Admin, 28 May 2026

           ក្រុមហ៊ុន Huawei Technologies Co និងក្រុមហ៊ុនផលិតរថយន្តចិន Chery បានដាក់សម្ពោធជាផ្លូវការនូវរថយន្តលក្ខណៈគ្រួសារពហុបំណង ឬ MPV ដំបូងបង្អស់របស់ពួកគេ គឺម៉ូដែល Luxeed V9 ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រ ដើម្បីទាក់ទាញក្រុមអ្នកទិញសម្រាប់តម្រូវការអាជីវកម្មកម្រិតខ្ពស់ និងតម្រូវការគ្រួសារ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងកាន់តែស្រួចស្រាវ។

លោក Yu Chengdong ប្រធានក្រុមធុរកិច្ចឧបករណ៍ប្រើប្រាស់ចុងក្រោយ (terminal business group) របស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា Luxeed V9 គឺជាម៉ូដែលដំបូងគេបង្អស់ដែលត្រូវបានដំឡើងទៅកាន់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ Huawei Qiankun Autonomous Driving System (ADS) 5.0

រថយន្តនេះត្រូវបានបំពាក់ដោយសេនស័រចំនួន 38 គ្រាប់ ដែលអនុញ្ញាតឱ្យដំណើរការប្រព័ន្ធ ADS តាមតម្រូវការ ដោយវាអាចវាយតម្លៃស្ថានភាពផ្លូវថ្នល់ដោយស្វ័យប្រវត្តិ និងធ្វើការបញ្ជាចង្កូតក្នុងសកម្មភាពផ្សេងៗ ដូចជា ការស៊ីផ្លេ ការញាក់ភ្លើងហ្វា និងការបន្ថយល្បឿនជាដើម។

ប្រធានក្រុមហ៊ុន Chery លោក Yin Tongyue បានពិពណ៌នាថា គម្រោងម៉ាកយីហោ Luxeed នេះ គឺជាអាទិភាពយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតរបស់សម្ព័ន្ធក្រុមហ៊ុន និងជា "តំបន់សេដ្ឋកិច្ចពិសេសយុទ្ធសាស្ត្រ" ដែលទទួលបានការគាំទ្រជាពិសេស។ ក្រុមហ៊ុន Chery បានវិនិយោគទឹកប្រាក់ប្រហែល 2.76 ពាន់លានដុល្លារអាមេរិក ទៅក្នុងគម្រោងមួយនេះ ហើយតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Huawei នេះ ភាគីទាំងពីរបានក្តោបក្តាប់ប៉ាតង់ពាក់ព័ន្ធសរុបជាង 30,000 ប៉ាតង់។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)