Admin, 09 March 2026

          ថ្ងៃនេះ នៅក្នុងព្រឹត្តិការណ៍ច្នៃប្រឌិតបច្ចេកវិទ្យាបើកបរវៃឆ្លាត HarmonyOS ក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការនូវប្រព័ន្ធ LiDAR កម្រិតរូបភាពដែលមាន "ស្ថាបត្យកម្មផ្លូវពន្លឺពីរ" (Dual-optical path)។ យោងតាមការប្រកាស ផលិតផលនេះគឺជាអ្នកត្រួសត្រាយផ្លូវក្នុងការ ប្រើប្រាស់ស្ថាបត្យកម្ម Dual-optical path ដែលបង្កើនកម្រិតភាពច្បាស់រហូតដល់ 4 ដង ដែលធ្វើឱ្យវាក្លាយជា LiDAR ប្រភេទ 896 ខ្សែ (896-line) ដំបូងគេនៅលើពិភពលោក ដែលត្រូវបានផលិតឡើងក្នុងទ្រង់ទ្រាយធំ។


Huawei បានបញ្ជាក់ថា ប្រព័ន្ធនេះអាចកំណត់អត្តសញ្ញាណវត្ថុដែលមានទំហំតូច (កម្ពស់ត្រឹមតែ 14សង់ទីម៉ែត្រ) ក្នុងចម្ងាយ 120 ម៉ែត្រ បានយ៉ាងច្បាស់ និងថេរ រួមមាន៖ បង្គោលចរាចរណ៍ដែលដួល កង់ឡានដែលធ្លាយ និងវត្ថុផ្សេងៗទៀតដែលមានកម្រិតចំណាំង ផ្លាតពន្លឺទាប។

លោក Jin Yuzhi នាយកប្រតិបត្តិនៃផ្នែកដំណោះស្រាយរថយន្តវៃឆ្លាតរបស់ Huawei បានពន្យល់ថា LiDAR នេះបានរួមបញ្ចូលនូវអង្គភាពទទួលកាំរស្មីឡាស៊ែរចំនួនពីរ ដែលមានប្រវែងកំនួច (Focal lengths) ខុសគ្នា៖

  • អង្គភាពទីមួយ៖ ផ្ដល់នូវទិដ្ឋភាពទូទៅក្នុងមុំទូលាយ។
  • អង្គភាពទីពីរ៖ ផ្ដោតទៅលើព័ត៌មានលម្អិតក្នុងចម្ងាយឆ្ងាយនៅខាងមុខ។



នៅពេលពួកវាធ្វើការរួមគ្នា វានឹងបង្កើតឱ្យមានរូបភាពបែប "High-definition picture-in-picture"។ នេះអនុញ្ញាតឱ្យប្រព័ន្ធចាប់យករូបភាពឧបសគ្គតូចៗ ឧបសគ្គដែលមាន ចំណាំង ផ្លាតទាប និងឧបសគ្គដែលមានរូបរាងមិនច្បាស់លាស់បានយ៉ាងល្អ។ លោកបានលើក ឧទាហរណ៍ថា ជាមួយនឹង LiDAR ថ្មីនេះ សូម្បីតែសត្វឆ្កែដែលកំពុងគ្រវីកន្ទុយ ក៏អាចមើល ឃើញយ៉ាងច្បាស់ពីចម្ងាយ 55 ម៉ែត្រផងដែរ។


តើអ្វីទៅជា "ខ្សែ (Line)" នៅក្នុង LiDAR?

យោងតាមព័ត៌មានជាសាធារណៈ "ខ្សែ" សំដៅទៅលើចំនួនបណ្តាញបញ្ចេញ កាំរស្មីឡាស៊ែរ ក្នុងទិសដៅបញ្ឈរ។ ខ្សែនីមួយៗឆ្លើយតបទៅនឹងកាំរស្មីឡាស៊ែរឯករាជ្យមួយ។ កាលណា មានខ្សែរឹតតែច្រើន ការស្កេនក្នុងទិសដៅបញ្ឈររឹតតែមានដង់ស៊ីតេខ្លាំង ដែលធ្វើឱ្យរូបភាព ពពកចំណុច 3D (3D point clouds) កាន់តែច្បាស់ និងអាចកំណត់អត្តសញ្ញាណអ្នកថ្មើរជើង យានយន្ត និងឧបសគ្គនានាបានកាន់តែសុក្រឹត។ ជាទូទៅ LiDAR មានតែ 16.32 ឬ 128ខ្សែ ប៉ុណ្ណោះ។ ពីមុនមក ចំនួនខ្សែខ្ពស់បំផុតសម្រាប់ LiDAR ដែលផលិតក្នុងទ្រង់ទ្រាយធំក្នុង ឧស្សាហកម្មរថយន្ត គឺមានត្រឹមតែ 520ខ្សែប៉ុណ្ណោះ។


រថយន្តដែលនឹងបំពាក់បច្ចេកវិទ្យានេះមុនគេ

រថយន្ត Aito M9 និង Maextro S800 ស្ថិតក្រោមសម្ព័ន្ធ HIMA នឹងក្លាយជាយានយន្តដំបូង គេដែលបំពាក់ LiDAR 896 ខ្សែរបស់ Huawei។ បន្ថែមពីនេះ ម៉ាករថយន្តដទៃទៀត ដែលសហការជាមួយ Huawei ដូចជា Avatr 12 និង Voyah FE ក៏បានប្រកាសថា នឹងប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ។

បច្ចុប្បន្ន រថយន្ត AITO M9 និង Maextro S800 បានបើកឱ្យកម្ម៉ង់ជាផ្លូវការហើយ ក្នុងតម្លៃលក់រាយដែលបានណែនាំ៖

  • Aito M9: ចាប់ពី 69,500 ដុល្លារអាមេរិក។
  • Maextro S800: ចាប់ពី 105,500 ដុល្លារអាមេរិក។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)