Admin, 13 April 2026

​​​​​​​​                ស្រឡាយរថយន្តអគ្គិសនីម៉ាក Ioniq របស់ក្រុមហ៊ុន Hyundai ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពបើកបរបានឆ្ងាយ ការបញ្ជាចង្កូតដ៏រស់រវើក និងការសាកថ្មបានលឿនក្នុងតម្លៃសមរម្យ។ ប៉ុន្តែម៉ូដែល Ioniq 5, Ioniq 9 និង Ioniq 6 (ដែលទើបបញ្ឈប់ការផលិត) ក៏មានភាពលេចធ្លោខ្លាំងផងដែរតាមរយៈការរចនាបែបអនាគត (Retrofuturistic) ដែលមានចំណុចសម្គាល់ពិសេសគឺ "ភ្លើងបែប Pixel" និងខ្សែបន្ទាត់តួខ្លួនដ៏មុតស្រួច។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះហាក់បីដូចជា Hyundai កំពុងឈានជើងចូលក្នុងយុគសម័យរចនាថ្មីសម្រាប់គ្រួសារ Ioniq របស់ខ្លួន បន្ទាប់ពីបានបង្ហើបនូវរូបភាពរថយន្តគំរូ (Concept) ដ៏គួរឱ្យចាប់អារម្មណ៍ចំនួនពីរគ្រឿង។


បច្ចុប្បន្នមិនទាន់មានព័ត៌មានលម្អិតច្រើននៅឡើយទេ ដោយ Hyundai គ្រាន់តែបានចែករំលែករូបភាពពីរសន្លឹក និងឈ្មោះពីរគឺ៖ រថយន្តគំរូមួយនឹងត្រូវហៅថា Venus ចំណែកឯមួយទៀតនឹងមានឈ្មោះថា Earth។ យើងក៏មានចម្ងល់ដែរថា តើក្រុមហ៊ុន Lucid នឹងមានអារម្មណ៍បែបណា ចំពោះឈ្មោះក្រោយនេះ ព្រោះក្រុមហ៊ុនអាមេរិកមួយនេះក៏កំពុងគ្រោងដាក់ឈ្មោះ Earth សម្រាប់រថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួនដែរ។ អត្ថបទអមជាមួយរូបភាពរបស់ Hyundai បានសរសេរថា៖ "រចនាឡើងដើម្បីជាសេចក្តីថ្លែងការណ៍នៃចក្រវាល។ បង្កើតឡើងសម្រាប់មនុស្សជាតិ។ ជាការកត់សម្គាល់នូវការចាប់ផ្តើមថ្មីមួយទៀតនៃដំណើររឿងដ៏អស្ចារ្យរបស់ Ioniq។"


Hyundai មិនបានបញ្ជាក់ថាឈ្មោះណាជារបស់រូបភាពណានោះទេ ហើយរូបភាពស្រមោលទាំងពីរក៏មិនបានបង្ហាញអ្វីច្រើនដែរ៖

  • រូបភាពទី1: បង្ហាញពីរថយន្តពណ៌មាសពីផ្នែកខាងក្រោយ ដែលមានផ្នែកកណ្តាលនៃកន្ទុយឡានពណ៌ខ្មៅ និងមានចង្កៀងក្រោយរាងស្ដើងសាមញ្ញ។ វាក៏មានស្លាបក្រោយតូច (Lip spoiler) ដែលរត់ព័ទ្ធជុំវិញចំហៀងរថយន្ត និងមានដំបូលរាងស្លុបចុះក្រោម (Fastback)
  • រូបភាពទី2: បង្ហាញពីផ្នែកខាងមុខនៃរថយន្តពណ៌ប្រាក់ ដែលមានចង្កៀងមុខជាបន្ទាត់ LED ផ្ដេកយ៉ាងតូច និងមានធាតុ LED ពីរទៀតដែលផ្គុំគ្នាជារាង "ព្រួញចង្អុលទៅមុខ"។ រចនាប័ទ្មនេះក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈខ្សែបន្ទាត់តួខ្លួននៅផ្នែកខាងមុខទ្វារឡានផងដែរ។ រថយន្តនេះមានច្រមុះ (Hood) ខ្លីខ្លាំង និងមានកញ្ចក់មុខជម្រាលខ្លាំងដែលលយទៅមុខឆ្ងាយ។


យើងមិនទាន់ប្រាកដថា រថយន្តគំរូទាំងនេះនឹងមានរូបរាងជាប្រភេទអ្វីពិតប្រាកដនោះទេ ទោះបីជាបន្ទះជ័រខ្មៅនៅជុំវិញកង់នៃរថយន្តពណ៌ប្រាក់ ធ្វើឱ្យយើងគិតថាវាអាចជារថយន្ត SUV ក៏ដោយ។ រូបរាងបែបដំបូលលយទៅមុខ និងចង្កៀងរាងជ្រុង ក៏រំលឹកយើងអំពីឡានគំរូរបស់ Kia នាពេលថ្មីៗនេះគឺម៉ូដែល Meta Turismo ផងដែរ។ យើងក៏មិនទាន់ដឹងច្បាស់ថា Venus និង Earth នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅពេលណា និងនៅទីណាដែរ ប៉ុន្តែពិព័រណ៍រថយន្តក្រុងប៉េកាំង (Beijing Auto Show) និងសប្តាហ៍រចនាម៉ូដនៅទីក្រុងមីឡាន (Milan Design Week) ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានេះ គឺជាបេក្ខភាពដ៏ស័ក្តិសមបំផុត។ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ប្រភព៖ United State

ប្រែសំរួល៖ Chea SokNang (AC Auto)