Admin, 12 September 2026
IM Motors ដែលជាម៉ាកយីហោរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន SAIC Motor បានបើកការលក់មុន (pre-sales) សម្រាប់រថយន្ត LS6 ជំនាន់ថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាគ្រោងឆ្អឹង និងមុខងារកាប៊ីន ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Tesla Model Y សម្រាប់ក្រុមអ្នកទិញលក្ខណៈគ្រួសារ។
ស្រឡាយនៃការលក់មុននេះ រួមមាន 3 វគ្គជម្រើសប្រភេទអគ្គិសនីសុទ្ធ គឺ — Max, Pro Max និង Ultra — ដែលមានតម្លៃ ប្រហែល 30,970 ដុល្លារអាមេរិក, 34,280 ដុល្លាអាមេរិក និង 39,499 ដុល្លាអាមេរិក រៀងៗខ្លួន។
LS6 គឺជាម៉ូដែលរួមចំណែកការលក់ដ៏សំខាន់សម្រាប់ IM Motors។ ម៉ូដែលថ្មីនេះ គឺជាផលិតផលចុងក្រោយបង្អស់ស្ថិតក្រោមយុទ្ធសាស្ត្រ «NEXT·2028» របស់ម៉ាកយីហោ ដើរតាមរថយន្ត Sedan ម៉ូដែល IM L6 ធ្វើបច្ចុប្បន្នភាព ដែលបានដាក់លក់កាលពីថ្ងៃទី 28 ខែសីហា។ បន្ទាប់ពីព្រឹត្តិការណ៍លក់មុនត្រូវបានបញ្ចប់ភ្លាមៗ ក្រុមហ៊ុន IM Motors បានប្រកាសថាម៉ូដែលនេះទទួលបានការកក់ទុកមុន (pre-orders) ជាង 8,000 គ្រឿង ក្នុងរយៈពេល 45 នាទីដំបូង។
រថយន្ត LS6 ថ្មី ដំឡើងមកជាស្តង់ដារជាមួយស្ថាបត្យកម្មអគ្គិសនីវ៉ុលខ្ពស់ 800V, គ្រោងឆ្អឹងបញ្ជាដោយអគ្គិសនីពេញលេញ (fully by-wire chassis) និងប្រព័ន្ធឆ្លាតវៃ IM Claw AI agent ដោយនាំយកបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ម៉ាកយីហោ ចូលទៅក្នុងទីផ្សាររថយន្ត SUV ប្រភេទ 5 កៅអី។
ប្រព័ន្ធគ្រោងឆ្អឹង គឺជាចំណុចលក់ស្នូលនៃការធ្វើបច្ចុប្បន្នភាពនេះ។ បរិក្ខារស្តង់ដាររួមមាន៖ ប្រព័ន្ធចង្កូតអគ្គិសនី (steer-by-wire), ប្រព័ន្ធហ្វ្រាំងអគ្គិសនី (brake-by-wire) និងប្រព័ន្ធបត់ជើងកង់ទាំងបួន ជាមួយនឹងសមត្ថភាពបត់បាន 18 អង្សារពីរទិសដៅ (bidirectional 18-degree steering)។ IM Motors បាននិយាយថា យានយន្តនេះមានកាំកង់បត់ល្បឿនទាប 4.79 ម៉ែត្រ។
ក្រុមហ៊ុនបានប្រៀបធៀបបច្ចេកវិទ្យានេះ ទៅនឹងប្រព័ន្ធ fly-by-wire របស់យន្តហោះ ហើយកំពុងផ្សព្វផ្សាយម៉ូដែលនេះថាជាការស្រូបទាញយកបច្ចេកវិទ្យាអាកាសចរណ៍។ វគ្គ Ultra ក៏មានបំពាក់ប្រព័ន្ធបូមខ្យល់ (air suspension) និងប្រព័ន្ធបឺតស្រូបរំញ័របត់បែនបញ្ជាដោយអេឡិចត្រនិច (electronically controlled adaptive damping) ផងដែរ។
- វគ្គ Max និង Pro Max៖ ទាំងពីរប្រើប្រាស់ប្រព័ន្ធបើកបរកង់ក្រោយ (RWD) ជាមួយនឹងអាគុយទំហំ 76 kWh និង 93 kWh ដែលផ្តល់ចម្ងាយបើកបរតាមស្តង់ដារ CLTC ចំនួន 650គីឡូម៉ែត្រ និង 782 គីឡូម៉ែត្រ រៀងៗខ្លួន។ ពួកវាអាចស្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 6.4 វិនាទី និង 5.4 វិនាទី។
- វគ្គ Ultra៖ បំពាក់ម៉ូទ័រឌុបប្រភេទ (AWD) និងអាគុយទំហំ 103 kWh ដោយផ្តល់នូវចម្ងាយបើកបរតាមស្តង់ដារ CLTC ចំនួន 750 គីឡូម៉ែត្រ និងរយៈពេលស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ 3.48 វិនាទី។
នៅផ្នែកខាងក្នុងកាប៊ីន IM Motors មានផ្តល់ជូននូវប្រព័ន្ធសំឡេង B&O, កៅអីអ្នកបើកបរមានមុខងារម៉ាសារមេកានិក 4D, អេក្រង់កម្សាន្តអ្នកដំណើរខាងមុខទំហំ 15.6 អ៊ីញ និងទូទឹកកកដែលមានមុខងារកម្តៅ, ត្រជាក់ និងច្រកចូលបើកបានពីរខាង ជាកញ្ចប់អាប់ហ្គ្រេដដោយឥតគិតថ្លៃ ក្នុងរយៈពេលកំណត់។
កញ្ចប់ផ្តល់ជូននេះ បង្ហាញថា IM Motors កំពុងសង្កត់ធ្ងន់លើផាសុកភាព អមដោយសមត្ថភាពបញ្ជាបើកបរ ដែលជាវិធីសាស្ត្រមួយផ្សេងទៀត ដើម្បីទាក់ទាញក្រុមអ្នកទិញលក្ខណៈគ្រួសារ។ យានយន្តនេះ ក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ IM AD Zeta ផងដែរ។ ប្រព័ន្ធ IM Claw agent រួមបញ្ចូលគ្នាននូវគំរូភាសាខ្នាតធំ Qwen របស់ Alibaba និងប្រព័ន្ធអេកូឡូស៊ី AI agent ដោយគាំទ្រការវិភាគបំណងប្រាថ្នាមិនច្បាស់លាស់របស់អ្នកប្រើប្រាស់ និងការចាត់ចែងភារកិច្ចឆ្លងកាត់ AI agent ជាច្រើន។
រថយន្ត IM LS6 ត្រូវ បានដាក់លក់ជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ 2023។ ការធ្វើបច្ចុប្បន្នភាពនាខែកញ្ញា ឆ្នាំ 2025 បានបន្ថែមជម្រើសប្រភេទរថយន្តអគ្គិសនីពង្រីកចម្ងាយ (EREV) ជាលើកដំបូង។
វគ្គជម្រើសប្រភេទអគ្គិសនីសុទ្ធនៃ LS6 ស៊េរីមុន ក៏មានតម្លៃចាប់ផ្តើម 31,298 ដុល្លាអាមេរិក ផងដែរ ក្នុងអំឡុងពេលនៃការលក់មុន មុនពេលតម្លៃចាប់ផ្តើមបានធ្លាក់ចុះមកត្រឹម 29,508 ដុល្លាអាមេរិក ក្នុងការដាក់លក់ផ្លូវការ។ តម្លៃចុងក្រោយសម្រាប់ម៉ូដែលថ្មីនេះ មិនទាន់ត្រូវ បានប្រកាសនៅឡើយទេ។
ការធ្វើបច្ចុប្បន្នភាពនេះ នឹងរក្សាឱ្យ LS6 បន្តការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្ត SUV គ្រួសារដ៏ចពូកចពាន់របស់ប្រទេសចិន ដែលក្នុងនោះគូប្រជែងអគ្គិសនីសុទ្ធរបស់រួមមាន Tesla Model Y និង Zeekr 7X។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
