Admin, 02 October 2026

            រថយន្ត Jetour Zongheng G700 ស៊េរីឆ្នាំ 2027 (ដែលត្រូវ បានហៅជាអន្តរជាតិថា Jetour G700) របស់ក្រុមហ៊ុន Chery បានចូលខ្លួនមកកាន់ទីផ្សារជាផ្លូវការ ដោយមានបំពាក់ប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun ADS 5.0។ ម៉ូដែលថ្មីនេះ មានផ្តល់ជូនជាមួយតម្លៃចាប់ផ្តើមពី ប្រហែល 48,500 ដុល្លារអាមេរិក)។

ការរចនា និងវិមាត្រ

ម៉ូដែលស៊េរីឆ្នាំ 2027 នេះ នៅតែរក្សាបាននូវរូបរាងរឹងមាំ និងជាអត្តសញ្ញាណដើមរបស់ជំនាន់មុន រួមទាំងប្រអប់ «កាបូបស្ពាយ» សម្រាប់ទុកកង់បម្រុងនៅផ្នែកខាងក្រោយផងដែរ។ ការធ្វើបច្ចុប្បន្នភាព រួមមាន៖ ការរចនាប៉ាណាមុខឱ្យកាន់តែស្អាតបាត, រចនាបថយ៉ាន់កង់ថ្មី និងកាងមុខ/ក្រោយ រួមទាំងជើងស្កឺតខាងចំហៀងដែលមានពណ៌ដូចគ្នានឹងតួខ្លួន។ យានយន្តនេះនៅតែរក្សាវិមាត្រដើមរបស់ខ្លួន៖ ប្រវែង 5,198 មីឡីម៉ែត្រ, ទទឹង 2,050 មីឡីម៉ែត្រ និងកម្ពស់ 1,956 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,870 មីឡីម៉ែត្រ។

បរិវេណខាងក្នុង និងបច្ចេកវិទ្យា

កាប៊ីនខាងក្នុង ត្រូវ បានធ្វើអាប់ហ្គ្រេដដោយប្រើប្រាស់សម្ភារទន់ៗប្រណីត និងការរួមផ្សំពណ៌ថ្មីៗ។ តាបឡូមុខឡាន លេចធ្លោដោយអេក្រង់ធំ «Horizon» ទំហំ 35.4 អ៊ីញ ផ្គូរផ្គងជាមួយអេក្រង់បញ្ជាកណ្តាលកម្រិត 2.5K ទំហំ 15.6 អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8255។ មុខងារផាសុកភាព រួមមាន៖ ប្រព័ន្ធសាកថ្មឥតខ្សែ 50W ចំនួនពីរនៅផ្នែកខាងមុខ, ទូទឹកកកភ្ជាប់ក្នុងឡាន និងប្រព័ន្ធបាស Lexicon។

ទម្រង់ប្លង់កៅអី រួមមាន ជម្រើសប្រភេទ 5 កៅអី និង 6 កៅអី។ កៅអីជួរមុខ មានផ្តល់ជូនមុខងារកម្តៅ, ប្រព័ន្ធខ្យល់បក់ និងមុខងារម៉ាសារ។ ម៉ូដែល 6 កៅអី មានបំពាក់កៅអីទម្ងន់ស្មើសូន្យ (zero-gravity seats) នៅជួរទីពីរ ខណៈដែលម៉ូដែល 5 កៅអី មានបំពាក់អេក្រង់កម្សាន្តព្យួរនៅលើដំបូល។

សមត្ថភាព និងសមត្ថភាពបើកបរផ្លូវលំបាក

G700 នៅតែបន្តប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ម៉ាស៊ីនសាំង 2.0T ជាមួយកម្លាំងទិន្នផលសរុប 665 kW (892 សេះ)។ វគ្គជម្រើសចំនួនបី ដែលមានចម្ងាយបើកបរ 150 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (122 គីឡូម៉ែត្រ WLTP) ប្រើប្រាស់កញ្ចប់អាគុយ LFP ទំហំ 34.13 kWh ពីក្រុមហ៊ុន CATL ខណៈដែលវគ្គជម្រើសចំនួនពីរ ដែលមានចម្ងាយបើកបរ 260 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (211 គីឡូម៉ែត្រ WLTP) ប្រើប្រាស់កញ្ចប់អាគុយ Ternary Lithium ទំហំ 59.45 kWh ពីក្រុមហ៊ុន CATL។ សមត្ថភាពបើកបរផ្លូវលំបាក (Off-road) ត្រូវ បានរក្សាទុកតាមរយៈប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែល (locking differentials) មុខ/ក្រោយ, ប្រព័ន្ធចាក់សោថាមពលកណ្តាល, របៀបបើកបរគ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធបូមខ្យល់។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)