Admin, 27 March 2026
ក្រុមហ៊ុន Honda ត្រៀមនឹងបន្ថែមខ្សែសង្វាក់ផលិតកម្មទីបី ទៅកាន់រោងចក្រទីពីររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដែលគ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅក្នុងឆ្នាំ 2028។
ក្រុមហ៊ុន Honda Motorcycle and Scooter India Pvt. Ltd. (ស្គាល់ថា HMSI) គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធផលិត និងលក់ម៉ូតូរបស់ Honda នៅក្នុងប្រទេសឥណ្ឌា ហើយខ្សែសង្វាក់ ផលិតកម្មថ្មីនេះ នឹងត្រូវបន្ថែមទៅក្នុងរោងចក្ររបស់ខ្លួននៅតំបន់ Tapukara ស្រុក Alwar រដ្ឋ Rajasthan។ ខ្សែសង្វាក់ដំឡើងថ្មីនេះ ត្រូវបានកំណត់ដើម្បីជំរុញសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន 670,000 គ្រឿង បន្ថែមទៀត ដែលនឹងធ្វើឱ្យរោងចក្រទីពីររបស់ Honda ក្នុងប្រទេស ឥណ្ឌា ឈានដល់កម្រិតផលិតលើសពី 2 លានគ្រឿង។ ខ្សែសង្វាក់ផលិតកម្មថ្មីនេះ នឹងផ្តោត លើម៉ូតូស្កូតឺ និងម៉ូតូខ្នាតស្រាល កម្លាំង 125cc និង 160cc។
Honda motorcycle production plant in Gujarat
កាលពីមិនដល់មួយឆ្នាំមុន Honda ក៏ធ្លាប់បានបង្ហើបពីផែនការបង្កើនផលិតកម្មក្នុងប្រទេស ឥណ្ឌាម្តងរួចមកហើយ ដែលកាលនោះគឺពាក់ព័ន្ធនឹងរោងចក្រនៅតំបន់ Vithalapur ក្នុងរដ្ឋ Gujarat ដែលនឹងត្រូវបន្ថែមរោងចក្រទីបួនក្នុងពេលឆាប់ៗនេះ។ ទីតាំងថ្មីនេះ រំពឹងថានឹង រួចរាល់ក្នុងឆ្នាំ 2027 ដែលនឹងធ្វើឱ្យរោងចក្រក្នុងរដ្ឋ Gujarat ក្លាយជារោងចក្រដំឡើងម៉ូតូ ដ៏ធំបំផុតរបស់ប្រេនជប៉ុនមួយនេះ នៅលើពិភពលោក។ ចំពោះខ្សែសង្វាក់ផលិតកម្មថ្មីនៅ ក្នុងរដ្ឋ Rajasthan វិញ Honda បានឱ្យដឹងថា វានឹងបង្កើតការងារថ្មីចំនួន 2,000 កន្លែង ទន្ទឹមនឹងការកើនឡើងនៃសមត្ថភាពផលិតដែលបានរៀបរាប់ខាងលើ។ ក្រុមហ៊ុន HMSI បានចាប់ផ្តើមផលិតកម្មម៉ូតូក្នុងខែកក្កដា ឆ្នាំ 2011 ជាមួយនឹងសមត្ថភាពដំបូង 600,000 គ្រឿង ហើយត្រូវបានដំឡើងទ្វេដងដល់ 1.2 លានគ្រឿងក្នុងខែមីនា ឆ្នាំ 2012។
Honda's second motorcycle production plant in India. Photo credit - Honda
បច្ចុប្បន្ន រោងចក្រទីពីរមានសមត្ថភាពផលិតប្រចាំឆ្នាំ 1.3 លានគ្រឿង ប៉ុន្តែ HMSI គ្រោងនឹងបង្កើនសមត្ថភាពប្រចាំឆ្នាំនៃរោងចក្រទីពីរនេះឱ្យដល់ 1.34 លានគ្រឿង មុនដាច់ឆ្នាំថវិកា (ថ្ងៃទី 31 ខែមីនា ឆ្នាំ 2027)។
ក្រៅពីការសាងសង់ខ្សែសង្វាក់ទីបីនៅរោងចក្រទីពីរ HMSI ក៏មានផែនការពង្រីកសមត្ថភាព ផលិតកម្មនៃរោងចក្រ HMSI ផ្សេងទៀតផងដែរ។ យោងតាម Honda សមត្ថភាពផលិត ប្រចាំឆ្នាំសរុបរបស់ HMSI នឹងកើនឡើងពី 6.25 លានគ្រឿងនាពេលបច្ចុប្បន្ន ទៅដល់ 8 លានគ្រឿង ត្រឹមឆ្នាំ 2028៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
