿនអតិបរមា 185 គីឡូម៉ែត្រ/ម៉ោង។
- កម្រិតស៊ីប្រេង: 4.5 លីត្រ/100 គីឡូម៉ែត្រ (WLTC)។
- អាគុយ: ប្រើប្រាស់អាគុយប្រភេទ Ternary NMC ពីក្រុមហ៊ុន Svolt (ចំណុះអាគុយរំពឹងថានឹងស្ថិតក្នុងកម្រិតទាប ដូចទៅនឹងម៉ូដែល HEV ដទៃទៀត)។
បច្ចេកវិទ្យា និងការដាក់ទីតាំង
Ora 5 នឹងក្លាយជារថយន្តដំបូងគេរបស់ GWM ដែលបំពាក់ប្រព័ន្ធប្រតិបត្តិការ Coffee Pilot 3 ដែលជាប្រព័ន្ធជំនួយការបើកបរ L2 ចុងក្រោយបង្អស់ អាចបើកបរដោយស្វ័យប្រវត្តិតាមការកំណត់ (NOA)។ GWM ក៏បានអះអាងថា វានឹងក្លាយជារថយន្តដែលបំពាក់ឧបករណ៍ LiDAR មានតម្លៃធូរថ្លៃបំផុតនៅលើទីផ្សារប្រទេសចិន (LiDAR ជាជម្រើសបន្ថែម)។
វិមាត្ររថយន្ត៖
- បណ្តោយប្រវែង 4,471mm ទទឹងប្រវែង 1,833mm កម្ពស់ 1,641mm និងចន្លោះកង់មុខក្រោយ(wheelbase) 2,720mm។
ស្ថានភាពទីផ្សាររបស់ Ora
ការបញ្ចេញប្រភេទ HEV និងម៉ាស៊ីនសាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃ "ការជំរុញរថយន្ត HEV ខ្នាតធំ" ក្នុងឆ្នាំ 2026 របស់ចិន ដើម្បីទាក់ទាញអតិថិជនដែលមិនទាន់ទុកចិត្តលើឡានអគ្គិសនី ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាលដែលមានអាកាសធាតុត្រជាក់ខ្លាំង និងពិបាករកកន្លែងសាកថ្ម។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
