Admin, 05 June 2026
នៅពេលដែលមនុស្សភាគច្រើនគិតថា ម៉ូតូ 2 តង់ (two-stroke) ជិតក្លាយជាអតីតកាលទៅហើយនោះ ក្រុមហ៊ុន Kawasaki បាននាំយកបច្ចេកវិទ្យាមួយនេះត្រឡប់មកដណ្តើមការចាប់អារម្មណ៍យ៉ាងខ្លាំងឡើងវិញ តាមរយៈការដាក់បង្ហាញម៉ូតូប្រើប្រព័ន្ធបាញ់សាំងអេឡិចត្រូនិច (fuel-injected) ថ្មីស្រឡាងចំនួនពីរម៉ូឌែលសម្រាប់ឆ្នាំ 2027។
ក្រុមហ៊ុនផលិតរបស់ជប៉ុនមួយនេះ បានបញ្ជាក់ពីការវិលត្រឡប់មកកាន់ទីផ្សារម៉ូតូ 2តង់ខ្នាតធំវិញ ជាមួយនឹងម៉ូឌែល KX327 សម្រាប់ប្រណាំងលើផ្លូវដី (motocross) និងម៉ូឌែល KX327X សម្រាប់បើកបរផ្លូវលំបាក (enduro) ដែលនេះជាការឈានជើងចូលក្នុងវិស័យនេះជាថ្មីយ៉ាងពិតប្រាកដលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនទសវត្សរ៍។
ទោះបីជាគំនិតនៃការបង្កើតម៉ូតូ 2 តង់ថ្មី ស្តាប់ទៅដូចជាការរំលឹកអនុស្សាវរីយ៍ចាស់ៗ ប៉ុន្តែបច្ចេកវិទ្យាដែលបំពាក់នៅលើម៉ូតូទាំងពីរនេះគឺទំនើបបំផុត។ បេះដូងនៃម៉ូតូទាំងពីរគឺ ម៉ាស៊ីន 2តង់ ស៊ីឡាំងទោល ប្រើប្រព័ន្ធបាញ់សាំងអេឡិចត្រូនិចដំបូងបង្អស់របស់ Kawasaki។ នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ម៉ាកយីហោដែលធ្លាប់បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើផ្លូវ Off-road ជាមួយម៉ាស៊ីន 2 តង់ទម្ងន់ស្រាល និងមានកម្លាំងស្ទុះខ្លាំង មុនពេលដែលបទប្បញ្ញត្តិការបញ្ចេញផ្សែង និងតម្រូវការទីផ្សារបានរុញច្រានឧស្សាហកម្មនេះឱ្យងាកទៅរកម៉ាស៊ីន 4 តង់ (four-strokes) វិញ។
បច្ចេកវិទ្យាម៉ាស៊ីនទំនើប
ម៉ាស៊ីនកម្លាំង 327cc ថ្មីនេះ រួមបញ្ចូលគ្នារវាងប្រព័ន្ធបាញ់សាំងឌុប (dual-injection) ជាមួយនឹងវ៉ាល់បញ្ជាផ្សែងដែលគ្រប់គ្រងដោយប្រព័ន្ធអេឡិចត្រូនិច (electronically controlled exhaust power valve) ដែលត្រូវបានអះអាងថា ផ្តល់នូវការឆ្លើយតបដៃហ្គាបានរហ័សទាន់ចិត្ត និងអារម្មណ៍បើកបរស្រាលស្រទន់ ព្រមទាំងលុបបំបាត់បញ្ហាស្នួលមួយចំនួនដែលតែងតែកើតមានលើម៉ូតូ 2 តង់កាលពីមុន។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ អ្នកបើកបរមិនចាំបាច់ពិបាកសារ៉េប៊ិកសាំង (jetting) ទៅតាមការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុទៀតឡើយ ព្រោះ Kawasaki បានបញ្ជាក់ថា ប្រព័ន្ធបាញ់សាំងអេឡិចត្រូនិចនឹងកែសម្រួលដោយស្វ័យប្រវត្តទៅតាមកម្ពស់ដី និងអាកាសធាតុ ដើម្បីរក្សាសមត្ថភាពម៉ាស៊ីនឱ្យមានស្ថិរភាពល្អ ទោះបីជាអ្នកកំពុងជិះនៅតំបន់វាលទំនាបកម្រិតទឹកសមុទ្រ ឬនៅលើភ្នំខ្ពស់ក៏ដោយ។
- ប្រព័ន្ធបញ្ឆេះ: ប្រើប្រព័ន្ធ Electric start ជាស្តង់ដារ។
- របៀបកំណត់កម្លាំង: មានប៊ូតុងនៅលើដៃចង្កូតសម្រាប់ជ្រើសរើសរបៀបកម្លាំងម៉ាស៊ីន (power mode) ទៅតាមស្ថានភាពផ្លូវ។
- កាត់បន្ថយរំញ័រ: មានបំពាក់ប្រព័ន្ធទប់លំនឹងអ័ក្សទោល (single-shaft balancer) ដើម្បីកាត់បន្ថយការញ័រ និងធ្វើឱ្យការបញ្ជូនកម្លាំងម៉ាស៊ីនកាន់តែរលូន។
លក្ខណៈខុសគ្នារវាងម៉ូឌែលទាំងពីរ
1. Kawasaki KX327X (សម្រាប់ផ្លូវលំបាក Enduro / Cross-country)
- ធុងសាំង៖ មានចំណុះ 8.5 លីត្រ។
- ប្រអប់លេខ៖ ប្រើប្រាស់ប្រអប់លេខ 6 វគ្គ ជាមួយលេខ 1 ខ្លីខ្លាំង (ultra-low first gear) ងាយស្រួលឡើងទួលចោត។
- ប្រព័ន្ធបញ្ជាអំប៊្រីយ៉ា៖ ប្រើប្រព័ន្ធអ៊ីដ្រូលីក (Hydraulic clutch)។
- ទំហំកង់៖ ប្រើប្រាស់កង់ក្រោយទំហំ 18 អ៊ីញ។
- គ្រោងឆ្អឹង និងប្រព័ន្ធជើងក្រោម៖ ប្រើប្រាស់ប្រព័ន្ធបូម KYB, ប្រព័ន្ធហ្វ្រាំង Nissin និងគ្រោងឆ្អឹងអាលុយមីញ៉ូមព័ទ្ធជុំវិញ (aluminium perimeter frame) របស់ Kawasaki។
2. Kawasaki KX327 (សម្រាប់ប្រណាំង Motocross)
- ចែករំលែកគ្រឿងបំពាក់ និងគ្រឿងបន្លាស់ភាគច្រើនដូចទៅនឹងម៉ូឌែល X ដែរ។
- ប្រអប់លេខ៖ ប្តូរមកប្រើប្រាស់ប្រអប់លេខ 5 វគ្គ វិញ។
- ទំហំកង់៖ ប្រើប្រាស់កង់ក្រោយទំហំ 19 អ៊ីញ ដែលសមស្របបំផុតសម្រាប់ការប្រណាំងនៅលើទីលាន។
ម៉ូឌែលទាំងពីរនេះសុទ្ធតែមានបំពាក់ដៃចង្កូតម៉ាក Renthal, វង់កង់ម៉ាក Excel និងមានប្រព័ន្ធភ្ជាប់ទំនាក់ទំនងជាមួយទូរស័ព្ទដៃតាមរយៈកម្មវិធី Rideology របស់ Kawasaki ផងដែរ។
ម៉ូឌែល KX327 និង KX327X ថ្មីនេះ ត្រូវបានគ្រោងទុកថានឹងមានវត្តមាននៅតាមភ្នាក់ងារចែកចាយចាប់ពី ខែមករា ឆ្នាំ 2027 តទៅ ខណៈដែលតម្លៃសម្រាប់ទីផ្សារចក្រភពអង់គ្លេសមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
The OG KX250SR from the 2001 Supercross season
The Kawasaki KX327X enduro bike
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
