Admin, 30 May 2026

             ក្រុមហ៊ុន Honda Motor Co. បានដាក់លក់រថយន្តម៉ូដែល “Super-ONE” ដែលជារថយន្តអគ្គិសនី (EV) ខ្នាតតូចស៊េរីថ្មីរបស់ខ្លួន។

ម៉ូដែលនេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើរថយន្តអគ្គិសនីខ្នាតតូច “N-ONE e:” ដែលបានដាក់លក់កាលពីឆ្នាំមុន ប៉ុន្តែវាមានការបង្កើនទំហំទទឹងតួខ្លួនសរុបឱ្យធំជាងមុន។ វាមានបំពាក់នូវមុខងារ “boost mode” ដែលជួយបង្កើនកម្លាំងជម្រុញរបស់ម៉ូទ័រ និងមានសមត្ថភាពបើកបរបានចម្ងាយ 274 គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្តង។

រថយន្តនេះមានតម្លៃ 21,299 ដុល្លាអាមេរិក (រួមបញ្ចូលទាំងពន្ធ)។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការទទួលបានប្រាក់ឧបត្ថម្ភធនពីរដ្ឋាភិបាល តម្លៃរបស់វានឹងធ្លាក់ចុះមកត្រឹមកម្រិត 13,130 ដុល្លា ដែលធ្វើឱ្យវាមានតម្លៃប្រហាក់ប្រហែលគ្នានឹងរថយន្តអគ្គិសនីប្រភេទ Kei car ផ្សេងទៀតដែរ។

ទោះបីជាក្រុមហ៊ុនទើបតែបានកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការជំរុញការលក់រថយន្ត EV នៅក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សារអាមេរិកខាងជើងក៏ដោយ ក៏ក្រុមហ៊ុននៅតែមានផែនការពង្រីកបញ្ជីផលិតផលរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដោយសារមានតម្រូវការខ្លាំងពីសំណាក់អតិថិជនដែលប្រើប្រាស់ពួកវាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

កាលពីខែមីនា Honda បានប្រកាសថាខ្លួនបានលុបចោលការស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្ត EV ចំនួន 3 ម៉ូដែល ដែលគ្រោងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងបានបញ្ជាក់ពីបំណងក្នុងការផ្តោតលើរថយន្តប្រភេទ Hybrid វិញ។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុនរំពឹងថានឹងមានការកើនឡើងនូវតម្រូវការសម្រាប់រថយន្ត EV ខ្នាតតូច រួមទាំងប្រភេទ Kei car សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរទៅទិញទំនិញ និងកិច្ចការប្រចាំថ្ងៃផ្សេងៗទៀត។ នៅឆ្នាំ 2028 Honda គ្រោងនឹងដាក់លក់កំណែអគ្គិសនី (EV) នៃរថយន្ត Kei car ដ៏ពេញនិយមរបស់ខ្លួនគឺម៉ូដែល “N-BOX”

ការបញ្ជាទិញទុកមុន (Preorders) សម្រាប់រថយន្ត Super-ONE សម្រេចបានចំនួនប្រហែល 7,000 គ្រឿងរួចទៅហើយ។ នៅក្នុងឆ្នាំថវិកា 2025 Honda លក់រថយន្ត EV បានប្រហែល 11,100 គ្រឿងនៅក្នុងប្រទេសជប៉ុន។

តំណាងម្នាក់របស់ក្រុមហ៊ុន Honda ដែលទទួលបន្ទុកកិច្ចការប្រតិបត្តិការប្រចាំតំបន់ជប៉ុន បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍សម្ពោធកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនឹងធ្វើឱ្យទីផ្សាររថយន្ត EV របស់ជប៉ុន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជនយើង កាន់តែមានភាពរំភើប និងរីករាយ»

ប្រភព៖ JP. News

ប្រែសំរួល៖ Chea SokNang (AC Auto)