Admin, 07 October 2026

              ក្រុមហ៊ុន Huawei និង Seres បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល 5 ឆ្នាំថ្មីបន្ថែមទៀត ដើម្បីរួមគ្នាធ្វើupgradeអាជីវកម្ម Aito ដែលជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ត្រឹមតែប្រហែល 2 សប្តាហ៍ បន្ទាប់ពីការប្រកាសពីការផ្លាស់ប្តូរការគ្រប់គ្រងលើប្រតិបត្តិការរបស់ម៉ាកយីហោនេះ។

សម្ព័ន្ធ HIMA (Harmony Intelligent Mobility Alliance) របស់ក្រុមហ៊ុន Huawei បានប្រកាសពីការរៀបចំនេះកាលពីថ្ងៃព្រហស្បតិ៍។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅកាលពីថ្ងៃទី 30 ខែកញ្ញាកន្លងទៅ នៅក្នុងទីក្រុងសិនជិន (Shenzhen) ដែលជាទីស្នាក់ការកណ្តាលរបស់ Huawei។

លោក Richard Yu នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនក្រុមអាជីវកម្មអ្នកប្រើប្រាស់ (Consumer Business Group) របស់ Huawei បានចូលរួមក្នុងពិធីនេះ អមដោយលោក Zhang Xinghai ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Seres។

ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេនឹងរួមគ្នាបង្កើតក្រុមការងារ Aito ជាក់លាក់មួយ, កែលម្អសេវាកម្មអតិថិជនតាមរយៈប្រតិបត្តិការផ្ទាល់សម្រាប់ម៉ាកយីហោ និងបន្តពង្រឹងទីតាំងរបស់ខ្លួនជារថយន្តឆ្លាតវៃប្រណីត។ យោងតាមការប្រកាស អតិថិជនប្រើប្រាស់រថយន្ត Aito បានកើនឡើងលើសពី 1.2 លាននាក់ហើយ។

មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុនទាំងពីរបានប្រកាសពីការផ្លាស់ប្តូរគំរូសហប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃទី 15 ខែកញ្ញា ដោយដាក់ឱ្យ Seres ទទួលខុសត្រូវលើការកំណត់និយមន័យផលិតផល, ការរចនាផលិតផល, ការផ្សព្វផ្សាយពាណិជ្ជកម្មម៉ាកយីហោ, បណ្តាញលក់រាយ និងបណ្តាញសេវាកម្ម ដោយមាន Huawei ជាអ្នកផ្តល់ការគាំទ្រ។

សេចក្តីថ្លែងការណ៍នាពេលនោះបានសង្កត់ធ្ងន់ថា Aito នៅតែជាសមាជិករបស់ HIMA ហើយអត្ថប្រយោជន៍របស់អតិថិជនដែលមានស្រាប់ និងសេវាកម្មជាបន្តបន្ទាប់នឹងមិនរងផលប៉ះពាល់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការកែសម្រួលនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអនាគតនៃភាពជាដៃគូនេះ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅហាង HIMA កាលពីថ្ងៃទី 24 ខែកញ្ញា លោក Yu បាននិយាយថា Seres បានពង្រឹងសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំងតាមរយៈភាពជាដៃគូ និងបានស្នើសុំធ្វើជាអ្នកដឹកនាំក្នុងការរ៉ាប់រង Aito ដែលជាជំហានមួយ Huawei បានគាំទ្រ។

លោក Zhang ប្រធានក្រុមហ៊ុន Seres ក៏បានប្រាប់ទូរទស្សន៍រដ្ឋចិន CCTV កាលពីពេលមុនផងដែរថា ក្រុមហ៊ុនទាំងពីរបានរក្សាភាពជាដៃគូរបស់ពួកគេនៅគ្រប់ដំណាក់កាល។ លោកបាននិយាយថា ការកែសម្រួលនេះផ្តោតលើប្រតិបត្តិការផ្ទាល់សម្រាប់ម៉ាកយីហោ ដោយមានគោលបំណងធ្វើអាប់ហ្គ្រេដទីតាំង និងសេវាកម្មរបស់ខ្លួន។

ការផ្លាស់ប្តូរក្នុងការគ្រប់គ្រងប្រតិបត្តិការ និងការរៀបចំកម្រៃសេវា ហាក់ដូចជាផ្នែកមួយនៃសមាសភាគនៅពីក្រោយការកែសម្រួលជាបន្តបន្ទាប់ក្នុងភាពជាដៃគូនេះ។

សារព័ត៌មាន LatePost បានរាយការណ៍កាលពីថ្ងៃទី 24 ខែកញ្ញាថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល 5 ឆ្នាំមុនជិតផុតកំណត់ ហើយក្រុមហ៊ុនទាំងពីរបានជួបចរចាគ្នាជាច្រើនជុំ ដោយ Seres បានប្រកាន់ជំហរម៉ឺងម៉ាត់ជាងមុន។

ដោយដកស្រង់ចេញពីសៀវភៅអនុសាសន៍វិនិយោគ (prospectus) របស់ Seres របាយការណ៍បានឱ្យដឹងថា ការទិញរបស់ក្រុមហ៊ុនពី Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានទំហំសរុប ប្រហែល 8.32 ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ដែលកើនឡើងប្រហែល 10 ដង ធៀបនឹងរយៈពេល 3ឆ្នាំមុន។

LatePost ក៏បាននិយាយផងដែរថា ក្រោមគំរូសហប្រតិបត្តិការមុន Seres ត្រូវបង់ថ្លៃអាជ្ញាប័ណ្ណបច្ចេកវិទ្យា និងថ្លៃផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញទៅឱ្យ Huawei ប្រហែល 10% សម្រាប់រថយន្តនីមួយៗដែលបានលក់។

ការផ្លាស់ប្តូរទាំងនេះ ក៏បានប៉ះពាល់ដល់ការទូទាត់ប្រាក់ និងការចាត់ចែងបុគ្គលិកជាមួយដេប៉ូចែកចាយផងដែរ។ យោងតាម LatePost ភាគីចុះកិច្ចសន្យាសម្រាប់កិច្ចព្រមព្រៀងដេប៉ូចែកចាយ Aito បានផ្លាស់ប្តូរពី Huawei ទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Seres ដោយ Seres បានទទួលយកការទូទាត់ថ្លៃសេវាគ្របដណ្តប់សរុប សម្រាប់ការបញ្ជាទិញថ្មីៗចាប់ពីថ្ងៃទី 16 ខែកញ្ញា។

ដោយដកស្រង់សម្តីបុគ្គលដែលស្និទ្ធនឹងការកែសម្រួលនេះ របាយការណ៍បាននិយាយថា ក្រុមការងារគម្រោង Huawei ខាងក្រៅមួយចំនួនដែលធ្វើការលើ Aito ត្រូវបានរំសាយរួចហើយ ដោយបុគ្គលិក Huawei លើគម្រោងទាំងនោះ ត្រូវផ្លាស់ទៅកាន់ផ្នែកអាជីវកម្មផ្សេងទៀត។

មុនពេលកិច្ចព្រមព្រៀងថ្មីត្រូវបានប្រកាស សារព័ត៌មាន Yicai បានរាយការណ៍កាលពីដើមថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមការចរចាឡើងវិញនាពេលថ្មីៗនេះ។ ភាពជាដៃគូរបស់ពួកគេអាចនឹងត្រូវ បានធ្វើអាប់ហ្គ្រេដបន្ថែមទៀត តាមរយៈប្រតិបត្តិការផ្ទាល់សម្រាប់ម៉ាកយីហោ ជាជាងគ្រាន់តែផ្លាស់ប្តូរទៅជាប្រតិបត្តិការដឹកនាំដោយ Seres ជាមួយនឹងការគាំទ្រពី Huawei។

ប្រព័ន្ធផ្សព្វផ្សាយយានយន្ត Mingjing Pro បានរាយការណ៍កាលពីដើមថ្ងៃនេះថា blogger ឧស្សាហកម្មជាច្រើនបានអះអាងថា ក្រុមប្រតិបត្តិការរបស់ Huawei ដែលធ្លាប់បានបាត់មុខពី Seres កំពុងរៀបចំខ្លួនត្រឡប់មកវិញ ហើយ Huawei អាចនឹងបន្តដឹកនាំភាពជាដៃគូនេះឡើងវិញ។ របាយការណ៍បានបញ្ជាក់ច្បាស់ៗថា ការអះអាងទាំងនោះមិនទាន់ត្រូវ បានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ការប្រកាសចុងក្រោយបង្អស់ បានបញ្ជាក់ពីភាពជាដៃគូរយៈពេល 5 ឆ្នាំថ្មី និងការបង្កើតក្រុមការងារផ្ទាល់រួមគ្នា ប៉ុន្តែមិនបានបញ្ជាក់ថា តើការរៀបចំគ្រប់គ្រងប្រតិបត្តិការដែលបានប្រកាសកាលពីថ្ងៃទី 15 ខែកញ្ញា មានការផ្លាស់ប្តូរឬយ៉ាងណានោះទេ។ វា ក៏មិនបានលាតត្រដាងពីការចាត់ចែងបុគ្គលិកក្នុងក្រុមការងារ ឬការរៀបចំចែករំលែកកម្រៃសេវាថ្មី រវាងក្រុមហ៊ុនទាំងពីរនោះដែរ។

កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលការប្រគល់រថយន្តរបស់ HIMA នៅតែស្ថិតក្រោមសម្ពាធ។ សម្ព័ន្ធនេះប្រគល់រថយន្តបានចំនួន 37,490 គ្រឿង ក្នុងខែកញ្ញា ដែលធ្លាក់ចុះ 29.15% ធៀបនឹងឆ្នាំមុន ដែលជាខែទីបួនជាប់ៗគ្នានៃការធ្លាក់ចុះប្រចាំឆ្នាំ យោងតាមទិន្នន័យដែលប្រមូលក្រងដោយ CnEVPost។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)