Admin, 13 January 2026

            ប្រធានក្រុមហ៊ុន JAC លោក Xiang Xingchu បានជួបពិភាក្សាជាមួយលោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីរថយន្ត Sedan ប្រណីត Maextro S800 ដែលមានតម្លៃចាប់ពី ប្រហែល 101,310 ដុល្លារ ដែល​ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ក្នុងឱកាសនោះ លោក Ren Zhengfei ក៏ទទួលបានរថយន្តម៉ូដែល S800 នេះជាកាដូផងដែរ។


កាលពីថ្ងៃទី 5 ខែមករា (ឆ្នាំ 2026) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន JAC Group លោក Xiang Xingchu បានដឹកនាំក្រុមការងារទៅកាន់ទីក្រុង Shenzhen ដើម្បីជួបជាមួយស្ថាបនិក Huawei លោក Ren Zhengfei។ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរទស្សនៈ អំពីនិន្នាការនៃការផ្លាស់ប្តូរប្រព័ន្ធឆ្លាតវៃនៅក្នុងឧស្សាហកម្មរថយន្ត ព្រមទាំងពិភាក្សា អំពីវឌ្ឍនភាពនៃគម្រោងសហការ និងផែនការនាពេលអនាគត។

លោក Xiang Xingchu បានប្រគល់រថយន្ត Maextro S800 ជូនលោក Ren Zhengfei ដើម្បីបង្ហាញពីទំនាក់ទំនងដ៏ស្អិតរមួតរវាង JAC និង Huawei។ Maextro S800 គឺជារថយន្ត Sedan កម្រិតខ្ពស់ដែលបានចាប់ផ្តើមចែកចាយតាំងពីខែសីហា ឆ្នាំ 2025។ រថយន្តនេះទទួលបានការកុម្ម៉ង់រហូតដល់ 18,000 គ្រឿង។ ចំនួននៃការចែកចាយសរុបចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ 2025 គឺសម្រេចបាន 11,102 គ្រឿង ដោយក្នុងនោះមាន 4,025 គ្រឿងត្រូវបានចែកចាយក្នុងខែធ្នូតែម្តង។


កាលពីថ្ងៃទី 16ខែធ្នូ រថយន្ត Maextro S800 គ្រឿងទី 10,000 ត្រូវបានប្រគល់ជូនតារា ក្បាច់គុណ និងតារាសម្តែងល្បីឈ្មោះ លោក Jet Li (លី លានជា)។ នេះមានន័យថា Maextro លក់បាន 1,102 គ្រឿងបន្ថែមទៀត ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែធ្នូ 2025។ បរិមាណនៃ ការលក់របស់ Maextro កំពុងកើនឡើងពីមួយខែទៅមួយខែនៅក្នុងប្រទេសចិន ទោះបីជា ម៉ាកយីហោនេះនៅឆ្ងាយពីគោលដៅលក់ 8,300 គ្រឿងក្នុងមួយខែក៏ដោយ។


ព័ត៌មានសង្ខេបអំពី Maextro S800

Maextro S800 គឺជារថយន្ត Sedan ខ្នាតធំដែលត្រូវបានបង្កើតឡើងរួមគ្នាដោយ JAC និង Huawei

  • វិមាត្រ៖ បណ្តោយ 5,480mm / ទទឹង 2,000mm / កម្ពស់ 1,536mm និងមានគម្លាតចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) 3,370mm។
  • ផែ្នកខាងក្នុង៖ បំពាក់អេក្រង់ថាច់ហ្គ្រីនទំហំ 15.6 អ៊ីញ និងអេក្រង់សម្រាប់ អ្នកដំណើរ ខាងមុខទំហំ 16 អ៊ីញ។ កញ្ចក់កន្លែងអ្នកដំណើរខាងក្រោយអាចសារ៉េកម្រិតពន្លឺ (dim) បានដោយគ្រាន់តែគ្រវីដៃ។
  • ជម្រើសម៉ាស៊ីន៖
    • ប្រភេទអគ្គិសនីសុទ្ធ (BEV): ប្រើម៉ូទ័រពីរ កម្លាំង 390 គីឡូវ៉ាត់ (523 សេះ) អាគុយទំហំ 95 គីឡូវ៉ាត់ម៉ោង បើកបរបានចម្ងាយ 702 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
    • ប្រភេទ EREV (ប្រើម៉ាស៊ីនសាំងជំនួយសាកថ្ម): មានជម្រើសម៉ូទ័រពីរ (390 គីឡូវ៉ាត់) និងម៉ូទ័របី (635 គីឡូវ៉ាត់ ឬ 852 សេះ)។ វាប្រើម៉ាស៊ីនសាំង 1.5 លីត្រសម្រាប់បង្កើតថាមពលអគ្គិសនី និងមានអាគុយ 65 គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយពី 365ទៅ 400 គីឡូម៉ែត្រ។

តម្លៃរបស់ Maextro S800 គឺស្ថិតនៅចន្លោះប្រហែលពី 101,310 ដល់ 145,665 ដុល្លារអាមេរិក)។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)