Admin, 09 October 2026
ក្រុមហ៊ុន Honda បានបើកបង្ហាញជម្រើសពណ៌ថ្មីៗនៅលើម៉ូតូអត្តសញ្ញាណ GL1800 Gold Wing Tour របស់ខ្លួន ដែលជាម៉ូតូ Tourer កម្រិតប្រណីតកំពូល (flagship luxury tourer) ប្រចាំក្រុមហ៊ុន។
ដូចទៅនឹងម៉ូឌែលជាច្រើនទៀតនៅក្នុងត្រកូលរបស់ Honda ការផ្លាស់ប្តូរសម្រាប់ឆ្នាំបន្ទាប់គឺមានតែការអាប់ដេតជម្រើសពណ៌ប៉ុណ្ណោះ ដោយផ្នែកមេកានិច និងលក្ខណៈបច្ចេកទេសរបស់ម៉ូតូនីមួយៗនៅតែរក្សាទុកដដែល។
ម៉ូឌែលឆ្នាំ 2027 GL1800 Gold Wing Tour នឹងមានជាជម្រើសពណ៌៖
- Iridium Gray Metallic
- Graphite Black
- Allumage Blue Metallic
ប្រវត្តិនៃការអាប់ដេត និងលក្ខណៈបច្ចេកទេស
ការអាប់ដេតពណ៌ថ្មីនេះ ធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរធំៗជាច្រើនលើម៉ូតូ Tourer ប្រណីតមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទោះបីជាគ្មានការផ្លាស់ប្តូរណាធំជាងការអាប់ដេតកាលពីឆ្នាំ 2018 ក៏ដោយ។ ដើម្បីឆ្លើយតបទៅនឹងនិន្នាការទីផ្សារម៉ូតូដែលកំពុងវិវឌ្ឍ ទាំង GL1800 Gold Wing និង Gold Wing Tour ទទួលបានជម្រើសប្រព័ន្ធប្រអប់លេខអូតូស្វ័យប្រវត្ត Dual Clutch Transmission (DCT) របស់ Honda។
ការអាប់ដេតនោះក៏បានបន្ថែមមុខងារថ្មីៗជាច្រើន ខណៈដែលម៉ាស៊ីនរបស់ម៉ូតូត្រូវបានរចនាឡើងវិញទាំងស្រុង។ ប្រព័ន្ធម៉ាស៊ីននៅតែរក្សាអត្តសញ្ញាណជាប្រភេទ 6 ស៊ីឡាំងដេក (horizontally opposed flat-six) ដដែល ប៉ុន្តែបានផ្លាស់ប្តូរពីវ៉ាល់ 2 ក្នុងមួយស៊ីឡាំង ទៅជា 4 វ៉ាល់ ព្រមទាំងត្រូវបានធ្វើឱ្យកាន់តែបង្រួម និងមានទម្ងន់ស្រាលជាងមុន។
ម៉ាស៊ីននេះផលិតកម្លាំងសេះបាន 124.7bhp (ប្រហែល 125 សេះ) នៅកម្រិត 5,500 ជុំ/នាទី និងកម្លាំងរមួល 125 lb-ft (170 ញូតុនម៉ែត្រ) នៅកម្រិត 4,503ជុំ/នាទី ដែលធ្វើឱ្យ Gold Wing Tour ក្លាយជាម៉ូតូមួយក្នុងចំណោមម៉ូតូដែលមានទម្ងន់ធ្ងន់បំផុតនៅលើពិភពលោក ដោយមានទម្ងន់រហូតដល់ 374 គីឡូក្រាម។
បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព
ម៉ូឌែល Gold Wing Tour ទទួលបានការផ្លាស់ប្តូរផ្លែផ្កាបន្ថែមទៀតក្នុងឆ្នាំ 2020 ដោយទទួលបានភ្លើងហ្វាំងអ័ព្ទ LED ជាស្តង់ដារ, ដៃតោងសម្រាប់អ្នករួមដំណើរធំជាងមុន និងប្រព័ន្ធបូមដែលបានកែសម្រួល។
វាមកជាមួយទម្រង់បើកបរ (ride modes) សរុបចំនួន 4 រួមមាន៖ Tour, Sport, Econ និង Rain ព្រមទាំងប្រព័ន្ធហ្វ្រាំងរួមបញ្ចូលគ្នា (Dual Combined Brake System - D-CBS) ដែលកែប្រែទៅតាមទម្រង់បើកបរដែលបានជ្រើសរើស។
មុខងារផ្សេងៗទៀតរួមមាន៖
- ប្រព័ន្ធជំនួយពេលចេញដំណើរលើទួល (Hill Start Assist - HSA)
- ប្រព័ន្ធពន្លត់ម៉ាស៊ីនស្វ័យប្រវត្តពេលឈប់ង៉ក់ (Idling Stop លើជម្រើសប្រអប់លេខ DCT)
- ប្រព័ន្ធត្រួតពិនិត្យកម្លាំងរមួល (Honda Selectable Torque Control)
ខណៈដែលម៉ូឌែល Tour ទទួលបានការអាប់ដេតពណ៌ធំបំផុតសម្រាប់ឆ្នាំ 2027 ម៉ូឌែលស្តង់ដារ Gold Wing ដែលបានដាក់លក់ជាលើកដំបូងក្នុងឆ្នាំ 1975 ក៏ទទួលបានជម្រើសពណ៌ថ្មី Gunmetal Black Metallic ជាមួយការរំលេចពណ៌ Mat Ballistic Black Metallic ផងដែរ។
Honda GL1800 Gold Wing Tour in blue
2027 Honda GL1800 Gold Wing.
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
