Admin, 11 June 2026
ក្រុមហ៊ុន Honda កំពុងរៀបចំផែនការផ្លាស់ប្តូរដ៏ធំសម្រាប់ម៉ូដែលស្នូលដ៏សំខាន់បំផុតចំនួនពីររបស់ខ្លួន។ យោងតាមរបាយការណ៍ពី Automotive News រថយន្តម៉ូដែល Accord ត្រូវបានកំណត់ថានឹងទទួលបានការផ្លាស់ប្តូររូបរាងយ៉ាងខ្លាំងក្លានៅពាក់កណ្តាលទីពីរនៃឆ្នាំ 2027 ខណៈដែលរថយន្ត SUV ផ្តោតលើការបើកបរ Off-road ម៉ូដែល Passport វគ្គតុបតែង TrailSport នឹងកាន់តែមានភាពរឹងមាំ និងជ្រុលនិយមជាងមុន ជាមួយការធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំ 2026 នេះ។
Automotive News បានរាយការណ៍ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះថា ការកែទម្រង់មុខមាត់ថ្មី (refresh) របស់ Accord នឹងនាំមកនូវរចនាបថដែលមានជ្រុងមុតស្រួច និងត្រូវបានពិពណ៌នាថាមានលក្ខណៈ «ទំនើប និងបែបអនាគត (futuristic)» ជាងទម្រង់រចនាបច្ចុប្បន្នដែលមើលទៅរាបស្មើ និងមានការប្រុងប្រយ័ត្នខ្ពស់។ ការរចនានេះអាចនឹងយកលំនាំតាមរថយន្តគំរូ Hybrid Sedan ដែលបានដាក់បង្ហាញកាលពីខែមុន ដែលមានចង្កៀងមុខស្តើងមុតស្រួច, តួខ្លួនមានបន្ទះជ្រុងស្អាត និងមានដំបូលទម្លាក់ទៅខាងក្រោយបែប Fastback ដែលមើលទៅស្រដៀងគ្នាយ៉ាងចម្លែកទៅនឹងរថយន្ត Lamborghini Espada។
ផ្នែកខាងមុខត្រូវបានគេរាយការណ៍ថា មានប៉ាណា (grille) តូចជាងមុន និងចង្កៀងមុខស្តើងជាងមុន ខណៈផ្នែកខាងក្រោយត្រូវបានពិពណ៌នាថាមានជ្រុងជាងមុន និងមិនសូវមានរាងមូលទន់ដូចម៉ូដែលបច្ចុប្បន្ននោះទេ។ រូបរាងទូទៅត្រូវបានគេនិយាយថា ជាការវិវត្តចេញពីឡានអគ្គិសនីគំរូ 0-series Saloon EV ដែលត្រូវបានលុបចោល ដែលកាលនោះមានរាងដូចក្រូចឆ្មារកាត់យ៉ាងប្លែកភ្នែក។ ប្រភពមួយបានប្រាប់ Automotive News ថា៖ «ឡានគំរូ 0-series គឺធ្វើឡើងជ្រុលពេក ប៉ុន្តែ Accord ថ្មីនេះ គឺរក្សាបាននូវតុល្យភាពដ៏ត្រឹមត្រូវបំផុត»។
នៅផ្នែកខាងក្នុង អ្នកបើកបរនឹងជួបជាមួយអេក្រង់កម្សាន្តបញ្ជាកណ្តាលដែលមានទំហំធំជាងមុន។ ចំពោះប្រព័ន្ធម៉ាស៊ីន និងកម្លាំង (powertrains) ទំនងជានៅរក្សាដដែល ប៉ុន្តែ Honda អាចនឹងណែនាំប្រព័ន្ធប្តូរលេខ S+ Shift ដែលធ្លាប់បានឃើញនៅលើម៉ូដែល Prelude ដែលជាប្រព័ន្ធបន្លំ simulator ដូចទៅនឹងប្រអប់លេខដៃពិតប្រាកដ។ សម្លឹងមើលទៅអនាគត Automotive News រាយការណ៍ថា Accord អាចនឹងក្លាយជារថយន្តដែលប្រើប្រាស់តែប្រព័ន្ធ Hybrid សុទ្ធសាធ ជារៀងរហូត នៅពេលដែលការផ្លាស់ប្តូរជំនាន់ធំ (major overhaul) ឈានចូលមកដល់ក្នុងឆ្នាំ 2030។
ទន្ទឹមនឹងនេះ ម៉ូដែល Passport ត្រូវបានកំណត់ថានឹងបង្កើនសមត្ថភាពទ្វេរដងលើផ្លូវលំបាក (all-terrain) ជាមួយការធ្វើបច្ចុប្បន្នភាពលើវគ្គតុបតែង TrailSport នៅចុងឆ្នាំនេះ ពោលគឺត្រឹមតែរយៈពេលពីរឆ្នាំម៉ូដែលប៉ុណ្ណោះ បន្ទាប់ពីការដាក់សម្ពោធជំនាន់បច្ចុប្បន្ន។ រថយន្ត Passport TrailSport នឹងទទួលបានកម្ពស់តួខ្លួនពីដីបន្ថែមប្រហែល 25.4mm ដោយប្រភពបានប្រាប់ Automotive News ថា រថយន្ត SUV នេះនឹងទទួលបាន «អ័រម៉ូនបុរស (testosterone) កាន់តែខ្លាំង»។ របាយការណ៍ដដែលបានបញ្ជាក់ថា ការកែលម្អកម្ពស់បាតក្រោមនេះ ក៏នឹងត្រូវផ្គូរផ្គងជាមួយនឹងការផ្លាស់ប្តូរប្រព័ន្ធបូម (suspension) ផ្សេងទៀត រួមទាំងការផ្លាស់ប្តូរការរចនាផ្នែកខាងមុខ និងខាងក្រោយ ដើម្បីបង្កើតឱ្យមាន «រាងរៅបែបកាចដាច់គេ (aggressive stance)»។
ប្រសិនបើរបាយការណ៍នេះជាការពិត យើងនឹងបានឃើញរថយន្ត Passport TrailSport ស៊េរីកែទម្រង់ថ្មី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែល Accord ស៊េរីថ្មីទំនងជានឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តំណាងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda ហាក់ដូចជាបានបញ្ជាក់ពីព័ត៌មានរបស់ Passport ដោយបានលើកឡើងថា៖ «យើងនឹងណែនាំការបង្កើនសមត្ថភាពបន្ថែមនៅចុងឆ្នាំនេះ ហើយរង់ចាំចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងខែខាងមុខ»។ ប៉ុន្តែនៅក្នុងករណីរថយន្ត Accord វិញ តំណាងរបស់ Honda បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ ដោយឆ្លើយតបថា៖ «យើងមិនអាចបញ្ជាក់ពីការផ្លាស់ប្តូរជាក់លាក់ណាមួយនៅពេលនេះបានទេ»។
Honda Accord
Honda Passport TrailSport
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
