Admin, 07 February 2026
ប្រសិនបើក្រុមហ៊ុនផលិតរថយន្តកម្រិតខ្ពស់ (Boutique car company) ផលិតរថយន្ត ស៊េរីពិសេស ហើយស៊េរីពិសេសនោះមិនមែនជាពណ៌ខ្មៅ និងការតុបតែងខ្មៅដែល ស្រូបពន្លឺទេនោះ តើវាអាចហៅថាស៊េរីពិសេសបានដែរឬទេ? យានយន្តដែលមាន ពណ៌ខ្មៅសុទ្ធគឺមើលទៅពិតជាអស្ចារ្យណាស់ ដូច្នេះយើងមិនអាចបន្ទោសក្រុមហ៊ុន រថយន្តឡើយចំពោះការផ្ដល់ជូនជម្រើសពណ៌នេះ។
រថយន្តពណ៌ខ្មៅដ៏ទាក់ទាញចុងក្រោយបំផុតក្នុងពិភពរថយន្តនេះ បានមកពីក្រុមហ៊ុន ផលិតរថយន្តប៉ុងពីររាងប្រអប់ Ineos។ សម្រាប់ឆ្នាំ 2026 អតិថិជនរបស់ Ineos អាចបញ្ជាទិញរថយន្ត Grenadier ដែលមានពណ៌ខ្មៅសុទ្ធ ទាំងក្នុងទម្រង់ Station Wagon ឬភីកអាប់ Quartermaster ដោយគ្រាន់តែជ្រើសរើសយកកញ្ចប់ Black Edition ថ្មី។
ដោយចាប់ផ្ដើមចេញពីកម្រិត Fieldmaster ដែលមានបំពាក់គ្រឿងបរិក្ខារផ្ដល់ផាសុកភាព ដូចជា ពូកស្បែក និងកៅអីមុខមានមុខងារកម្ដៅ រួមជាមួយប្រព័ន្ធសំឡេងល្អជាងមុន ចង្កូតស្រោបដោយស្បែក និងបង្អួចដំបូលដែលប៊ើកឡើងលើដ៏ប្លែករបស់ Ineos ផងនោះ សម្រាប់ប្រភេទ Black Edition នេះ នឹងបន្ថែមការតុបតែងផ្នែកខាងក្នុងដោយក្រណាត់ ដំបូលពណ៌ងងឹត និងកម្រាលជើងពណ៌ខ្មៅ ខណៈដែលរូបរាងខាងក្រៅត្រូវបានបាញ់ពណ៌ខ្មៅស្រទុំ (Inky Black)។
ដូចទៅនឹងរថយន្ត Grenadier ប្រភេទផ្សេងទៀតដែរ Black Edition នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានបំពាក់ដោយម៉ាស៊ីន Turbo របស់ BMW ចំណុះ 3.0លីត្រ 6 ស៊ីឡាំងជាជួរ ដែលផ្ដល់ កម្លាំង 281 សេះ និងកម្លាំងរមួល 448Nm ដំណើរការដោយប្រព័ន្ធប្រអប់លេខអូតូ ZF 8 វគ្គល្បឿន និងប្រព័ន្ធបែងចែកកម្លាំង (Transfer case) បែបមេកានិច 2វគ្គ។ រថយន្ត Grenadier ឆ្នាំ 2026 ទាំងអស់ ក៏ទទួលបាននូវការកែលម្អប្រព័ន្ធបញ្ជាចង្កូត ប្រព័ន្ធម៉ាស៊ីន ត្រជាក់ជំនាន់ថ្មី និងមុខងារជំនួយការបើកបរបន្ថែមផងដែរ។
រថយន្តពណ៌ខ្មៅដ៏រឹងមាំនេះ បំពាក់នូវថាសកង់ពណ៌ខ្មៅរលោងទំហំ 18 អ៊ីញ ស្រោបដោយ សំបកកង់ផ្លូវលំ Bridgestone AT002។ ប៉ាណាខាងមុខ សន្លឹកដែកការពារបាតរថយន្ត (Skidplates) និងការតុបតែងផ្សេងៗ សុទ្ធតែជាពណ៌ខ្មៅទាំងអស់ ខណៈដែលកញ្ចក់ខ្មៅ ការពារឯកជនភាព និងប្រអប់ដាក់កង់បម្រុងដែលមានសោរចាក់ការពារ កាន់តែបន្ថែមនូវភាព អាថ៌កំបាំងដល់អ្នកបើកបរ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
