Admin, 02 May 2026
ការផ្តោតអារម្មណ៍ជាថ្មីរបស់ប្រទេសចិនលើរថយន្តអគ្គិសនី Hybrid Electric Vehicles - HEVs កំពុងរីកដុះដាលលើសពីការប្រកាសបច្ចេកវិទ្យាដំបូង ដោយក្រុមហ៊ុនផលិតរថយន្តជាច្រើនបានពន្លឿនផែនការដាក់ពង្រាយ បន្ទាប់ពីការបង្ហាញប្រព័ន្ធ i-HEV របស់ក្រុមហ៊ុន Geely កាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន China Automotive News ការផ្លាស់ប្តូរនេះបានកសាងឡើងលើសញ្ញាដំបូងពីក្រុមហ៊ុន Chery និង Geely ដោយដាក់ទីតាំងរថយន្ត HEV ជាផ្លូវស្របគ្នាជាមួយរថយន្តអគ្គិសនីដើរដោយអាគុយ (BEV) ជាជាងការជំនួសវា។
ការចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំ
ក្រុមហ៊ុនផលិតរថយន្តចិន រួមមាន Geely និង Chery បានចាប់ផ្តើមរៀបចំទីតាំងរថយន្ត HEV ជាយុទ្ធសាស្ត្រជំនួសឱ្យការគ្រប់គ្រងទីផ្សារ Hybrid សកលរបស់ Toyota ដោយអះអាងថា កម្រិតស៊ីប្រេងអាចចុះទាបដល់ 2 លីត្រ/100 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌជាក់លាក់។
បន្ទាប់ពីការសម្ពោធប្រព័ន្ធ i-HEV ផ្លូវការរបស់ Geely ដែលបានណែនាំម៉ាស៊ីនដែលមានប្រសិទ្ធភាពកម្ដៅ 48.4% និងកម្រិតស៊ីប្រេងទាបជាង 4 លីត្រ/100 គីឡូម៉ែត្រ (រួមទាំងលទ្ធផលបញ្ជាក់ដោយ Guinness ប្រហែល 2.22 លីត្រ/100 គីឡូម៉ែត្រ ក្នុងការធ្វើតេស្ត។ ក្នុងបច្ចុប្បន្នភាពចុងក្រោយ Geely បានឈានហួសពីដំណាក់កាលប្រកាសបច្ចេកវិទ្យា ដោយបញ្ជាក់ថាប្រព័ន្ធ i-HEV បានឈានចូលដល់ការផលិតទ្រង់ទ្រាយធំ (Mass production) លើម៉ូដែលសំខាន់ៗរួមមាន៖ Emgrand, Preface, Monjaro, និង Boyue L។
ប្រព័ន្ធ HEV ដឹកនាំដោយបច្ចេកវិទ្យាថ្មី
នៅក្នុងឧស្សាហកម្មនេះ ការអភិវឌ្ឍន៍ HEV ត្រូវបានកំណត់កាន់តែខ្លាំងឡើងដោយការគ្រប់គ្រងថាមពលតាមរយៈកម្មវិធី (Software) ជាជាងប្រព័ន្ធមេកានិច។
- Geely i-HEV: បញ្ចូលនូវប្រព័ន្ធបញ្ជាផ្អែកលើ AI ដែលកែសម្រួលទិន្នផលម៉ាស៊ីន និងម៉ូទ័រអគ្គិសនីជាបន្តបន្ទាប់តាមស្ថានភាពបើកបរជាក់ស្តែង។ ក្រុមហ៊ុនហៅទិសដៅនេះថាជា "យានយន្តដែលកំណត់ដោយ AI" (AI-defined vehicles)។
- Changan និង Chery: កំពុងដើរតាមផ្លូវស្រដៀងគ្នា ដោយប្រើប្រាស់ស្ថាបត្យកម្ម Series-parallel និងប្រព័ន្ធបើកបរអគ្គិសនីដែលមានកម្លាំងខ្លាំងជាងមុន។ Chery បន្តពង្រីកយុទ្ធសាស្ត្រអាគុយ Hybrid ដោយកំណត់ចំណុះប្រហែល 5 kWh ដែលខ្ពស់ជាងឆ្ងាយពីប្រព័ន្ធ HEV ប្រពៃណី (1-2 kWh)។
- GAC: បានចូលរួមក្នុងរលកនៃការរៀបចំរចនាសម្ព័ន្ធ HEV តាមរយៈស្ថាបត្យកម្ម Adimotion ដែលរួមបញ្ចូលប្រព័ន្ធ HEV+, Plug-in Hybrid និង Range-extender ទៅក្នុង Platform តែមួយ។
- GWM: បានពង្រីកទីផ្សារ Hybrid ជាមួយម៉ូដែល Ora 5 ដែលផ្លាស់ប្តូរពីការដាក់ទីតាំងជាឡានអគ្គិសនីសុទ្ធ មកជាយុទ្ធសាស្ត្រប្រើម៉ាស៊ីនចម្រុះ (BEV, HEV, ICE និង PHEV) លើ Platform រួមគ្នា។
ទិន្នន័យ BYD បង្ហាញពីការផ្លាស់ប្តូរតុល្យភាពផ្ទៃក្នុង
ទិន្នន័យទីផ្សារបន្ថែមពីក្រុមហ៊ុន BYD បង្ហាញពីតុល្យភាពរវាងរថយន្តអគ្គិសនីសុទ្ធ (BEV) និងរថយន្ត Plug-in Hybrid (PHEV)៖
- ខែមករា 2026: លក់បាន BEV 40.5% និង PHEV 59.5%។
- ខែកុម្ភៈ 2026: ប្តូរមក BEV 42.4% និង PHEV 57.6%។
- ខែមីនា 2026: ឈានដល់ចំណុចស្ទើរតែស្មើគ្នាគឺ BEV 49.9% និង PHEV 50.1%។
ពេលវេលានៃគោលនយោបាយ និងការដាក់ទីតាំងសកល
ការពង្រីក HEV នេះកំពុងកើតឡើងស្របពេលជាមួយនឹងការកែសម្រួលគោលនយោបាយឆ្នាំ 2026 របស់ចិន ដែលកាត់បន្ថយការលើកលែងពន្ធទិញរថយន្ត BEV និង PHEV ពីការលើកលែងទាំងស្រុង មកត្រឹមការបញ្ចុះតម្លៃ 50% កំណត់ប្រហែល 2,070 ដុល្លារ។ ចំណុចនេះធ្វើឱ្យគម្លាតថ្លៃដើមរវាងប្រភេទម៉ាស៊ីនផ្សេងៗគ្នាកាន់តែតូចទៅៗ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តចិនកំពុងដាក់ទីតាំង HEV ជាផ្នែកនៃយុទ្ធសាស្ត្រនាំចេញ ជាពិសេសទៅកាន់តំបន់ដែលហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅមានកម្រិត ដូចជាអាស៊ីអាគ្នេយ៍ និងអាមេរិកខាងត្បូង។
ការរួមរស់ជាមួយគ្នាជាជាងការជំនួស
ទោះបីជាអត្រានៃការប្រើប្រាស់រថយន្តអគ្គិសនី (EV penetration) ក្នុងប្រទេសចិនបានលើសពី 52% ក្នុងខែមីនា ឆ្នាំ 2026 ក៏ដោយ ប៉ុន្តែការពង្រីកប្រព័ន្ធ HEV បង្ហាញថាបច្ចេកវិទ្យាម៉ាស៊ីនច្រើនប្រភេទកំពុងវិវត្តទៅមុខស្របគ្នា ជាជាងការជំនួសគ្នាម្តងមួយៗ។ ដំណាក់កាលបច្ចុប្បន្នឆ្លុះបញ្ចាំងពីលក្ខណៈសម្បូរបែប ដែល BEV, PHEV និង HEV រួមរស់ជាមួយគ្នាតាមតម្រូវការប្រើប្រាស់ និងកម្រិតតម្លៃខុសៗគ្នានៅលើទីផ្សារសកល។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
