Admin, 07 March 2026
ក្នុងរចនាបថ Cafe Racer ដែលប្រើប្រាស់ម៉ាស៊ីននិមិត្តរូប Revolution Max របស់ Harley គឺជាអ្វីដែលម៉ូតូគំរូ (Concept) ថ្មី RMCR របស់ក្រុមហ៊ុន Harley-Davidson តំណាងឱ្យ។
ព័ត៌មានលម្អិតជាច្រើនអំពីម៉ូតូគំរូថ្មីនេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ជាអាទិ៍ ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបូមជាដើម។ ទោះជាយ៉ាងណាក៏ដោយ យើងអាចមើលឃើញ ថាហ្វ្រាំង Brembo ត្រូវបានប្រើប្រាស់ តាមរយៈរូបភាពដែលត្រូវបានចែករំលែកដោយ Harley នៅលើបណ្តាញសង្គម។ វាក៏មានបំពាក់នូវប្រព័ន្ធបំពង់ផ្សែង Akrapovic ប្រភេទ 2 ចេញ 1យ៉ាងស្អាតបាតផងដែរ។
លើសពីនេះទៅទៀត ក្រុមហ៊ុនបានតុបតែងម៉ូតូគំរូ Cafe Racer នេះជាមួយនឹង គ្រឿងបង្គុំ កាបោនហ្វាយបឺ (Carbon-fibre) យ៉ាងច្រើនសន្ធឹកសន្ធាប់។ របាំងការពារខ្យល់ ផ្នែកខាងមុខ ជុំវិញចង្កៀង, ផ្នែកខាងលើនៃធុងសាំង និងសំបកតួខ្លួនផ្នែកខាងក្រោយ សុទ្ធតែត្រូវបាន គ្របដណ្តប់ដោយកាបោន។ របាំងភក់ខាងមុខក៏ត្រូវបានផលិតឡើងពីកាបោនហ្វាយបឺដែរ ដូចគ្នាទៅនឹងសំបកជុំវិញធុងទឹកកាំមីញ៉ូ (radiator) និងនៅក្រោមកៅអីអ្នកជិះ។
រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ថា តើម៉ូតូគំរូ RMCR Cafe Racer នេះនាពេលអនាគតឈានទៅរកការផលិតសម្រាប់លក់ក្នុងពេលឆាប់ៗខាងមុខនេះ ឬយ៉ាងណានោះទេ។ ការដាក់ម៉ូដែលនេះទៅក្នុងខ្សែសង្វាក់ផលិតកម្ម នឹងធ្វើឱ្យការយកចិត្តទុកដាក់ងាកចេញពីម៉ូតូប្រភេទ Cruisers និង Tourers បែបប្រពៃណីដែលក្រុមហ៊ុនបានសាងប្រវត្តិសាស្ត្រជាយូរមកហើយ។ ប៉ុន្តែ វាក៏ប្រហែលជាមិនមែនជារឿងភ្ញាក់ផ្អើលធំដុំនោះដែរ ព្រោះកន្លងមក Harley-Davidson បានបង្ហាញពីឆន្ទៈក្នុងការបោះជំហានចូលទៅក្នុងផ្នែកផ្សេងៗនៃទីផ្សារ ដូចដែលខ្លួនបានធ្វើជាមួយស្រឡាយម៉ូតូអគ្គិសនី LiveWire ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាម៉ូដែល X400 បែបរ៉េត្រូផងដែរ។
RMCR Cafe Racer ត្រូវបានបំពាក់នៅជុំវិញម៉ាស៊ីន Revolution Max 1250 របស់ប្រេននេះ ដែលជាម៉ាស៊ីនតែមួយដែលផ្តល់កម្លាំងដល់ម៉ូដែល Pan America។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម ក្រុមហ៊ុន Harley-Davidson បានរៀបរាប់អំពីម៉ូតូគំរូថ្មីនេះថា៖
"ដោយទទួលបានការបំផុសគំនិតពីមរតកនៃម៉ូដែល XLCR Cafe Racer ដើម អ្នករចនារបស់យើងបានចាប់ផ្តើមស្វែងយល់ថាតើពួកគេអាចរុញច្រានសមត្ថភាពនៃគ្រោងឆ្អឹង Revolution Max ឱ្យទៅបានឆ្ងាយកម្រិតណា។ សូមណែនាំឱ្យស្គាល់ RMCR។ វាគឺជាម៉ូតូគំរូដែលផលិតពីកាបោនហ្វាយបឺ សាងសង់ជុំវិញម៉ាស៊ីន Revolution Max ចំណុះ 1,250cc ផ្គូផ្គងជាមួយ បំពង់ស៊ីមាំងច្នៃពិសេស 2 ចេញ2 និងគ្រោងឆ្អឹងដែលរចនាឡើងដោយផ្តោតលើសមត្ថភាព៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
