Sys Admin, 02 October 2025

នៅក្នុងពេលដែលក្រុមហ៊ុនជាច្រើនក្នុងវិស័យយានយន្តអគ្គិសនីនៅតែព្យាយាមស្វែងរកវិធីសាស្រ្តដើម្បីធ្វើឲ្យរថយន្តរបស់ខ្លួនកាន់តែមានភាពទាក់ទាញ ក្រុមហ៊ុន Huawei ហាក់ដូចជាបានដើរទៅមុខមួយលានជំហានរួចទៅហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះបានប្រកាសថា ប្រព័ន្ធបើកបរបែបទំនើបរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា “Qiankun” ត្រូវបានដំឡើងនៅក្នុងរថយន្តជាងមួយលានគ្រឿងរួចទៅហើយ។ នេះបើតាមប្រសាសន៍របស់លោក Jin Yuzhi ប្រធានផ្នែករថយន្តឆ្លាតវៃរបស់ Huawei ក្នុងអំឡុងព្រឹត្តការណ៏បច្ចេកវិទ្យារថាមពលថយន្តពិភពលោក ២០២៥(2025 World New Energy Vehicle Congress)។


ប្រព័ន្ធ Qiankun គឺជាឈុតបច្ចេកវិទ្យាដ៏ទំនើបដែលជួយក្នុងការបើកបរ ការចតរថយន្ត ដោយសុវត្ថិភាព។ ប្រព័ន្ធ God's Eye ADS ថ្មីគឺជាផ្នែកសំខាន់មួយនៃបច្ចេកវិទ្យា Qiankun ដ៏ធំ។ រហូតមកដល់ពេលនេះ រថយន្តដែលបំពាក់ដោយប្រព័ន្ធនេះបានធ្វើដំណើរបានចម្ងាយជាង ៥ ពាន់លានគីឡូម៉ែត្រដោយមានជំនួយពីវា។ ចម្ងាយនេះគឺប្រៀបដូចជាការបើកបរទៅកាន់ភពព្រះអាទិត្យហើយត្រឡប់មកវិញច្រើនជាង ១៦. ដង។


ក្នុងអំឡុងពេលនេះ ប្រព័ន្ធសុំចតរថយន្តដោយស្វ័យប្រវត្តិអាចលើសជាង ២៨០ លានដង ហើយត្រូវបានគេជឿថាវាបានការពារគ្រោះថ្នាក់ដែលទំនងជាអាចកើតមានឡើងរហូតទៅដល់ជាង ២,៧១ លានលើក។ តួរលេខទាំងនេះ យោងទៅតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺបានឧទាហរណ៍ជាក់ស្តែងដែលបច្ចេកវិទ្យាអាចជួយសង្គ្រោះជីវិត និងការពារការខូចខាត។

Huawei បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តជាច្រើនដើម្បីរួមបញ្ចូលប្រព័ន្ធរបស់ខ្លួន។ ម៉ាកយីហោដូចជា Avatr, Deepal និង Voyah គឺជាម៉ាកយីហោមួយចំនួនក្នុងចំណោមម៉ាកយីហោដែលបានប្រើប្រាស់ដំបូងគេ។ ការប្រើប្រាស់យ៉ាងទូលំទូលាយនេះនៅលើម៉ូដែលផ្សេងៗគ្នាដែលមានចំនួនរហូតដល់ ២៨ម៉ូដែល បានបង្ហាញថា Huawei មានភាពម៉ឺងម៉ាត់អំពីឧស្សាហកម្មរថយន្តអគ្គិសនី មិនមែនដោយការផលិតរថយន្តផ្ទាល់ខ្លួនទេ ប៉ុន្តែដោយការផ្តល់បច្ចេកវិទ្យាខួរក្បាល (chip) ដើម្បីដំណើរការពួកវា។ ផ្នែក cockpit ដែលដំណើរការដោយ HarmonyOS ដែលជាផ្នែកដ៏សំខាន់នៃប្រព័ន្ធនេះ ក៏បានទទួលការប្រើប្រាស់គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយមុខងារជំនួយសំឡេងរបស់វាត្រូវបានដំណើរការ ២៣៨ លានដង។


លោក Jin Yuzhi ក៏បានចែករំលែកចក្ខុវិស័យរបស់ Huawei សម្រាប់អនាគតកាលផងដែរ នៃការបើកបរ ដែលលោកបានរៀបរាប់ក្នុង “បីដំណាក់កាល”។ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ គឺផ្តោតលើការប្រើប្រាស់ថាមពលអគ្គិសនី ដែលជំនួសសាំងដោយអគ្គិសនីដែលមានតម្លៃថោក និងស្អាតជាង។ បច្ចុប្បន្នយើងស្ថិតនៅក្នុងដំណាក់កាលទី២ ដែលចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧។ ដំណាក់កាលនេះផ្តោតលើ “ភាពឆ្លាតវៃ” ដែលជាក្បួនដោះស្រាយភាពឆ្លាតវៃធ្វើឱ្យការបើកបរកាន់តែមានសុវត្ថិភាព និងមិនសូវមានភាពតានតឹង។

ដំណាក់កាលទី៣៖ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ គឺ “ស្វ័យប្រវត្តិកម្ម”។ នេះគឺជាពេលដែលអ្វីៗកាន់តែគួរឱ្យចាប់អារម្មណ៍ជាមួយនឹងរថយន្តដែលអាចបើកបរដោយខ្លួនឯង ដែលអាចផ្លាស់ប្តូររបៀបដែលយើងគិតអំពីការដឹកជញ្ជូន។ ដើម្បីឈានទៅដល់អនាគតស្វ័យប្រវត្តិកម្មនេះរបស់ក្រុមហ៊ុន Huawei គឺមានផែនការច្បាស់លាស់។


មុនដំណាច់ឆ្នាំ ២០២៥ ក្រុមហ៊ុននឹងចេញប្រព័ន្ធ ADS 4 របស់ខ្លួន ដែលនឹងណែនាំមុខងារបើកបរស្វយ័តកម្រិត ៣ (L3) សម្រាប់ផ្លូវហាយវេ។ L3 មានន័យថា រថយន្តអាចគ្រប់គ្រងកិច្ចការបើកបរភាគច្រើននៅលើផ្លូវហាយវេ ប៉ុន្តែអ្នកបើកបរត្រូវតែត្រៀមខ្លួនដើម្បីគ្រប់គ្រងវិញប្រសិនបើចាំបាច់។ នៅឆ្នាំ ២០២៦ Huawei រំពឹងថានឹងឃើញរថយន្តជាច្រើនទៀតដែលមានសមត្ថភាព L3 នៅលើផ្លូវ ហើយថែមទាំងនឹងចាប់ផ្តើមសាកល្បងប្រព័ន្ធកម្រិត ៤ (L4) នៅក្នុងទីក្រុង។ L4 គឺជាជំហានដ៏ធំមួយដែលរថយន្តអាចបើកបរដោយខ្លួនឯងនៅក្នុងតំបន់ជាក់លាក់ដោយគ្មានការអន្តរាគមន៍ រឹ ការបើកបរពីមនុស្សឡើយ។

នៅឆ្នាំ ២០២៧ នៅពេលដែលផ្លូវហាយវេ និងផ្លូវក្នុងទីក្រុងកាន់តែច្រើនត្រូវបានគូសផែនទីសម្រាប់មុខងារ Navigation Cruise Assist របស់ខ្លួន Huawei ជឿថា L3 នឹងក្លាយជារឿងធម្មតា។ ក្នុងពេលជាមួយគ្នានេះ បច្ចេកវិទ្យា L4 នឹងចាប់ផ្តើមត្រូវបានប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ដោយត្រួសត្រាយផ្លូវសម្រាប់រថយន្ត Robotaxis និងរថយន្តដឹកជញ្ជូនស្វ័យប្រវត្តិកម្ម។

ប្រភព៖ ArenaEV

ប្រែសំរួល៖ ផាកឃឺ