Admin, 06 February 2026

             Hyundai Palisade និង Kia Telluride តែងតែមានទំនាក់ទំនងនឹងគ្នាជានិច្ច ដោយសារម៉ាក ទាំងពីរស្ថិតនៅក្រោមដំបូលក្រុមហ៊ុនមេតែមួយ (ប្រទេសកូរ៉េ)។ ទោះជាយ៉ាងណាក៏ដោយ Hyundai និង Kia ត្រូវបានផ្តល់លក្ខណៈសម្គាល់ផ្ទាល់ខ្លួនច្រើនជាងម៉ាករថយន្ត​អាមេរិកកាល​ពីសម័យមុនៗ។

ថ្មីៗនេះ ទាំង Hyundai និង Kia បានណែនាំជំនាន់ទីពីរនៃរថយន្ត SUV ខ្នាតមធ្យមកៅអី ៣ ជួរដ៏ពេញនិយមរបស់ពួកគេ។ Palisade ថ្មីបានចេញលក់សម្រាប់ស៊េរីឆ្នាំ 2026 ខណៈដែល Telluride ថ្មីត្រូវបានដាក់បង្ហាញជារថយន្តស៊េរីឆ្នាំ 2027។ ដើម្បីឱ្យដឹងកាន់តែច្បាស់អំពី ភាពស្រដៀងគ្នា និងភាពខុសគ្នារវាងម៉ូដែលទាំងពីរនេះ យើងមកប្រៀបធៀបទំហំ តម្លៃ គ្រឿងបរិក្ខារ និងចំណុចផ្សេងៗទៀតដូចខាងក្រោម៖

Kia Telluride


ផ្ទៃខាងក្នុងសម្រាប់អ្នកដំណើរ និងការផ្ទុកទំនិញ

រថយន្ត SUV ទាំងពីរនេះមានទំហំធំជាងមុនបន្តិច ដោយប្រើប្រាស់ចម្ងាយពីកង់មុខ​ទៅកង់ក្រោយ 2969.26mm ដូចគ្នា។ ប្រវែងតួខ្លួនសរុបគឺស្ទើរតែដូចគ្នា៖ Kia Telluride មានប្រវែង 5059.68 mm ខណៈដែល Hyundai Palisade មានប្រវែងចន្លោះពី 5059.68mm ដល់ 5090.16 (អាស្រ័យលើប្រភេទម៉ូដែល)។ ចំណែកឯទទឹងវិញ រថយន្តទាំងពីរខុសគ្នា ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

កៅអី 3 ជួរគឺជាស្តង់ដារសម្រាប់ទាំង Kia និង Hyundai។ សម្រាប់កម្រិត Trim ទាប ជួរទីពីរគឺជាកៅអីបង់វែងសម្រាប់មនុស្ស 3 នាក់ ដែលធ្វើឱ្យរថយន្តអាចផ្ទុកបានសរុប 8នាក់។ នៅពេលអ្នកឡើងដល់កម្រិត Trim មធ្យម អ្នកនឹងទទួលបានកៅអីដាច់ដោយឡែក (Bucket seats) នៅជួរទីពីរ ដែលធ្វើឱ្យចំនួនអ្នកជិះសរុបធ្លាក់មកនៅត្រឹម 7 នាក់។

Kia ហាក់ដូចជាមានទំហំផ្ទុកទំនិញ(Cargo Space) ធំជាងបន្តិច។ នៅពេលប្រើប្រាស់ កៅអីទាំងអស់ Telluride ផ្ដល់ផ្ទៃផ្ទុកទំងន់បាន 623Kg ធៀបនឹង 528kg របស់ Palisade។ នៅពេលបត់កៅអីជួរក្រោយ Telluride នៅតែនាំមុខជាមួយទំហំដែលអាចផ្ទុកបានរហូតដល់ 1387kg ធៀបនឹង 1302kg។ ហើយក្នុងករណីបត់កៅអីក្រោយទាំងអស់ Telluride ផ្ដល់ទម្ងន់ ផ្ទុកអតិបរមាដល់ទៅ 2520kg ខណៈ Palisade មាន 2463kg។

Hyundai Palisade


ម៉ាស៊ីន ប្រព័ន្ធបញ្ជូនកម្លាំង និងការអូសសណ្តោង

ទាំង Hyundai និង Kia បានបន្ថែមជម្រើសម៉ាស៊ីន Hybrid នៅក្នុងជំនាន់ថ្មីនេះ។ ម៉ាស៊ីនសាំង-អគ្គិសនីនេះត្រូវបានចែករំលែករវាងម៉ាកទាំងពីរ ដែលរួមមានម៉ាស៊ីន Turbo 4 ស៊ីឡាំង ចំណុះ 2.5 លីត្រ ផ្គួបផ្សំជាមួយប្រអប់លេខអូតូ6 វគ្គល្បឿន និងម៉ូទ័រអគ្គិសនីចំនួនពីរ។ សម្រាប់​ម៉ាស៊ីន Hybrid នេះ ប្រព័ន្ធប៉ុងពីរ (AWD) គឺជាស្តង់ដារ ដោយផ្ដល់កម្លាំង​សរុបដល់ទៅ 329សេះ។

ទោះជាយ៉ាងណា Hyundai Palisade និង Kia Telluride មានភាពខុសគ្នាត្រង់ម៉ាស៊ីនមូលដ្ឋាន (Base engine)៖

  • Hyundai Palisade: បន្តប្រើម៉ាស៊ីន V-6 ចំណុះ 3.5 លីត្រ (Naturally aspirated) ប្រើប្រអប់លេខអូតូ 8 វគ្គ ផ្ដល់កម្លាំង 287 សេះ និងកម្លាំងរមួល 352Nm។
  • Kia Telluride: លែងផ្ដល់ជម្រើស V-6 ទៀតហើយ ប៉ុន្តែប្តូរមកប្រើម៉ាស៊ីន Turbo 4 ស៊ីឡាំង ចំណុះ 2.5លីត្រវិញ ដែលផ្ដល់កម្លាំង 274 សេះ និងកម្លាំងរមួល 421Nm (មានកម្លាំងសេះតិចជាងបន្តិច ប៉ុន្តែកម្លាំងរមួលខ្លាំងជាង Palisade)។

រថយន្តទាំងពីរមានសមត្ថភាពអូសសណ្តោងអតិបរមាប្រហែល 2,267kg។ ចំណែកប្រភេទ Hybrid មានសមត្ថភាពទាបជាងបន្តិច គឺ 2041kg សម្រាប់ Telluride និង 1814kg សម្រាប់ Palisade។

Interior of Kia Telluride Vs Hyundai Palisade


កម្រិតស៊ីប្រេង

ម៉ាស៊ីន Hybrid គឺជាម្ចាស់ជើងឯកផ្នែកសន្សំសំចៃប្រេង។ សម្រាប់ Palisade Hybrid ប្រភេទប៉ុងមុខ (FWD) អាចស៊ីប្រេងត្រឹមតែ 7.13L /100km (ក្នុងក្រុង) និង 6.72L/100km (ផ្លូវឆ្ងាយ)។ សម្រាប់ម៉ាស៊ីនធម្មតា Telluride មានប្រៀបជាង Palisade តែបន្តិចបន្តួចប៉ុណ្ណោះ ទោះបីជាប្រើម៉ាស៊ីន Turbo 4 ស៊ីឡាំងក៏ដោយ។



Cargo of Kia Telluride Vs Hyundai Palisade


សមត្ថភាព Off-Road

ម៉ូដែលសម្រាប់ផ្លូវលំគឺ Palisade XRT Pro និង Telluride X-Pro មានគ្រឿងបរិក្ខារស្រដៀងគ្នា រួមមាន៖ ថាសកង់ 18 អ៊ីញជាមួយសំបកកង់ All-terrain, ឌីផេរ៉ង់ស្យែលក្រោយ (Electronic limited-slip), មុខងារបើកបរ Off-road, ថ្ពក់សម្រាប់អូសសង្គ្រោះ និងប្រព័ន្ធកាមេរ៉ាមើល ក្រោមបាតរថយន្ត។ Telluride X-Pro មានកម្ពស់បាតខ្ពស់ជាងបន្តិច (231.14mm) ធៀបនឹង Palisade XRT Pro (213.36mm) ប៉ុន្តែអ្នកទាំងពីរមិនមានបន្ទះដែកការពារបាតរថយន្ត (Skid plates) ឡើយ៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)