Admin, 20 April 2026
ម៉ាករថយន្ត Tank ស្ថិតក្រោមក្រុមហ៊ុន Great Wall Motor បានដាក់សម្ពោធរថយន្ត Tank 500 Black Warrior កំណែពិសេស (Special Edition) នៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី 50,600 ដុល្លារអាមេរិក។ ម៉ូដែលនេះត្រូវបានផលិតក្នុងចំនួនកំណត់ត្រឹមតែ 500 គ្រឿងសម្រាប់វគ្គដំបូង និងបន្តប្រើប្រាស់រចនាប័ទ្ម "Black Warrior" ដែលអភិវឌ្ឍដោយរោងចក្រផ្ទាល់។
ការរចនា និងការតុបតែងខាងក្នុង
រថយន្តប្រភេទ Black Warrior នេះ ត្រូវបានបង្កើតឡើងផ្អែកលើម៉ូដែល Tank 500 ដែលមានស្រាប់ ដោយបន្ថែមនូវកញ្ចប់តុបតែងពណ៌ខ្មៅសុទ្ធពីខាងរោងចក្រ។ គ្រឿងបង្គុំដែលត្រូវបានតុបតែងពណ៌ខ្មៅរួមមាន ចង្កៀងមុខ, ប៉ាណា, យ៉ាន់កង់, ឈ្នាន់ជើង, របារដំបូល និងគ្រឿងលម្អផ្សេងៗទៀត ផ្គួបជាមួយដង្កៀបហ្វ្រាំងពណ៌ក្រហម។ ខុសពីការកែច្នៃខាងក្រៅដោយខ្លួនឯង កញ្ចប់តុបតែងនេះត្រូវបានចុះបញ្ជីផ្លូវការ និងស្របច្បាប់ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដងផ្លូវទូទៅ និងទទួលបានការធានាពេញលេញពីសមត្ថភាពរោងចក្រ។
ផ្នែកខាងក្នុងប្រើប្រាស់ពណ៌ពីរចម្រុះគ្នា ដោយផ្នែកខាងលើពណ៌ខ្មៅ និងផ្នែកខាងក្រោមពណ៌ក្រហម លម្អដោយគ្រឿងក្រូម៉េ។ រថយន្តនៅតែរក្សាចង្កូតពហុមុខងារ និងអេក្រង់បញ្ជាកណ្តាលទំហំ 14.6 អ៊ីញដដែល។
លក្ខណៈបច្ចេកទេស Off-road
រថយន្តរក្សាវិមាត្រតួខ្លួនដូចទៅនឹងកំណែស្តង់ដារ ដោយមានប្រវែង 5,078mm និងមានប្រវែងចន្លោះកង់មុខក្រោយ 2,850mm។ កម្រិតបច្ចេកទេសសម្រាប់ផ្លូវ Off-road រួមមាន៖
- មុំខាងមុខ (Approach angle): 29 ដឺក្រេ
- មុំខាងក្រោយ (Departure angle): 24 ដឺក្រេ
- កម្ពស់បាតឡាន: 210mm
ជម្រើសកម្លាំងម៉ាស៊ីន
រថយន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន Plug-in Hybrid ចំនួនពីរ៖
- Hi4-T: ម៉ាស៊ីន 2.0T ជាមួយម៉ូទ័រទោល និងប្រអប់លេខ Hybrid 9 វគ្គ ផ្តល់កម្លាំង 300គីឡូវ៉ាត់ (kW)។ វាប្រើអាគុយ 37.1 kWh អាចរត់ដោយអគ្គិសនីសុទ្ធបានចម្ងាយ 110គីឡូម៉ែត្រ (WLTC)។
- Hi4-Z: ម៉ាស៊ីន 2.0T ផ្គួបជាមួយម៉ូទ័រភ្លោះ និងប្រព័ន្ធ DHT 3 វគ្គ ផ្តល់កម្លាំងរហូតដល់ 645 គីឡូវ៉ាត់ (865 សេះ)។ វាបំពាក់អាគុយទំហំ 59.05 kWh និងអាចរត់ដោយអគ្គិសនីសុទ្ធបានចម្ងាយ 201 គីឡូម៉ែត្រ (WLTC)។
បរិបទទីផ្សារ និងទិន្នន័យនៃការលក់
Tank 500 គឺជាផ្នែកមួយនៃការពង្រីកវិសាលភាពរបស់ Great Wall Motor ក្នុងផ្នែករថយន្ត SUV ប្រភេទ Body-on-frame។ នៅក្នុងស្រឡាយតែមួយនេះ ម៉ូដែលដែលធំជាងគឺ Tank 700 ក៏បានចាប់ផ្តើមការលក់មុនក្នុងតម្លៃប្រហែល 63,500 ដុល្លារផងដែរ។
យោងតាមទិន្នន័យពី China EV DataTracker ការលក់រថយន្ត Tank 500 ក្នុងស្រុកបានបង្ហាញពីការប្រែប្រួលក្នុងឆ្នាំកន្លងទៅ ប៉ុន្តែបានកើនឡើងយ៉ាងខ្លាំងនៅដើមឆ្នាំ 2026។ ក្នុងខែមីនា ឆ្នាំ 2026 ការលក់បានហក់ឡើងដល់ជិត 400 គ្រឿង ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលសង្កេតកន្លងមកនេះ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
