Admin, 11 April 2026

            ក្រុមហ៊ុន Hyundai បានបង្ហាញរថយន្ត SUV គំរូសម្រាប់ផ្លូវ Off-road ដែលមានឈ្មោះថា Boulder នៅក្នុងពិព័រណ៍រថយន្តក្រុងញូវយ៉កឆ្នាំ 2026 (2026 New York Auto Show)។ ការរចនារបស់ Boulder គឺមានគោលដៅប្រកួតប្រជែងចំៗជាមួយរថយន្តដែលមានរូបរាងប្រអប់រឹងមាំដូចជា Ford Bronco និង Jeep Wrangler

រថយន្តគំរូ Boulder រួមបញ្ចូលគ្នានូវរូបរាងជ្រុងៗបែបប្រអប់ ជាមួយនឹងខ្សែបន្ទាត់ដ៏ទាន់សម័យ។ Hyundai ហៅទស្សនវិជ្ជានៃការរចនានេះថា "Art of Steel" (សិល្បៈនៃដែកថែប)។ ខណៈពេលដែលរូបរាងទូទៅមានលក្ខណៈស្រដៀងខ្លាំងទៅនឹង Ford Bronco ប្រភេទទ្វារ4 រថយន្ត Boulder ក៏បានបញ្ចូលនូវធាតុរចនាមួយចំនួនពីរថយន្ត Off-road កម្រិតខ្ពស់ផងដែរ រួមមានបង្អួចលើដំបូលបែប Safari ដែលរំលឹកយើងដល់រថយន្ត Land Rover Defender


លក្ខណៈពិសេសនៃការរចនា

  • ទ្វាររថយន្ត: ទ្វារជួរទីពីរត្រូវបានរចនាឱ្យបើកចំហរទៅក្រោយ (Coach doors) ដើម្បីងាយស្រួលក្នុងការដាក់សម្ភារៈដើរព្រៃដាក់ចូលក្នុងកាប៊ីនបាន
  • ទ្វារកន្ទុយក្រោយ: ជាប្រភេទ Dual-hinged ដែលអាចបើកបានពីសងខាង ហើយកញ្ចក់ក្រោយក៏អាចទម្លាក់ចុះក្រោមបានផងដែរ។
  • សមត្ថភាព Off-road: ទោះបីជា Hyundai មិនទាន់ផ្តល់តួលេខនៃកម្ពស់បាតឡាន ប៉ុន្តែមុំខាងមុខ និងខាងក្រោយ (Approach and departure angles) មើលទៅមានភាពអង់អាចខ្លាំង។ វាបំពាក់ដោយសំបកកង់សម្រាប់ផ្លូវភក់ (Mud-terrain) ទំហំ 37 អ៊ីញ ដែលនឹងជួយបង្កើនសមត្ថភាពកាន់កាប់លើរាល់ស្ថានភាពផ្លូវលំបាកៗ។
  • ផ្នែកខាងក្នុង: បំពាក់ដោយតុបត់ (Tray tables) និងប្រើប្រាស់ប៊ូតុងបញ្ជាពិតៗ (Physical knobs and buttons) ជំនួសឱ្យអេក្រង់ Touchscreen ដែលនេះជាចំណុចគិតគូរខ្ពស់សម្រាប់អ្នកបើកបរ Off-road


ផែនការសម្រាប់ទីផ្សារអាមេរិកខាងជើង

ក្រុមហ៊ុនបានឱ្យដឹងថា Boulder គឺជាការបង្ហាញឱ្យឃើញជាមុននូវរថយន្ត Pickup Truck ប្រភេទ Body-on-frame (គ្រោងឆ្អឹងដាច់ពីតួខ្លួន) នាពេលអនាគត។ ប៉ុន្តែយើងក៏រំពឹងថា រថយន្ត SUV ខ្នាតកណ្តាលដូចជា Boulder នេះ ក៏នឹងក្លាយជាផ្នែកមួយនៃស្រឡាយរថយន្ត Body-on-frame នេះផងដែរ។ Hyundai បញ្ជាក់ថា Platform នេះនឹងត្រូវអភិវឌ្ឍ និងសាងសង់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់ទីផ្សារអាមេរិកខាងជើង។

នៅក្នុងឆ្នាំ 2025 រថយន្ត Pickup Truck ចំនួន 6 ម៉ូដែល ស្ថិតក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំង 25 គ្រឿង ដែលភាគច្រើនជារថយន្តខ្នាតធំ (Full-size) ដូចជា Chevy Silverado, Ford F-150, GMC Sierra និង Ram 1500 ខណៈដែល Toyota Tacoma និង Ford Maverick តំណាងឱ្យផ្នែករៀងៗខ្លួន។ ដូច្នេះហើយ នេះគឺជាផ្នែកទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅក្នុងសហរដ្ឋអាមេរិក ហើយក៏ជាតំបន់ដែល Hyundai អាចទទួលបានចំណែកទីផ្សារគួរឱ្យកត់សម្គាល់ផងដែរ។


កិច្ចខិតខំប្រឹងប្រែងលើរថយន្ត Pickup ពីមុនរបស់ Hyundai គឺម៉ូដែល Santa Cruz (ឡានខ្នាតតូច) មិនទទួលបានជោគជ័យខ្លាំងដូច Ford Maverick ឡើយ។ ប៉ុន្តែជាមួយនឹងតួខ្លួនធំជាងមុន និងលក្ខណៈបច្ចេកទេសខ្ពស់របស់ Boulder វានឹងជួយឱ្យក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ អាចឈានជើងចូលក្នុងទីផ្សាររថយន្ត Pickup ដ៏ពេញនិយម ជាពិសេសក្នុងផ្នែករថយន្តខ្នាតកណ្តាល (Mid-size segment)៕

ប្រភព៖ United State

ប្រែសំរួល៖ Chea SokNang (AC Auto)