Admin, 12 February 2026
ម៉ូតូគំរូ (Prototype) Honda CB750 ឆ្នាំ 1968 ដ៏កម្រមានតែមួយគត់ និងជាគ្រឿងដំបូង បង្អស់ដែលបានមកដល់សហរដ្ឋអាមេរិក ត្រូវបានគេដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ 285,000 ដុល្លារអាមេរិក។វាគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនអាចប្រកែកបាន។ ប៉ុន្តែនៅពេលដែលអ្នកដឹងពីប្រវត្តិនៅពីក្រោយម៉ូតូនេះ វានឹងធ្វើឱ្យអ្នកងាយយល់ថាហេតុអ្វីបានជាវាមានតម្លៃថ្លៃយ៉ាងច្រើនហើយប្រាថ្នាដើម្បីចង់ក្លាយជាម្ចាស់របស់វា។ ម៉ូតូ Honda CB750 Prototype នេះត្រូវបានផលិតឡើងនៅក្នុងខែតុលា ឆ្នាំ 1968 និងត្រូវបាន បញ្ជូនទៅកាន់សហរដ្ឋអាមេរិកនៅក្នុងខែដដែលនោះ។ ទោះជាយ៉ាងណាក៏ដោយ កុំច្រឡំវាជាមួយម៉ូដែលសាកល្បងមុនផលិតកម្ម (pre-production sample models) ចំនួន 4 គ្រឿងផ្សេងទៀតដែលបានមកដល់បន្ទាប់ពីនោះ ពោលគឺពួកវាត្រូវបានផលិត និងបញ្ជូន ទៅដល់អាមេរិកក្នុងខែមករា ឆ្នាំ 1969។
1968 Honda CB750 before being sold at an auction
យោងតាមការចុះបញ្ជីរបស់ក្រុមហ៊ុនដេញថ្លៃ Mecum Auctions ម៉ូដែលសាកល្បងទាំង 4 គ្រឿងនោះ "ជួនកាលត្រូវបានគេហៅច្រឡំថាជា ម៉ូតូគំរូ (prototypes)"។ ប៉ុន្តែតាមពិតទៅ គឺម៉ូដែលឆ្នាំ 1968 នេះឯងដែលជាគ្រឿងដំបូងបំផុតដែលបានមកដល់ទឹកដីអាមេរិក ហើយវាត្រូវបានបញ្ជូនដោយផ្ទាល់ពីលោក Soichiro Honda ទៅឱ្យលោក Bob Hansen ដែលជាអ្នករៀបចំការប្រណាំងម៉ូតូឱ្យក្រុមហ៊ុន Honda នៅក្នុងអាមេរិក។ ក្រុមហ៊ុន Mecum Auction បានបញ្ជាក់ថា ម៉ូតូ Honda CB750 Prototype ឆ្នាំ 1968នេះ គឺជា "ម៉ូតូ CB750 តែមួយគត់ដែលមានពាក្យ 'Honda' សិតជាប់នៅលើគម្របវ៉ាល់ ជាជាងពាក្យ 'OHC 750' ដូចដែលគេឃើញនៅលើម៉ូតូ CB750 ផ្សេងៗទៀត"។
Side of the 1968 Honda CB750
មានព័ត៌មានលម្អិតជាច្រើនទៀតដែលធ្វើឱ្យម៉ូតូនេះលេចធ្លោ រួមទាំងដំណើរការនៃ ការផលិតរបស់វាដែលត្រូវបានធ្វើឡើងដោយដៃទាំងស្រុង។ក្នុងអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1990 ម៉ូតូនេះត្រូវបានទិញយកដោយលោក Vic World ហើយត្រូវបានជួសជុល កែលម្អឡើងវិញនៅក្នុងហាង World Motorcycles របស់លោកនៅក្នុងទីក្រុង San Bruno រដ្ឋ California។ ជាលទ្ធផល ម៉ូតូគំរូនេះមានរូបរាងខុសប្លែកគ្នាឆ្ងាយពីម៉ូដែលផលិតកម្មសម្រេចចុងក្រោយ។ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីន 4 ស៊ីឡាំង កម្លាំង 736 ស៊ីស៊ី ផ្គូផ្គងជាមួយប្រព័ន្ធលេខ 5 វគ្គល្បឿន។ លក្ខណៈបច្ចេកទេសផ្សេងទៀតដែលត្រូវបានដឹង រួមមាន ប្រព័ន្ធបូមមុខប្រភេទ Telescopic និងហ្វ្រាំងឌីសទោលទំហំ 295mmនៅខាងមុខដែលចាប់ដោយកាលីព័រ 1 ពីស្តុង។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
