Admin, 04 October 2026
ក្រុមហ៊ុន Kawasaki បានប្រកាសពីការអាប់ដេតធំៗលើម៉ូតូកម្លាំងមធ្យម Ninja 650 របស់ខ្លួន ហើយខុសប្លែកពីម៉ូឌែលជាច្រើនទៀតនៅក្នុងខ្សែស្រឡាយម៉ូតូរបស់ខ្លួន វាទទួលបានច្រើនជាងត្រឹមតែជម្រើសពណ៌ថ្មី។
ម៉ូឌែលឆ្នាំ 2027 នឹងមានជា 3 ជម្រើសពណ៌ រួមមានពណ៌បៃតង Lime Green និងពណ៌ប្រផេះបៃតង Metallic Matte Graphenesteel Gray/Metallic Spark Black ដែលយកចេញពីឆ្នាំ 2026 ព្រមទាំងជម្រើសពណ៌ថ្មី Metallic Flat Spark Black/Metallic Carbon Gray។
ប៉ុន្តែការផ្លាស់ប្តូរដ៏សំខាន់ជាងនេះ គឺផ្តោតលើការអាប់ដេតប្រព័ន្ធបូម និងប្រព័ន្ធហ្វ្រាំងរបស់ Ninja 650។
ការអាប់ដេតប្រព័ន្ធបូម និងហ្វ្រាំង
ការផ្លាស់ប្តូរភាគច្រើនគឺស្ថិតនៅផ្នែកខាងមុខ ដោយមានបូមមុខបញ្ច្រាស Showa SFF-BP (Separate Function Front Fork – Big Piston) ទំហំ 37mm ថ្មី មកជំនួសឱ្យប្រព័ន្ធបូមធម្មតា (telescopic setup) ដែលធ្លាប់ប្រើលើម៉ូឌែលមុន។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធទប់ (damping pressure) របស់ម៉ូតូ ខណៈពេលដែលផ្តល់នូវការគ្រប់គ្រងកាន់តែល្អសម្រាប់អ្នកជិះ។ ប្រព័ន្ធបូមខាងក្រោយក៏ត្រូវបានអាប់ដេតបន្តិចបន្តួចផងដែរ ជាមួយនឹងកម្រិតរ៉ឺស័រថ្មី (new rear spring rate)។
ការផ្លាស់ប្តូរលើប្រព័ន្ធហ្វ្រាំងរបស់ម៉ូតូក៏ត្រូវបានធ្វើឡើងផងដែរ ដោយ Ninja 650 ទទួលបានដង្កាប់ហ្វ្រាំងប្រភេទ Radial-mount ជំនួសឱ្យដង្កាប់ហ្វ្រាំង Axial-mount កាលពីមុន។ ដង្កាប់ហ្វ្រាំង Radial-mount គឺមានភាពរឹងមាំ និងមាំទាំជាងដង្កាប់ហ្វ្រាំង Axial-mount ដែលជាទូទៅជាជម្រើសដង្កាប់ហ្វ្រាំងដែលគេនិយមប្រើក្នុងការប្រកួតប្រជែងល្បឿនផងដែរ។
ដង្កាប់ហ្វ្រាំង Radial-mount មានផ្ទៃដំឡើងស្របគ្នានឹងខ្សែអ័ក្សកណ្តាលនៃប៊ីស្តុង ដែលត្រូវបានរចនាឡើងដើម្បីការពារការផ្អៀង ជួយកាត់បន្ថយការសឹកមិនស្មើ និងបង្កើនភាពរឹងមាំសរុប។
Ninja 650 ក៏ទទួលបានដង្កាប់ហ្វ្រាំង 4 ស៊ីឡាំង (four-piston calipers) ជំនួសឱ្យដង្កាប់ហ្វ្រាំង 2 ស៊ីឡាំងដែលធ្លាប់ប្រើកាលពីមុន។ ទោះបីជាមើលទៅមិនមានការផ្លាស់ប្តូរផ្នែករូបរាងក៏ដោយ ម៉ូឌែលអាប់ដេតថ្មីនេះទទួលបានកាំងភក់មុខដែលបានរចនាឡើងវិញ ដែលមានទំហំទូលាយជាងមុន ហើយដូច្នេះវាគ្របដណ្តប់លើបំពង់ខាងក្រៅនៃបូមបានច្រើនជាងមុន។
បច្ចេកវិទ្យា និងកែបម៉ូតូ
ជាចុងក្រោយ Kawasaki បានផ្តល់ជូននូវប្លង់រចនាថ្មីសម្រាប់អេក្រង់ពណ៌ TFT ទំហំ 4.3 អ៊ីញ សម្រាប់ឆ្នាំ 2027 ខណៈដែលការភ្ជាប់ទំនាក់ទំនងជាមួយទូរស័ព្ទដៃតាមរយៈកម្មវិធី Rideology App ឥឡូវនេះគាំទ្រមុខងារចង្អុលទិសដៅ (navigation) និងមុខងារបញ្ជាដោយសំឡេង (voice command)។ បន្ថែមពីនេះ Ninja 650 ទទួលបានកែបអង្គុយទាបជាងមុន ដែលមានកម្ពស់ត្រឹមតែ 785 មីលីម៉ែត្រ (785mm) ប៉ុណ្ណោះ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
